បាង កា​យ៉ាក និង​ឃី​ម ឌី​ម៉ា ប៉ះ​ថៃ​ថ្ងៃអាទិត្យ​នៅ​លើ​សង្វៀន Ganzburg Top Fighter

រាជធានី​ភ្នំពេញ ៖ ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ក៏​នឹង​មានការ​ប្រដាល់​អន្តរជាតិ​ចំនួន​៤​គូ​នៅ​ថ្ងៃអាទិត្យ ​ទី​១៧ កក្កដា ខានស្អែក​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ ក្នុង​ចំណោម​កីឡាករ​កម្ពុជា​៤​រូប​ដែល​ត្រូវ​ស្វាគមន៍​ថៃ គេ​កត់​សម្គាល់ថា ជើង​ខ្លាំង​២​រូប​គឺ​បាង កា​យ៉ាក និង​ឃី​ម ឌី​ម៉ា ត្រូវ​គេ​ឱ្យ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​តែ​មួយ។

សម្រាប់​ព្រឹត្តិការណ៍​«Ganzburg Top Fighter» ដែល​ចាប់ផ្ដើម​ពី​ម៉ោង​៨​ព្រឹក កីឡាករ  បាង កា​យ៉ាក  មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ នឹង​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យ៉​ត ភី​ត​អេក និង​កីឡាករ ឃី​ម ឌី​ម៉ា មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ហ្វា មី​ឆៃ ។ ថ្វី​ដ្បិត​ទើបតែ​ប្រកួត​បាន​៥៥​លើក ឈ្នះ​៥៤​លើក និង​ចាញ់​​១​លើក តែ​កីឡាករ​បាង កា​យ៉ាក ត្រូវ​គេ​ដឹង​ជា​ទូទៅ​ថា​ទទួល​បានការ​ផ្ដល់​តម្លៃ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អ្នក​ស្នេហា​កីឡាប្រដាល់​ថា​លោក​នឹង​ឈ្នះ​លើ​គូប្រកួត​ជា​ជន​ជាតិ​ថៃ បើ​ទោះជា​ជើង​ខ្លាំង​ថៃ​ធ្លាប់​ប្រកួត​បាន​៦៥​លើក ឈ្នះ​៥៩​លើក ចាញ់​៦​លើក​នៅ​លើ​សង្វៀន​ក្តី ។ ទោះបី​យ៉ាងណា មន្ត្រី​ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឱ្យមក​ប្រកួត​ក៏​មាន​ជំនឿ​ចិត្ត​ទៅ​លើ​កីឡាករ​ថៃ យ៉​ត ភី​ត​អេក ដូច​គ្នា​ផង​ដែរ ដោយ​អះអាង​ថា គេ​ប្រកួត​បាន​តិច​ជាង​មែន​ប៉ុន្តែ​សមត្ថភាព​គេ​ខ្លាំង​។ មិន​ខុស​គ្នា​ដែរ​កីឡាករ ឃី​ម ឌី​ម៉ា ដែល​ធ្លាប់​ប្រកួត​បាន​៧៩​លើក ឈ្នះ​៦៥​លើក ចាញ់​១២​លើក និង​ស្មើ​២​លើក ក៏​មាន​ជំនឿ​ចិត្ត​ថា​ឈ្នះ​ផង​ដែរ បើ​ទោះជា​កីឡាករ​ថៃ​ជា​គូប្រកួត​ធ្លាប់​ប្រកួត​បាន​៦១​លើក ឈ្នះ​៥១​លើក ចាញ់​៩​លើក និង​ស្មើ​១​លើក​។ គូ​នេះ​មាន​អ្នក​ឃ្លាំមើល​ច្រើន​ដោយសារ​តែ​កីឡាករ​ថៃ​ក៏​ខ្លាំង ហើយ​កីឡាករ​កម្ពុជា​ក៏​មិនធម្មតា ។

ការ​ប្រកួត​របស់​កីឡាករ​កម្ពុជា​ទាំង​ពីរ​ត្រូវ​គេ​មើលឃើញ​កន្ត្រាក់​អារម្មណ៍​អ្នក​ទស្សនា​ឱ្យ​ចង់​តាមដាន​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​បាង កា​យ៉ាក និង​ឃី​ម ឌី​ម៉ា សុទ្ធតែ​ល្បីឈ្មោះ និង​មាន​ស្នាដៃ​ស៊ី​លើ​កីឡាករ​ថៃ​រាប់​មិន​អស់​នៅ​លើ​សង្វៀន ។ ម្យ៉ាង​កីឡាករ​ទាំង​ពីរ​គេ​កម្រ​ឃើញ​បាន​ឡើង​រេញ​អន្តរជាតិ​ប៉ះ​គ្នា​បែប​នេះនោះ​ផង​ទើប​អ្នក​ស្នេហា​កីឡាប្រដាល់​ភាគច្រើន​ផ្ដោត​ការ​ចាប់អារម្មណ៍ ។ អ្នកគាំទ្រ​អ្នក​ទាំង​ពីរ​រំពឹង​ច្រើន​ថា ការ​ប្រកួត​សម្រាប់​ព្រឹកស្អែក​នឹង​ជួយ​ឱ្យ​ពួក​គេ​ឈ្នះ បើ​ទោះជា​កីឡាករ​ថៃ​ក៏​ត្រូវ​គេ​ឃើញ​មាន​សមត្ថភាព​មិនធម្មតា ។ ការ​ប្រកួត​គូ​អន្តរជាតិ​ទាំង​ពីរ​នឹង​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ហើយ​បើ​កីឡាករ​បាង កា​យ៉ាក និង​ឃី​ម ឌី​ម៉ា ជា​អ្នក​ឈ្នះ​ទៀត​គឺ​អ្នកគាំទ្រ​ពិតជា​អស់ចិត្ត ។

នៅ​ថ្ងៃអាទិត្យ​នោះ​ដែរ ​ក៏​មានការ​ប្រកួត​អន្តរជាតិ​ចំនួន​២​គូ​ផ្សេង​ទៀត​ផង​ដែរ សម្រាប់​ពេល​រសៀល​ដូច​ជា​កីឡាករ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ផា យ៉ាក់​ណ​យ  និង​កីឡាករ ផង់ សុភាព មក​ពី​ក្លិប​រាជសីហ៍​ខេត្ត​រតនៈគីរី ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផ្លា​យ ណ​យ ។ ការ​ប្រកួត​របស់​ទាំង​ពីរ មិន​គ្រាន់តែ​ជា​ការ​ប្រកួត​ចាញ់​ឈ្នះ​ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​សម្រាប់​បោះ​ជំហាន​ទៅ​រក​ការ​ដណ្ដើម​ចំណាត់ថ្នាក់​ជើងឯក​ផង​ដែរ ។ អ្នក​ទាំង​៤​នឹង​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​អន្តរជាតិ​ស្រា​បៀរ​កម្ពុជា​លើក​ទី​២​ចាប់ពី​ម៉ោង​២​រសៀល​ទៅ បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ ក៏​ដំណើរការ​បាន​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ដែល​កាន់តែ​កៀក​នឹង​ដល់កំណត់​ប្រកួត​ឆ្លង​ពូ​ល ។

ឆ្លងកាត់​ការ​ប្រកួត​បាន​១១៥​លើក ឈ្នះ​៩០​លើក ចាញ់​២១​លើក និង​ស្មើ​៤​លើក កីឡាករ មឿ​ន សុខ​ហ៊ុ​ច សង្ឃឹម​ខ្ពស់​ដាច់​ឆ្ងាយ ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ប្រកួត​បាន​តែ​៨២​លើក ឈ្នះ​៦៩​លើក ចាញ់​១២​លើក និង​ស្មើ​១​លើក ដែល​មាន​ន័យ​ថា​មិន​មានបទពិសោធន៍​ដូច​ខ្លួន ។ មួយគូ​ទៀត កីឡាករ ផង់ សុភាព ធ្លាប់​ប្រកួត​បាន​៧៣​លើក ឈ្នះ​៥៩​លើក ចាញ់​១២​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ប្រកួត​បាន​ដល់​១០៣​លើក ឈ្នះ​៨១​លើក ចាញ់​១៨​លើក និង​ស្មើ​៤​លើក ទើប​អ្នកគាំទ្រ​ហាក់​មិន​មាន​ទំនុកចិត្ត​កីឡាករ​ខាង​កម្ពុជា​ច្រើន​ទេ បើ​ទោះជា​គេ​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់ ៕