ប្រមុខ​ការទូត​ថ្មី​៖ អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប មិនមែន​ចេញពី​តំបន់​អឺរ៉ុប​ទេ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-15-2016, 8:59 pm         212

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រមុខ​ការទូត​ថ្មី​៖ អង់គ្លេស​ចេញពី​សហភាព​អឺរ៉ុប មិនមែន​ចេញពី​តំបន់​អឺរ៉ុប​ទេ​ប្រមុខ​ការទូត​ថ្មី​របស់​ចក្រភព​អង់គ្លេស លោក បូរី​ស ច​ន​សុន (Boris Johnson) ដែលមាន​និន្នាការ​គាំទ្រ​ឲ្យ​អង់គ្លេស​ចាកចេញ​អឺរ៉ុប បាន​ចេញមក​ទាត់ចោល​ការរិះគន់​ទាំងឡាយ​មកលើ​រូបលោក ក្រោយ​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​។ លោក Johnson និយាយថា ការចាកចេញ​ពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស មិនមែនជា​ការចាកចេញ​ពី​តំបន់​អឺរ៉ុប​ទេ​។​

​អតីត​អភិបាលក្រុង​ឡុង​ដ៍ លោក បូរី​ស ច​ន​សុន ត្រូវបាន​នាយករដ្ឋមន្ត្រី​ថ្មី លោកស្រី Theresa May ផ្ដល់​តំណែង​ជា​រដ្ឋមន្ត្រីការបរទេស​ថ្មី​របស់​ចក្រភព​អង់គ្លេស​។ ការតែងតាំង​លោក ច​ន​សុន សម្រាប់​តំណែង​សំខាន់​នេះ ធ្វើ​ឲ្យ​មានប្រតិកម្ម​យ៉ាងខ្លាំង ទាំង​មេដឹកនាំ​អឺរ៉ុប ក៏ដូចជា​សារព័ត៌មាន​មួយចំនួន​ផងដែរ​។​

​យ៉ាងណាក្ដី បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ទាក់ទង​នឹង​ការចាកចេញ​របស់​អង់គ្លេស រដ្ឋមន្ត្រី​ការ​បរ​ទស​ថ្មី លោក បូរី​ស ច​ន​សុន នៅ​ថ្ងៃទី​១៥ ខែកក្កដា បាន​និយាយថា ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប មិនមែន​ចេញពី​អឺរ៉ុប​ទេ​។ លោក បញ្ជាក់ថា យើង​ត្រូវតែ​អនុវត្តតាម​ឆ​ន្ទះ​ប្រជាជន ដែល​សំដែង​តាមរយៈ​ប្រជាមតិ ប៉ុន្តែ​មិនមែន​មានន័យថា ចាក​ចេញពី​តំបន់​អឺរ៉ុប​ទេ​។

​ថ្លែង​ពីមុខ​ការិយាល័យ​ថ្មី​របស់ខ្លួន លោក ច​ន​សុន ក៏បាន​ទាត់ចោល​ការរិះគន់​ចំពោះ​ការតែងតាំង​លោក ជា​រដ្ឋមន្ត្រីការបរទេស​ផងដែរ​។ លើសពីនេះ ក៏បាន​ឆ្លើយតប​នឹង​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការបរទេស​បារាំង លោក Jean-Marc Ayrault ដែល​និយាយថា លោក ច​ន​សុន ពូកែ​កុហក​។ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស ចាត់ទុក​ការលើកឡើង​នេះ ជា​សំបុត្រ​ស្នេហ៍ ផ្ញើ​ពី​សម​ភាគី​បារាំង​តែប៉ុណ្ណោះ​។

​ការតែងតាំង​លោក បូរី​ស ច​ន​សុន ជា​រដ្ឋមន្ត្រីការបរទេស គឺជា​ផ្នែក​នៃ​គណៈរដ្ឋមន្ត្រី​ថ្មី​របស់​លោកស្រី Theresa May ដែល​ឡើងកាន់​អំណាច​ជំនួស​លោក ដេវីដ ខេ​មេ​រ៉ូ​ន ដែល​លាលែង​ពី​តំណែង ក្រោយ​ការធ្វើប្រជាមតិ​។ ក្រៅពី​លោក ច​ន​សុន លោកស្រី May ក៏បាន​ដោះដូរ​តំណែង​រដ្ឋមន្ត្រី​សំខាន់ៗ​មួយចំនួនទៀត ដែល​រួមទាំង​អ្នក​ដែល​គាំទ្រ​ការចាកចេញ​របស់​អង់គ្លេស​ផងដែរ​។

​នាយករដ្ឋមន្ត្រី​ស្ត្រី​រូបនេះ បាន​ដកតំណែង​រដ្ឋមន្ត្រី​សំខាន់ៗ​ពីររូប ក្នុង​អាណត្តិ​លោក ខេ​មេ​រ៉ូ​ន គឺ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក George Osborne និង​រដ្ឋមន្ត្រី​យុត្តិធម៌​លោក Michael Gove ។ ផ្សេង​ពីនេះ ក៏មាន​រដ្ឋមន្ត្រី​ខ្លះ​អាច​រក្សា​តំណែង​បានដែរ ដូចជា​លោក Michael Fallon នឹង​នៅតែ​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ដដែល​៕