ព្រះមហាក្សត្រ​តែងតាំង​រាជទូត​ថ្មី​ប្រចាំ​ព្រុយ​ណេ មី​យ៉ាន់​ម៉ា វៀតណាម គុយបា រុស្ស៊ី​… និពន្ធដោយ : ថ្មីៗ       July-15-2016, 10:39 pm         27

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ព្រះមហាក្សត្រ​តែងតាំង​រាជទូត​ថ្មី​ប្រចាំ​ព្រុយ​ណេ មី​យ៉ាន់​ម៉ា វៀតណាម គុយបា រុស្ស៊ី​...​ភ្នំពេញ​៖ ព្រះមហាក្សត្រ​នៃ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​មន្ត្រី​ក្រសួងការបរទេស​៥​រូប ជា​ឯកអគ្គរាជទូត​ថ្មី និង​ផ្លាស់ប្តូរ​មន្ត្រី​ទូត​៣​រូប ប្រចាំ​ប្រទេស​មួយចំនួន ព្រមទាំង​តែងតាំង​តំណាង​អចិន្ត្រៃយ៍​រង​កម្ពុជា​ប្រចាំ UN ម្នាក់ មាន​ឋានៈ​ជា​អគ្គរាជទូត​ផងដែរ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​កម្ពុជា (AKP) ។​

​បើតាម​ការចុះផ្សាយ​រប​ស់ AKP នៅ​ថ្ងៃទី​១៥ ខែកក្កដា​នេះ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ដែល​នឹង​បំពេញបេសកកម្ម​នៅក្រៅ​ប្រទេស​ទាំង ៥​រូប រួមមាន​៖

​ទីមួយ​, លោក អ៊ុក ចាន់​ដា​រ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ឯកសារ​នៃ​ក្រសួងការបរទេស នឹង​ចូលកាន់​តំណែង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​កម្ពុជា ប្រចាំ​ប្រទេស​ព្រុយ​ណេ​ដា​រូ​ស្សាឡា​ម​។​

​ទី​ពីរ​, លោក សុក ជា អគ្គលេខាធិការ​នៃ​ក្រសួងការបរទេស នឹង​ចូលកាន់​តំណែង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។​

​ទី​បី​, លោក ប្រាក់ ងួន​ហេង ប្រធាន​នាយកដ្ឋាន​ពិធីការ នៃ​ក្រសួងការបរទេស នឹង​ចូលកាន់​តំណែង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ទី​បួន​, លោក ហេង សុខ​ផល  អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អាស៊ាន​នៃ​ក្រសួងការបរទេស នឹង​ចូលកាន់​តំណែង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​គុយបា​។​

​ទី​ប្រាំ​, លោក កែ វិសិដ្ឋ ប្រធាន​នាយកដ្ឋាន​ច្បាប់ និង​កុងស៊ុល នៃ​ក្រសួងការបរទេស​នឹង​ចូលកាន់​តំណែង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​កម្ពុជា ប្រចាំ​សហព័ន្ធរុស្ស៊ី និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​ប្រទេស​លី​ទុយ​អា​នី លេ​ត​តូ​នី អេស​តូ​នី ប៊ុលហ្គារី រ៉ូ​មា​នី និង​ស​ធារ​ណ​រដ្ឋ​បេឡា​រុស្ស ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​មូ​ស្គូ​។​

​បន្ថែម​លើ​នេះ បើតាម​ការផ្សាយ​ដែល​ដកស្រង់​ពី​ព្រះរាជក្រឹត្យ ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​ផ្លាស់ប្តូរ​មន្ត្រី​ទូត ៣​រូប​ផងដែរ ក្នុងនោះ មាន ទីមួយ​, លោក ហ៊ុល ផានី ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ត្រូវ​ចូល​ប្រទេស​វិញ ដោយ​ត្រូវ​បញ្ចប់​អាណត្តិ​បេសកកម្ម​។​

​ទី​ពីរ​, លោកស្រី ហៃ សុ​ន្នា​រិន្ទ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​គុយបា​ចូល​ប្រទេស​វិញ ដោយ​ត្រូវ​បញ្ចប់​អាណត្តិ​។​

​ទី​បី​, លោក ថៃ វណ្ណា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​កម្ពុជា ប្រចាំ​សហព័ន្ធរុស្ស៊ី និង​ជា​ឯកអគ្គរាជទូត​តែងតាំង ប្រចាំ​ប្រទេស​លី​ទុយ​អា​នី លេ​ត​តូ​នី អេ​ស្តូ​នី ប៊ុលហ្គារី រ៉ូ​មា​នី និង​សាធារណរដ្ឋ​បេឡា​រុស្ស ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង មូ​ស្គូ ចូល​ប្រទេស​វិញ ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​។ ព្រម​ជាមួយគ្នានេះ ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​តែងតាំង លោក យោង ចាន់​សុភារ បច្ចុប្បន្ន​ទីប្រឹក្សា​ជា​តំណាង​អចិន្ត្រៃយ៍​រង នៃ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក មាន​ឋានៈ​ជា​អគ្គរាជទូត​ផងដែរ​៕