គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ចូល​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ថ្ងៃទី​១៨ ខែ​កក្កដា​ខាងមុខ

គណបក្ស​សង្គ្រោះ​ជាតិ​សម្រេច​ចូល​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ថ្ងៃទី​១៨ ខែ​កក្កដា​ខាងមុខ



ភ្នំពេញ ៖ សមាជិក​សភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ប្រកាស​មិន​ចូលប្រជុំ​សភា​ពេញអង្គ ដោយ​សំអាង​ពី​ស្ថាន​ការ​នយោបាយ​មិន​អំណោយផល​នោះ បានសម្រេច​ឲ្យ​ប្រធាន​គណៈកម្មការ​ចំនួន​៥ រូប​របស់​ខ្លួន ចូល​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​ធ្វើឡើង​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ ខាងមុខ នេះ​បើតាម​ការបញ្ជាក់​ពី​អ្នកនាំពាក្យ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានប្រកាស​កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ថា ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា​ទាំង​៥ រូប របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូល​រួម​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា តាម​ការ​កោះអញ្ជើញ​របស់​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកក្កដា​។ វត្តមាន​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​ទាំង​៥ រូប ដើម្បី​តស៊ូ​មតិ ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​នឹង​លើកឡើង​នូវ​របៀបវារៈ​៣ ដែល​ក្នុង​នោះ​រួមមាន ការ​ស្នើ​លើក​អភ័យឯកសិទ្ធិសភា​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២ រូប គឺ​លោក ពិន រតនា និង​លោក តុ វ៉ាន់​ចាន់។

តាម​លោក យ៉ែម បុញ្ញឫទ្ធិ បាន​បញ្ជាក់ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ ​ធ្លាប់​បាន​ប្រកាស​មិន​ចូលរួម​ប្រជុំ​ពេញអង្គ ដើម្បី​ចុះទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ នៅ​តាម​មូលដ្ឋាន ហើយ​មិនទាន់​ដឹង​យ៉ាងណាទេ តែ​ចំពោះ​ការចូលរួម​ប្រជុំ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា គណបក្ស​យល់ថា ត្រូវតែ​ពន្យល់​បន្ថែម និង​តស៊ូ​មតិ​បន្ថែម ដើម្បី​បញ្ជាក់​ពី​គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ សំខាន់​បំផុត​ គឺ​យើង​ចង់​ជួប​ជជែក​គ្នា​តាមរយៈ​វប្បធម៌​សន្ទនា ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ផល​ប្រយោជន៍​ជាតិ ជាពិសេស​រៀបចំ​ឲ្យ​មាន​បរិយាកាស​មួយ ដែល​ល្អ​ប្រសើរ​សម្រាប់​ការបោះឆ្នោត​នា​ពេល​ខាងមុខ។

ទាក់ទង​បញ្ហា​នេះ លោក សុខ ឥសាន មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​ចង់​សួរ​ទៅវិញ​ថា កន្លងមក​គាត់​ធ្លាប់​បាន​លើក​ឡើង​ថា ទាល់តែ​ត្រជាក់​ទើប​ចូល​សភា ហើយ​ឥឡូវ​គាត់​និយាយ​ថា បន្ទាប់ពី​ការ​សម្លាប់​លោកបណ្ឌិត កែម ឡី សភាពការណ៍​កាន់តែ​ក្តៅ​ តែ​គាត់​បែរជា​ចូល​សភា ដូច្នេះ​មិនដឹង​យ៉ាងណា ហើយក៏​មិន​យល់​ដែរ​។ នេះ​បានសេចក្តីថា គាត់​និយាយ​បាតដៃ​ខ្នងដៃ គ្មាន​ប្រាកដ​និយម​ត្រង់ណា​ទេ ជំហរ​របស់​គាត់​ម្តង​ងាកឆ្វេង​ម្តង​ងាកស្តាំ។

តាម​លោក សុខ ឥសាន បញ្ជាក់ដែរ​ថា “​កាលពី​ខែ​មុន​ហ្នឹង គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា បាន​គំរាម​យក​បទបញ្ជាផ្ទៃក្នុង​រដ្ឋ​សភា​មក​អនុវត្ត ដូចជា​កាត់​ប្រាក់ខែ​អីចឹង ប្រហែល​គាត់​ភ័យ បើ​មិន​ចូល​ប្រជុំ​៣ អាហ្នឹង​ត្រូវ​តែ​មាន​វិន័យ​”៕