ចោរលួច​កុំព្យូទ័រ​ម្នាក់ ត្រូវ​ប្រជាពលរដ្ឋ​វាយ​ទ្រោម​ខ្លួន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​រពឹសដៃ​ទៅ​លួច កុំព្យូទ័រ​យួរដៃ​១​គ្រឿង ដែល​ជា​របស់​បុរស​ម្នាក់​ទៀត ប៉ុន្តែ​ត្រូវ​ម្ចាស់​ឃើញ​ទាន់​បាន​ស្រែ​កថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ក្រុម​អ្នក​រត់​ម៉ូតូឌុប​នៅ​ក្បែរ​កន្លែង​កើតហេតុ ហើយ​ដេញ​តាម​ចាប់​បាន បន្ទាប់​មក​បាន​វាយ​ទ្រម​ខ្លួន ទើប​ហៅ​នគរបាល​ឲ្យ​យក​ទៅ​សួរនាំ​។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៥ កក្កដា ២០១៦ នៅ​ចំណុច​ផ្ទះល្វែង​មួយ​កន្លែង​ស្ថិត​ក្នុង​បុរី​ញូ​វ​ថោ​ន ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

យុវជន​ខាងលើ​មានឈ្មោះ ផា​ន់ ធី អាយុ​២៥​ឆ្នាំ ស្នាក់​ផ្ទះ​ជួល​ម្តុំ​រោងចក្រ​៦​ជាន់ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ដោយឡែក​ម្ចាស់​កុំព្យូទ័រ​នោះ​ឈ្មោះ ទ្រី រចនា អាយុ​២៦​ឆ្នាំ មុខរបរ​ជា​គ្រូបង្រៀន​បើកបរ​រថយន្ត​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គ្រូ​បើកបរ​រថយន្ត​ម្នាក់​នោះ បាន​ទុក​កុំព្យូទ័រ​របស់​ខ្លួន​នៅ​មាត់ទ្វារ​សាលាបង្រៀន​បើកបរ អាស៊ាន បន្ទាប់​មក​ម្ចាស់​បាន​ដើរទៅ​ខាងក្រោយ​មួយ​ភ្លែត ក៏​ស្រាប់តែ​ជនសង្ស័យ​ខាងលើ​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ឃើញ​កម​ព្យូ​ទ័​រ ក៏​បាន​កាន់​យក​ចេញ​ទៅ​ក្រៅ​។

ប៉ុន្តែ​ចៃដន្យ​ម្ចាស់​បាន​ដើរមក​វិញ​ប្រទះ​ឃើញ ក៏​រត់​តាម ចេញ​ប្រតាយប្រតប់​ដណ្ដើម​យក​កុំព្យូទ័រ​ពី​ជនសង្ស័យ​នោះ​វិញ ប៉ុន្តែ​ជន​នេះ​បាន​ព្យាយាម​រត់ឡើង​ជិះ​ម៉ូតូ​របស់​ខ្លួន​ប្រុង​គេច ហើយ​ត្រូវ​ម្ចាស់​ស្រែ​កថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ក្បែរ​ខាង និង​ក្រុម​អ្នក​រត់​ម៉ូតូឌុប​នៅ​ទីនោះ​ជួយ​ដេញចាប់ ហើយ​ជនសង្ស័យ​បាន​ផ្តូ​ល​ម៉ូត​រត់​រហូត​ដល់​មហាវិថី​ព័ន្ធ​សហ​ព​ន្ធ័​រុ​ស្ស៊ី មុខ​ផ្សារ​ផេ​ន​សល​ទើប​ក្របួច​បាន ហើយ​នាំ​គ្នា​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង ទើប​ហៅ​សមត្ថកិច្ច​នគរបាល​ឲ្យ​ទៅ​យក​ធ្វើការ​សួរនាំ នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ដើម្បី​កសាង​សុំ​ណំ​រឿង បញ្ជូន​ទៅ​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​បន្ត​៕