ឪពុកចុង​រំលោភ​កូនស្រី មាន​ផ្ទៃពោះទើប​ធ្លាយ​រឿង

ឪពុកចុង​រំលោភ​កូនស្រី មាន​ផ្ទៃពោះទើប​ធ្លាយ​រឿង



ខេត្ដកំពង់ឆ្នាំង ៖ សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែកក្កដា ដោយ​ចោទប្រកាន់​ថា​បាន​រំលោភ​កូនស្រី​ចុង​របស់​ខ្លួន​ជា​បន្តបន្ទាប់​រហូត​នាង​មាន​ផ្ទៃពោះ ក្នុង​អំឡុង​ខែមីនា និង​ខែមេសា ឆ្នាំ​២០១៦ នៅ​ស្រុក​សាមគ្គី​មាន​ជ័យ ។

លោក​វរសេនីយ៍ទោ ឌុ​ច ចំរើន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា បុរស​ជា​ឪពុកចុង​នោះ​ឈ្មោះ ភឿន ផល អាយុ​៤៧​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។ កាលពី​ជាង​១៤​ឆ្នាំ​មុន បុរស​នោះ​បាន​មក​មាន​ប្រពន្ធ​ជា​ស្ត្រី​មេម៉ាយ​កូន​២​នៅ​ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង  ។

ក្នុងអំឡុងពេល​រស់នៅ​ជាមួយ​គ្នា​ជាង​១០​ឆ្នាំ បុរស​រូប​នោះ​តែង​លួច​ប្រព្រឹត្ត​អំពើ​ផ្តេសផ្តាស់​មក​លើ​កូនស្រី​ចុង​របស់​ខ្លួន​ដូច​ជា​កាល​អំឡុង​នាង​មាន​អាយុ​១៤​ឆ្នាំ ឪពុកចុង​រូប​នោះ បាន​បៀតបៀន​កេរ្តិ៍ខ្មាស​ម្តង​ហើយ តែ​កាល​ណោះ ម្តាយ​កុមារី​រង​គ្រោះ​បានដឹង ក៏​និយាយ​ណែនាំ​ម្តង​។ ក្រោយមក​ក្នុង​អំឡុង​ឆ្នាំ​២០១៤ និង​២០១៥ ខណៈ​ពេល​កូនស្រី​ចុង​នាង​ពេញក្រមុំ​ទៅ​ហើយ បុរស​នោះ​បន្ត​ធ្វើអំពើ​មិន​គប្បី​មក​លើ​កូនស្រី​ចុង​ជា​ថ្មី​ទៀត ហើយ​បានដឹង​ដល់​ម្តាយ​ទើប​ស្ត្រី​ជា​ម្តាយ​នារី​រង​គ្រោះ បាន​ស្តីបន្ទោស​ជា​ខ្លាំង បុរស​នោះ​បាន​សំ​ុ​ទោស​សារភាព​កំហុស និង​សន្យា​ថា ឈប់​ធ្វើ​បែប​នេះ​ទៀត​ហើយ ។ កាល​ណោះ​ដោយសារ​តែ​កុំឱ្យ​ខ្មាស​ញាតិ​ជិតខាង និង​ម្យ៉ាង​ក៏​មិន​ទាន់​ថ្លោះធ្លោយ​អ្វី​ដែរ ទើប​សម្ងំ​ទុក​រឿង​នោះ​បន្ត​ទៀត​ទៅ ។

ស្រាប់តែ​នៅ​ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ បុរស​រូប​នោះ​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ និង​កូនស្រី ហើយ​ឈាន​ដល់​ប្រើ​អំពើ​ហិង្សា​មក​លើ​ប្រពន្ធ និង​កូនស្រី​ចុង ទើប​ផ្ទុះ​រឿង​ឪពុកចុង​នោះ​ធ្លាប់​បាន​ចាប់​នាង​កូនចុង​រំលោភ​បាន​សម្រេច​ច្រើន​ដង​រហូត​មាន​ផ្ទៃពោះ ហើយ​គំរាម និង​បង្ខំ​ឱ្យ​នាង​រំលូតកូន​ចេញ​ទៀត ទើប​ស្ត្រី​ជា​ម្តាយ និង​កូន​មក​ដាក់​ពាក្យ​ប្តឹង​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង ។

ក្នុង​ពាក្យបណ្តឹង​កូនស្រី​ចុង​រង​គ្រោះ មាន​អាយុ​២១​ឆ្នាំ បាន​រៀបរាប់​ថា ក្នុង​អំឡុង​ខែមីនា ឆ្នាំ​២០១៦ ពេល​ម្តាយ​នាង​មិន​នៅផ្ទះ គឺ​ទៅ​ធ្វើការ​នៅ​រោងចក្រ ឪពុកចុង​នាង​បាន​ចាប់រំលោភ​នាង​បាន​សម្រេច​ជា​ច្រើន​ដង ។ ក្រោយមក​ដោយ​ដឹង​ថា នាង​មាន​ផ្ទៃពោះ ឪពុកចុង​បាន​បង្ខំ​ឱ្យ​នាង​រំលូតកូន​ចេញ ដោយ​គាត់​បាន​យក​នាង​មក​រំលូតកូន​នៅ​ស្រុក​កំពង់ត្រឡាច ហើយ​រឿង​នេះ​ម្តាយ​នាង​មិនដឹង​ទេ ព្រោះ​បើ​នាង​ហ៊ាន​ប្រាប់ ឪពុកចុង​គំរាម​សម្លាប់​ចោល ។

ប៉ុន្តែ​ដោយ​ទ្រាំ​មិន​បាន​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា​នេះ ឪពុកចុង​បាន​វាយ​ធ្វើបាប​ម្តាយ​នាង និង​នាង​ពេក ទើប​នាង​សម្រេច​ប្រាប់​រឿង​នេះ​ដល់​ម្តាយ ហើយ​ពួក​យើង​បាន​ដាក់​ពាក្យ​ប្តឹង​តែ​ម្តង ។

លោកនាយ​ការិយាល័យ​បាន​បន្ត​ថា នៅ​ចំពោះ​មុខ​សមត្ថកិច្ច បុរស​អគតិ​ខាងលើ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទប្រកាន់​មែន ទើប​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​តុលាការ ហើយ​ត្រូវ​បាន​តុលាការ សម្រេច​ឃុំខ្លួន​តែ​ម្តង ៕