បុរស​ម្នាក់ លេប​ថ្នាំ​បាញ់​ស្មៅ​សម្លាប់​ខ្លួន ព្រោះ​ខឹង​ប្រពន្ធ​ និង​ម្តាយ ​​

បុរស​ម្នាក់ លេប​ថ្នាំ​បាញ់​ស្មៅ​សម្លាប់​ខ្លួន ព្រោះ​ខឹង​ប្រពន្ធ​ និង​ម្តាយ ​​



ឧត្តរមានជ័យ ​៖ នៅ​វេលា​ម៉ោង​១០​និង​១៥​នាទី ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​ខ្ទុំ សង្កាត់​កូនក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​កើត​ករណី​ធ្វើ​អត្តឃាត​ ដោយ​លេប​ថ្នាំ​ពុល​សម្លាប់​ខ្លួនឯង​បណ្ដាល​ឲ្យ​ស្លាប់​​​​​ ​ព្រោះ​តែ​រឿង​ខឹង​ប្រពន្ធ ​និង​ម្ដាយ។

សមត្ថកិច្ច​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ រី រី​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ ​រស់នៅ​ភូមិ/ ឃុំ កើតហេតុ​ខាងលើ បាន​យក​ថ្នាំ​បាញ់​ស្មៅ​សម្លាប់​សត្វល្អិត ឈ្មោះ Videei ចំណុះ​១០០​ម​.​ល​​ ​មក​ផឹក។

សមត្ថកិច្ច​ប៉ូលិស​បាន​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះទៅ​កន្លែង​កើតហេតុ​ធ្វើការ​ពិនិត្យ​ទៅលើ​​​សព​ឃើញ​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​លេប​ថ្នាំ​ពុល​ពិតប្រាកដ​មែន។

បើ​តាម​ប្រជាពលរដ្ឋ​ ដែល​បាន​ដឹង​​ហេតុការណ៍ ​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​តែងតែ​ដើរ​ផឹកស៊ី​មិនសូវ​គិត​ពី​ការងារ​នោះ​ទេ ហើយ​ពេល​ផឹក​ស្រវឹង​ម្តងៗ ​ប្រពន្ធ ​និង​ម្តាយ​បង្កើត​ តែងតែ​ស្ដីបន្ទោស​ខ្លាំងៗ​ ព្រោះ​មិន​ជួយ​ធ្វើ​ការងារ​ក្នុង​គ្រួសារ៕