ការដង្ហែសព កែម ឡី ត្រូវបានពន្យាពេលជាថ្មី

ក្រុមគ្រួសារ និងគណៈកម្មការរៀបចំពិធីសព លោក កែម ឡី បានសម្រេចធ្វើការពន្យាពេល ការដង្ហែសព​លោក កែម ឡី យកទៅបញ្ចុះនៅស្រុកកំណើត ដែលគ្រោងនឹងធ្វើ នៅថ្ងៃទី១៧ ខែកក្កដាខាងមុខ ទៅថ្ងៃ​ក្រោយ​វិញ តែ​មិន​ទាន់​ឲ្យ​ដឹង​ថា ជាថ្ងៃណាឲ្យប្រាកដនៅឡើយ។ ការពន្យាពេលនេះ ត្រូវបានសាមីម្ចាស់បុណ្យ អះអាងថា ដោយសារ​មាន​សំណូមពរ​ច្រើន ពី​សំណាក់​សាធារណជន។
ការដង្ហែសព កែម ឡី ត្រូវបានពន្យាពេលជាថ្មី

សពលោក កែម ឡី ដែលដាក់នៅក្នុងមឈូសកញ្ចក់ ដែលមានគ្រែទឹកកក សម្រាប់រក្សាសព។ (រូបថតហ្វេសប៊ុក)

បន្ទាប់ពីបានផ្លាស់ប្ដូរ កាលវេលានៃការដង្ហែសពលោក កែម ឡី យកទៅបញ្ចុះ មិនតិចជាងពីរដងកន្លងមក នៅ​លើកនេះ ការសម្រេចដង្ហែ ដែលបានកំណត់នៅថ្ងៃទី១៧ ខែកក្កដានេះ ត្រូវបានផ្លាស់ប្ដូរជាថ្មីទៀត ដោយ​ត្រូវពន្យាពេលទៅថ្ងៃក្រោយវិញ។ តំណាងក្រុមគ្រួសារសព អ្នកស្រី ប៊ូ រចនា ភរិយាលោក កែម ឡី និងតំណាង​គណៈកម្មការរៀបចំបុណ្យ ព្រះសង្ឃ ប៊ុត ប៊ុនតិញ ជាអ្នកប្រកាសពីការពន្យាពេលនេះ ដោយខ្លួនឯង នៅ​ប្រមាណ​ជា​មួយ​ម៉ោងមុននេះ។

សាមីម្ចាស់បុណ្យសព បានអះអាងថា ការផ្លាស់ប្ដូរនេះ ដោយយោងទៅតាមសំណូមពរជាច្រើន របស់​ប្រជា​ពលរដ្ឋ ដែលនៅតែបន្តចង់មកសម្ដែងគារវកិច្ច និងគោរពវិញ្ញាណក្ខន្ធលោក កែម ឡី។ និងម្យ៉ាងទៀត ដោយ​សារ​ការរក្សាសព អាចនឹងធ្វើតទៅមុខទៀត ដោយមានជំនួយពីគ្រែទឹកកក ដែលដាក់តំកល់សព នៅក្នុង​មឈូស​កញ្ចក់ និងមានយោបល់ ពីសំណាក់គ្រូពេទ្យជំនាញនោះផង។

» វីដេអូ ដែលបង្ហាញពីការប្រកាសពន្យាពេល នៃការដង្ហែសពលោក កែម ឡី៖

កាលពីថ្ងៃម្សិលម៉ិញ តំណាងគណៈកម្មការរៀបចំបុណ្យ ព្រះសង្ឃ ម៉ាញ សុខមីល បានមានសង្ឃដីកា​បដិសេធ​ទៅនឹង​ការ​ចុះ​ផ្សាយ របស់សារព័ត៌មានក្នុងស្រុកមួយ ដែលរាយការណ៍ថា គ្រែទឹកកក ឬមឈូស​ទឹក​កកនេះ ត្រូវបានក្រុម​គ្រួសារសព ទិញមកពីប្រទេសភូមា ដែលមានតម្លៃដល់ទៅ​ជាងមួយម៉ឹនដុល្លារ។ ព្រះ​តេជ​គុណ សុខមីល បានមានសង្ឃដីកាថា ការលើកឡើងនោះ មិនមែនជាការពិតទេ តែជាគ្រែទឹកកក ដែល​ព្រះសង្ឃ​នៅវត្ត ​សាមគ្គី​រង្សី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ទិញ ៤ ទៅ ៥ គ្រែ​ ពីប្រទេស​បារាំង ដើម្បី​ទុក​រក្សា​សព​ទុក​បាន​យូរ​។

ការដង្ហែសព កែម ឡី ត្រូវបានពន្យាពេលជាថ្មី

ដោយឡែក ខ្សែភ្ជាប់ដែលចូលទៅកាន់ទំព័រ របស់សារព័ត៌មាន ដែលបានចុះផ្សាយថា «គ្រួសារលោក កែម ឡី បញ្ជា​ទិញមឈូស តម្លៃជាង១ម៉ឺនដុល្លារ ពីប្រទេសភូមា»នោះ ត្រូវបានលប់ចេញ ដោយបើកលែងឃើញ​តទៅ​ទៀត៕

» វីដេអូបដិសេធ របស់ព្រះសង្ឃ ម៉ាញ សុខមីល៖