តៃកុង​អា​អ៊ិ​ច​កាយ​យក​គោម​ត្នោត​មិន​ប្រយ័ត្ន​ ត្រូវ​កៀប​នឹង​កាប៊ីន​ស្លាប់​

តៃកុង​អា​អ៊ិ​ច​កាយ​យក​គោម​ត្នោត​មិន​ប្រយ័ត្ន​ ត្រូវ​កៀប​នឹង​កាប៊ីន​ស្លាប់​



ភ្នំពេញ ​៖​ តៃកុង​អា​អ៊ិ​ច​ម្នាក់ ​ឃ្លាន​គោម​ត្នោត​ ក៏​យក​អា​អ៊ិ​ច​ទៅ​កាយ ត្រូវ​បូម​អា​អ៊ិ​ច​រេ​កៀប​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ទួល​លោកតា​គោល ភូមិ​កាន់​ទ្រង់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។

ជនរងគ្រោះ​ក្នុង​ហេតុការណ៍​នេះ ឈ្មោះ បឿន វ​ណ្ណៈ ភេទ ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ ជា​អ្នកស៊ី​ឈ្នួល​បើក​អា​អ៊ិ​ច​កាយ​ដី​ឲ្យ​គេ មាន​អាសយដ្ឋាន​ផ្ទះ​គ្មាន​លេខ ភូមិ ព្រៃ​ស្វាយ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ត្រូវ​អា​អ៊ិ​ច​ដែល​កំពុង​បញ្ជា​រេ​កៀប​នឹង​កា​ប៊ីន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​។

ប្រភពពី​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​បើក​អា​អ៊ិ​ច​ទៅ​កាយ​ដី​ឲ្យ​គេ​នៅ​ចំណុច​ទួល​លោកតា​គោល ភូមិ​កាន់​ទ្រង់ សង្កាត់​ព​ន្សាំ​ង​។ លុះ​បើក​មកដល់​ចំណុច​កន្លែង​កើត​ហេតុ ឃើញ​គោម​ត្នោត​ល្អ​ ហើយ​ឃ្លាន​ផង​នោះ ក៏​បាន​យក​ប្រមោយ​អា​អ៊ិ​ច​កាយ​កូន​ត្នោត ​ដើម្បី​យក​គោម​នោះ​មក​ហូប​។ ប្រភព​ដដែល​បន្ត​ថា នៅ​ក្នុង​ខណៈ​ពេល​ដែល​កាយ​នោះ ជិត​បានសម្រេច​ហើយ ហើយ​ពេល​លើក​គោម​ត្នោត​ជិត​ដល់​កាប៊ីន​ក៏​អើត​ក្បាល​ចេញពី​កាប៊ីន​ ឱន​លូកដៃ​យក​គោម​ត្នោត ​​​មិន​ប្រយ័ត្ន​ ​ខ្លួនក៏​ប៉ះ​ទៅ​នឹង​ដៃ​ប្រដាប់​បញ្ជា​លើកដាក់​អា​អ៊ិ​ច ហើយក៏​ត្រូវ​បូម​អា​អ៊ិ​ច​កៀប​កំពិត​ក្បាល​ជាប់​នឹង​កាប៊ីន​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​តែ​ម្តង។

ក្រោយ​កើតហេតុ បន្ទាប់ពី​ប៉ូលិស​ធ្វើ​កោសល្យវិច័យ​ហើយ​នោះ សព​ជនរងគ្រោះ​ ត្រូវ​បាន​សមត្ថកិច្ច ហៅ​ឲ្យ​បងប្អូន​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន​នៃ​សព​ភូមិ​កាន់​ទ្រង់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​៕