រឿង​អី​មិន​ដី​ពេញ​ផ្លូវ បើ​រថយន្ត​ធំ​ចត​តែ​ក្នុង​ភក់

ខេត្តបន្ទាយមានជ័យ ៖ អ្នកស្រុក​អ្នក​ភូមិ​នាំ​គ្នា​រិះគន់​ថា ផ្លូវជាតិ​លេខ​៥​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដី​ហុយ​ទ្រលោម​ពិបាកធ្វើ​ដំណើរ​ណាស់ តាម​ពិត​បញ្ហា​វា​កើតឡើង​ដោយសារ​រថយន្ត​ធំ​ៗ​លើកដាក់​, សាង​ទំនិញ​, ចត​ក្នុង​ភក់ល្បាប់ ព្រោះតែ​ចំណតរថយន្ត​ធំ​អភិវឌ្ឍន៍​មិន​ទៅ​មុខ ហើយ​រថយន្តក្រុង​ខ្លះ​ចត​ក្រៅ​ចំណត​លើ​ភក់​ទៀត​ផង ធ្វើ​ឲ្យ​ដងផ្លូវ​ជាតិ​ពី​ចំណុច​ផ្សារ​រ៉ា​ជិត​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តទៅ​ទិស​ខាងកើត មាន​ធូលី​ដី​ជា​ច្រើន ហើយ​ដី​ជ្រុះ​ពី​កង់​រថយន្ត​តូច​ធំ​ក៏​កើត​មាន​ស្ទើរ​រៀងរាល់ថ្ងៃ ។

ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ចំណតរថយន្ត​២​កន្លែង មួយ​កន្លែង​ជា​ចំណតរថយន្ត​ក្រុង មួយ​កន្លែង​ទៀត​ជា​ចំណតរថយន្ត​ធំ ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​ដូច​គ្នា ។

អ្វី​ដែល​ធ្វើ​ឲ្យ​អ្នកស្រុក​រិះគន់​នោះ គឺ​ដោយសារ​ចំណតរថយន្ត​ធំ​គ្មាន​ការ​អភិវឌ្ឍន៍ បណ្តោយ​ឲ្យ​ទីនោះ​រង​ការ​ជន់​លិច​ពេល​ភ្លៀង​ធ្លាក់​ម្តង​ៗ ហើយ​ក្រោយ​ជំនន់​ទឹកភ្លៀង​ស្រក​អស់​ក៏​ក្លាយជា​ភក់ល្បាប់ សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ​ដោយសារ​គ្មាន​ទីតាំង​ផ្ទេរ ឬ​លើកដាក់​ទំនិញ បាន​ធ្វើ​ឲ្យ​រថយន្ត​ទាំងអស់​ត្រូវ​ចូល​ចត​លើកដាក់ និង​ផ្ទេរ​ទំនិញ​កណ្តាល​ភក់​ក្នុង​ចំណត​ខាងលើ ហើយ​ពេល​រថយន្ត​ឡើង​ពី​ចំណត​នោះ​ក៏​ជ្រុះ​ដី​លើ​ផ្លូវជាតិ​ជា​រៀងរាល់ថ្ងៃ ។

ចំណែក​ចំណតរថយន្ត​ក្រុងមាន​មួយ​ដែរ តែ​មិនដឹង​ជា​យ៉ាងម៉េច គេ​ឃើញ​រថយន្តក្រុង​មួយ​ចំនួន​ចត​ក្រៅ​ចំណត​លើ​ទីតាំង​ភក់​ជា​រៀងរាល់ថ្ងៃ នេះ​មិន​គិត​ពី​រថយន្ត​តាក់ស៊ី​ដែល​មិន​ចូល​ចំណត​ដូច​គ្នា ហើយ​ចត​ចាប់​ម៉ូយ​ព្រោងព្រៀត​ដូច​ជា​យក​ផ្លូវជាតិ​លេខ​៥​ទៅ​ធ្វើ​ជា​ចំណ​តទៅ​ហើយ ។

អ្នកដំណើរ​ដោយ​ថ្មើរជើង និង​ម៉ូតូ​រអ៊ូរទាំ​ថា ផ្លូវជាតិ​លេខ​៥​ហុយ​ទ្រលោម​ពិបាកធ្វើ​ដំណើរ​ណាស់ ហើយ​គ្រប់​គ្នា​សំណូមពរ​សុំ​អាជ្ញាធរ​ពិនិត្យ​មើល​ករណី​ខាងលើ​ផង ដើម្បី​កុំ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​ហូរ​ចូល​មក​កម្ពុជា​១​ថ្ងៃ​ៗ​រាប់រយ​នាក់​គេ​រិះគន់ ៕