ប្រទេស​ប៉េ​រូ​ប្រកាស​អាសន្ន​ពេល Zika រាតត្បាត​ខ្លាំង

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា អាជ្ញាធរ​ប៉េ​រូ បាន​ប្រកាស​អាសន្ន​ជា​សាធារណៈ​នៅ​ភាគ​ខាងជើង​ប្រទេស​ក្នុង​រយៈពេល​៩០​ថ្ងៃ ក្រោយ​ពី​មាន​របាយការណ៍​បញ្ជាក់​ថា មាន​អ្នក​ឆ្លង​វីរុស Zika នៅ​ក្នុង​ប្រទេស​ចំនួន​១០២​នាក់ ។ មន្ត្រី​ទាំង​ថ្នាក់​កណ្តាល និង​មូលដ្ឋាន​កំពុង​ព្យាយាម​ទប់ស្កាត់​ការ​រាតត្បាត​របស់​វីរុស Zika ដែល​អាច​ឆ្លង​យ៉ាង​ងាយស្រួល​ដោយសារ​មូស ។

របាយការណ៍​បញ្ជាក់​ថា តាម​ការ​ត្រួតពិនិត្យ​ឃើញ​ថា ស្ត្រី​មានគភ៌​បាន​ឆ្លង​វីរុស​ចំនួន​៣៤​នាក់ នៅ​ប៉េ​រូ ត្រូវ​ឃ្លាំមើល​ឱ្យ​បាន​ដិត​ដល់​ថា​តើ​ទារក​ក្នុង​ផ្ទៃ​នឹង​ទទួលផល​ប៉ះពាល់ ឬ​អត់ ។ មាន​ភស្តុ​តាង​ជា​ច្រើន​បញ្ជាក់​ថា ការ​ឆ្លង​វីរុស  Zika ខណៈ​ពេល​ពពោះ​របស់​ម្តាយ​នឹង​បង្ក​ឱ្យ​ទារក​ក្បាល​តូច ដោយ​ជំងឺ​នោះ​ធ្វើ​ឱ្យ​ខួរក្បាល​រីក​លូតលាស់​មិន​ពេញ​លេញ​​នៅ​ក្នុង​ផ្ទៃ​មិន​អាច​ព្យាបាល​បាន ។

ប្រេ​ស៊ី​ល​ជា​ប្រទេស​មួយ​មានការ​រាតត្បាត​បំផុត​ដោយ​មាន​របាយការណ៍​បញ្ជាក់​ថា ទារក​កើតមក​មាន​ក្បាល​តូច​ដោយសារ​វីរុស Zika  មាន​ជិត​១៦០០​នាក់ ។ ចំណែក​មហោ​ស្រព​អូ​ឡាំ​ពិ​ក​ដែល​រៀបចំ​ឡើង​នៅ​ក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណេ​រ៉ូ នៅ​ខែសីហា ២០១៦ អ្នកទេសចរ និង​កីឡាករ​ពី​ទូ​ទាំង​ពិភពលោក បារម្ភ​ថា អាច​ធ្វើ​ឱ្យ​ស្ថានការណ៍​នៃ​ការ​រាតត្បាត​របស់​វីរុស​កាន់តែ​ធ្ងន់​ឡើង ។ កន្លង​មក​មាន​ភស្តុ​តាង​បញ្ជាក់​ថា​វីរុស​អាច​ឆ្លង​តាម​រយៈ​ការ​រួមរ័ក អ្នក​ដែល​ឆ្លង​វីរុស ភាគច្រើន​នឹង​មាន​អាការ​ស្រ​ដៀង​គ្រុនផ្តាសាយ និង​ឡើង​អុជ​ក្រហម​ជាដើម ៕