ការ​វាយប្រហារ​ជា​ច្រើន​នៅ​បារាំង​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ខែមករា ឆ្នាំ​2015

ការ​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​នី​ស បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៨៤​នាក់ កាលពី​យប់​ថ្ង​ស​ទី​១៤ កក្កដា កើត​មាន​បន្ទាប់​ពី​ការ​វាយប្រហារ​ជា​ច្រើន​នៅ​បារាំង​ចាប់តាំងពី​ការ​វាយប្រហារ​ភេរវកម្ម​របស់​ពួក​អ៊ិ​ស្លា​ម​និយម​កាលពី​ខែមករា ឆ្នាំ​២០១៥ ប្រឆាំង​កាសែត CHARLIE HEBDO និង​ផ្សារ​ទំនើប HYPER CACHER បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៧​នាក់​មក ។

-​បងប្អូន​២​នាក់ ម្នាក់​ឈ្មោះ CHERIF និង​ម្នាក់​ទៀត​ឈ្មោះ SAID KOUACHI បាន​សម្លាប់​មនុស្ស​១២​នាក់​កាលពី​ថ្ងៃ​ទី​៧ មក​រា នៅ​ទីស្នាក់ការ​កាសែត​ត្លុក​បារាំង CHARLIE HEBDO នៅ​ក្រុងប៉ារីស ។ ក្នុង​ចំណោម​អ្នក​ស្លាប់មាន​នាយក​កាសែត​នេះ និង​អ្នក​គូររូប​ត្លុក​ល្បី​ៗ​ជា​ច្រើន​នាក់ និង​ប៉ូលិស​២​នាក់ ។

-​ថ្ងៃ​ទី​៨ មក​រា ជន​ឈ្មោះ AMEDY COULIBALY បាន​សម្លាប់​ប៉ូលិស​ម្នាក់ និង​ធ្វើ​ឱ្យ​របួស​ម្នាក់​ទៀត​នៅ​ក្រុង MONTROUGE ភាគ​ខាងត្បូង​ក្រុងប៉ារីស ។ ថ្ងៃ​ទី​៩ មក​រា ជន​នេះ​បាន​ចាប់​ភ្ញៀវ និង​និយោជិត​ផ្សារ​ទំនើប​មួយ​នៃ​ក្រុងប៉ារីស​ជា​ចំណាប់ខ្មាំង ហើយ​សម្លាប់​ចំណាប់ខ្មាំង​៤​នាក់ ជា​អ្នក​កាន់សាសនា​ជ្វី​ហ្វ ។ ជន​នេះ​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​ក្រោយ​ការ​សម្លាប់​បងប្អូន KOUACHI ។

-​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០១៥ នៅ​ទីក្រុង​នី​ស ទាហាន​៣​នាក់ យាម​នៅ​មជ្ឈមណ្ឌល​សហគមន៍​ជ្វី​ហ្វ​មួយ​ត្រូវ​រង​ការ​វាយប្រហារ​ដោយ​កាំបិត​។  អ្នក​វាយប្រហារ​អាយុ​៣០​ឆ្នាំ​ត្រូវ​ចាប់ខ្លួន​ភ្លាម​ៗ​។

-​ថ្ងៃ​ទី​២៦ មិថុនា ឆ្នាំ​២០១៥ ជន​ឈ្មោះ YASSIN SALHI បាន​សម្លាប់ និង​កាត់​ក្បាល​ថៅកែ​ខ្លួន​នៅ CHASSIEU តំបន់ RHÔNE បន្ទាប់​មក​លើក​ទង់​អ៊ិ​ស្លា​ម ហើយ​ប៉ុនប៉ង​ធ្វើ​ឱ្យ​ផ្ទុះ​រោងចក្រ AIR PRODUCTS DE SAINRT QUENTIN FALLAVIER មុន​ពេល​ត្រូវ​ចាប់ខ្លួន ។

-​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៥ យុវជន​៤​នាក់​មាន​អាយុ​ពី​១៦​ទៅ​២៣​ឆ្នាំ ក្នុង​នោះ​មាន​អតីត​យោធា​ម្នាក់ ជាប់​សង្ស័យ​កាត់​ក្បាល​នាយទាហាន​ម្នាក់ ក្នុង​នាម​ជី​ហា​ដ​ត្រូវ​ចាប់ខ្លួន ។ ពួក​គេ​អះអាង​ថា ជា​អ្នកគាំទ្រ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

-​ថ្ងៃ​ទី​១៣ វិច្ឆិកា ឆ្នាំ​២០១៥ ប្រទេស​បារាំង​រង​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​អាក្រក់​បំផុត នៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន តាម​រយៈ​សកម្មភាព​របស់​ពួក​ជន​អត្តឃាត ។

ការ​វាយប្រហារ​នេះ​នៅ​ក្រុងប៉ារីស​ធ្វើ​ឡើង​ក្នុង​សាល​ប្រគំ​តន្ត្រី BATACLAN ព្រមទាំង​ប្រឆាំង​បារ និង​ភោជនីយដ្ឋាន​នានា​នៅ​កណ្តាល​ក្រុងប៉ារីស និង​ជិត​ស្តា​ត​ដឺ​ហ្វ្រ​ង់​នៅ SAINT-DENIS សម្លាប់​មនុស្ស​១៣០​នាក់ ពិសេស​យុវជន ហើយ​មនុស្ស​ជាង​៣៥០​នាក់​ទៀត​រង​របួស ។ ការ​វាយប្រហារ​ទាំងនេះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិស្លាម។

-​ថ្ងៃ​ទី​១៣ មិថុនា ឆ្នាំ​២០១៦ នាយ​ប៉ូលិស​ម្នាក់ និង​ភរិយា​ត្រូវ​ធ្វើឃាត​ក្នុងផ្ទះ​ពួក​គេ​ដោយ​ចាក់​នឹង​កាំបិត ដោយ​ជន​ជី​ហា​ដ​អាយុ​២៥​ឆ្នាំ​ម្នាក់ ដែល​អះអាង​ថា ធ្វើ​សកម្មភាព​ក្នុង​នាម​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ៕