ទំពារ​ស្ករ​កៅស៊ូ​អាចជួយ​កំទេច​ជាង ១០០ លាន បាក់តេរី​

តាមការសិក្សាស្រាវជ្រាវរបស់ពួកអ្នកវិទ្យាសាស្ត្រហុល្លង់ នៅសកលវិទ្យាល័យ Groninger ទើបបានប្រកាសផ្សាយលើទស្សនាវដ្តី Plos ថ្មីៗនេះ បានបង្ហាញថា ការទំពាស្ករកៅស៊ូអាចជួយកម្ចាត់ចោលពពួកបាក់តេរីមានគ្រោះថ្នាក់ក្នុងមាត់ ។

ក្រោយលទ្ធផលនៃការស្រាវជ្រាវ, ពួកអ្នកវិទ្យាសាស្ត្រសំណូមពរអ្នកចូលពិសោធន៍ទំពាស្ករកៅស៊ូ ក្នុងរង្វង់ ១០ នាទី ។ តាមរយៈកែវពង្រីកអេឡិចត្រូនិក ពួកអ្នកវិទ្យាសាស្ត្រឃើញថា មានបាក់តេរីប្រមាណ ១០០ លាន បានត្រូវស្អិតជាប់ស្ករកៅស៊ូ ហើយបរិមាណនេះបន្តកើនឡើង ទៅតាមពេលវេលា ។ បរិមាណនេះប្រហាក់ប្រហែល ១០% អតិសុខុមប្រាណ មានក្នុងទឹកមាត់របស់មនុស្ស ។ ផលប្រយោជន៍របស់ការទំពាស្ករកៅស៊ូ គឺជិតស្មើនឹងការប្រើអំបោះអនាម័យទាក់ឆ្មេញ ។

ប៉ុន្តែ ពួកអ្នកវិទ្យាសាស្ត្រទូន្មានថា មិនត្រូវទំពារស្ករកៅស៊ូយូរពេក ព្រោះវាអាចនាំបាក់តេរីត្រលប់ទៅអញ្ចាញឆ្មេញវិញ ។ ការស្រាវជ្រាវបង្ហាញថា ការកម្ចាត់ចោលបាក់តេរីពេលទំពាស្ករកៅស៊ូ មានប្រសិទ្ធភាពបំផុតរង្វង់ ៣០ វិនាទី ដំបូង និងបាត់ទៅវិញសន្សឹមៗ បន្ទាប់ពីនោះ ។

ពួកគេបញ្ជាក់ថា ស្ករកៅស៊ូដែលគ្មានជាតិស្ករត្រូវបានចាត់ទុកជាជំរើសប្រសិទ្ធភាពបំផុត ព្រោះជាតិស្ករក្នុងស្ករកៅស៊ូ អាចបង្កស្ថានភាពដង្កូវស៊ីឆ្មេញ និងបង្កើនបរិមាណបាក់តេរីក្នុងក្រអូមមាត់ ៕


Related Posts