ជនជាតិ​ដើម​ភាគតិច​ជាង​៣០០​នាក់​នៅ​ស្ទឹងត្រែង​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី

ជនជាតិ​ដើម​ភាគតិច​ប្រមាណ​ជាង ៣០០​នាក់ នៅ​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ប្រារព្ធ​ពិធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​បរិវេណ​វត្ត​ក្បាលរមាស កាល​ពី​ថ្ងៃ​ទី​១៤ និង​បន្ត​ដល់​ថ្ងៃ​ទី​១៥ កក្កដា។ សហគមន៍​ឲ្យ​ដឹង​ថា លោក​បណ្ឌិត កែម ឡី ធ្លាប់​បណ្ដុះបណ្ដាល​យុវជន​ជនជាតិ​ដើម​ភាគតិច​ព្នង ឲ្យ​ចេះ​ស្រឡាញ់​សង្គម បរិស្ថាន និង​ចេះ​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​ការពារ​ធនធាន​ធម្មជាតិ និង​ផ្ទះសម្បែង ដែល​រង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ។

ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ឃុំ​ក្បាលរមាស និង​ឃុំ​ស្រែគរ សម្ដែង​អារម្មណ៍​ក្ដុកក្ដួល​យ៉ាង​ខ្លាំង និង​សោកស្ដាយ​លោក​បណ្ឌិត កែម ឡី ជា​អ្នក​សិក្សា​ផ្នែក​អភិវឌ្ឍន៍​សង្គម ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់។

អ្នក​ភូមិ​រៃ​អង្គាស​ប្រាក់​ប្រារព្ធ​ពិធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ លោក កែម ឡី ហើយ​បាន​និមន្ត​ព្រះសង្ឃ ៧​អង្គ​សម្ដែង​ធម៌​ទេសនា​នៅ​ពេល​យប់​រាប់បាត្រ ប្រគេន​ចង្ហាន់ និង​សម្ភារ​ផ្សេងៗ​ដល់​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​លោក កែម ឡី។ លើស​ពី​នេះ ពួកគេ​បាន​ផ្ដិត​រូបភាព​លោក កែម ឡី អម​ដោយ​កម្រង​ផ្កា​ដាក់​តាំង​ក្នុង​ពិធីបុណ្យ​ដើម្បី​ឲ្យ​សហគមន៍​ឃើញ​មុខ ខណៈ​ពួកគាត់​ភាគ​ច្រើន​ធ្លាប់​ឮ​តែ​សំឡេង។

ជនជាតិ​ដើម​ភាគតិច​ព្នង លោក ដាំ សំណាង ចាត់​ទុក​លោក​បណ្ឌិត កែម ឡី ជា​វីរជន​ឆ្នើម​ដែល​ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ និង​ពង្រឹង​ធនធាន​មនុស្ស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​សង្គម។ លោក​ចាត់​ទុក​មរណភាព​លោក កែម ឡី គឺ​ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​កម្រ និង​មាន​តម្លៃ​សម្រាប់​ប្រទេស​ជាតិ ដែល​រួម​ចំណែក​អភិវឌ្ឍន៍​ជាតិ និង​រក​ដោះស្រាយ​បញ្ហា​សង្គម​ជាមួយ​រដ្ឋាភិបាល និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល។ លោក​អំពាវនាវ​ឲ្យ​មាន​ការ​សាងសង់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី ដើម្បី​បង្ហាញ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​ជ្រាប​ពី​ជំហរ​របស់​លោក។

លោក ដាំ សំណាង​អះអាង​ថា លោក​មិន​ទុកចិត្ត​ការ​ស៊ើប​អង្កេត​រក​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ខ្នង​នៃ​ឃាតកម្ម​នេះ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​ទេ និង​ចង់​ឲ្យ​មាន​ការ​ចូលរួម​ស៊ើប​អង្កេត​ដោយ​អ្នក​ជំនាញ​ពី​បរទេស​ក្នុង​រឿង​នេះ៖ «និយាយ​ដើម្បី​ប្រទេស​ត្រូវ​បាន​គេ​សម្លាប់​គាត់ អ៊ីចឹង​ហើយ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​ចងចាំ​នៅ​ក្នុង​បេះដូង​របស់​គាត់ មិន​ថា ជនជាតិ​ខ្មែរ មិន​ថា​ជនជាតិ​ដើម​ភាគ​តិច កូនចៅ​របស់​ខ្ញុំ និង​ពលរដ្ឋ​ខ្ញុំ ត្រូវ​គោរព​គាត់​រៀង​រហូត»

យុវជន​ជនជាតិ​ដើម​ភាគតិច​ព្នង រស់​នៅ​ឃុំ​ក្បាលរមាស លោក ប្រាជ្ញ រិទ្ធី ឲ្យ​ដឹង​ថា លោក​បណ្ឌិត កែម ឡី បាន​បង្រៀន​យុវជន​ជនជាតិ​ដើម​ភាគតិច​ច្រើន​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ។ លោក​កត់សម្គាល់​ថា លោក​បណ្ឌិត កែម ឡី ធ្លាប់​ជំរុញ​ឲ្យ​ក្រុម​យុវជន​ជនជាតិ​ដើម​ភាគតិច​ឲ្យ​ចេះ​ប្រើប្រាស់​សិទ្ធិ​ស្របច្បាប់ ទាមទារ​ដីធ្លី ធនធាន​ធម្មជាតិ និង​ផ្ទះសម្បែង​ដែល​រង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ក្រោម​រូបភាព​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ៖ «នៅ​ពេល​ដែល​គាត់​បណ្ដុះបណ្ដាល​សហគមន៍ សហគមន៍​គាត់​គិត​ថា គាត់​មាន​សិទ្ធិ​រស់​រាន​មាន​ជីវិត និង​សិទ្ធិ​បញ្ចេញ​មតិ​ក្នុង​ទឹកដី​របស់​គាត់​ដោយ​មិន​មាន​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ»

ដូច​គ្នា​នេះ​ដែរ មេ​ឃុំ​ស្រែគរ ស្រុក​សេសាន លោក សៀក មេគង្គ ឲ្យ​ដឹង​ថា ពលរដ្ឋ​ឃុំ​ស្រែគរ ជាង ១០០​នាក់ បាន​ចូលរួម​ពិធីបុណ្យ​រំឭក​វិញ្ញាណក្ខន្ធ​លោក កែម ឡី នៅ​ឃុំ​ក្បាលរមាស ដើម្បី​សម្ដែង​ពី​ការ​ដឹង​គុណ ខណៈ​លោក​បាន​លះបង់​ឆន្ទៈ​បម្រើ​សង្គម និង​ពលរដ្ឋ។ លោក​កត់សម្គាល់​ថា មតិ​លោក កែម ឡី បញ្ចេញ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជារឿយៗ គឺ​ជា​ទស្សនៈ​ដ៏​មានតម្លៃ​សម្រាប់​ពលរដ្ឋ៖ «ខ្ញុំ​សំណូមពរ​កូន​ខ្មែរ​ទាំង​អស់ មាន​ស្មារតី​រឹងប៉ឹង​ទាំង​អស់​គ្នា និស្សិត​បញ្ញវន្ត អ្នក​ចេះ​ដឹង អ្នក​ស្នេហា​ជាតិ សូម​ឲ្យ​មាន​ការ​រឹងប៉ឹង ក្លាហាន​ដើម្បី​ភាព​សេរីភាព​ប្រទេស​ជាតិ​មាតុភូមិ​យើង​ទាំង​អស់​គ្នា»

មន្ត្រី​រាជការ និង​អាជ្ញាធរ​មួយ​ចំនួន​ដែល​មាន​និន្នាការ​គាំទ្រ​គណបក្ស​កាន់​អំណាច​បង្ហើប​ថា មរណភាព​របស់​លោក កែម ឡី ត្បិត​ពួកគេ​មើល​ពី​ខាង​ក្រៅ​ធម្មតា តែ​ធាតុ​ពិត​ក្នុង​អារម្មណ៍​ពួកគេ​ក្ដុកក្ដួល​យ៉ាង​ខ្លាំង មិន​ខុស​ពី​ការ​ស្រែក​ទ្រហោយំ​របស់​ក្រុម​យុវជន និង​ពលរដ្ឋ​​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។