លោក មហា​ធៀ សហការ​ជាមួយ​បក្សប្រឆាំង​ដើម្បី​ផ្ដួល​លោក ណា​ជីប​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-15-2016, 10:19 pm         162

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក មហា​ធៀ សហការ​ជាមួយ​បក្សប្រឆាំង​ដើម្បី​ផ្ដួល​លោក ណា​ជីប​​លោក មហា​ធៀ មូ​ហា​ម៉ា​ដ (Mahathir Mohamad) ដែលមាន​ទំនាស់​ជា​មូ​យ​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន លោក ណា​ជីប រ៉ា​ហ្សា​ក់ (Najib Razak) បាន​បង្កើត​បក្ស​ថ្មី​មួយ ដើម្បី​ប្រជែង​ជាមួយ​សម្ព័ន្ធភាព Barisan Nasional របស់លោក Razak ក្នុងការ​បោះឆ្នោត​អាណត្តិ​ក្រោយ​។ បក្ស​ថ្មី​នេះ ក៏​នឹងមាន​វត្តមាន​អ្នក​ដែល​ធ្លាប់​ប្រឆាំងនឹង​រូបលោក​ផងដែរ​។

​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ បានសម្រេច​បង្កើត​គណ​បក្សនយោបាយ​មួយ ជាមួយនឹង​ក្រុមប្រឆាំង ដើម្បី​ប្រជែង​នឹង​លោកនាយក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ និង​សម្ព័ន្ធភាព Barisan Nasional  ដែល​លោក មហា​ធៀ ខ្លួនឯង​ធ្លាប់​គ្រប់គ្រង​អស់​ពេល​ជាង​ម្ភៃ​ឆ្នាំ​មក​នោះ​។ លោក មហា​ធៀ និង​លោក ណា​ជីប ដែល​ធ្លាប់​ស្និទ្ធស្នាល​នឹង​គ្នា បែរជា​មើលមុខ​គ្នា​មិនត្រូវ ដោយសារ​រឿងអាស្រូវ​ពុករលួយ​។​

​បើតាម​សារព័ត៌មាន Asia Correspondent បក្ស​ថ្មី ដែល​គ្រោង​បង្កើត​នេះ នឹងមាន​វត្ត​លោក មហា​ធៀ ក៏ដូចជា​អតីត​គូប្រជែង​ជាច្រើន​របស់លោក មហា​ធៀ ដែល​ធ្លាប់ជា​សត្រូវ​នយោបាយ​នឹង​គ្នា​។ ពួកគេ នឹង​ទុក​បញ្ហា​ខុសគ្នា​ដោយឡែក និង​រួមគ្នា​ដើម្បី​បណ្ដេញ​លោកនាយក​រដ្ឋមន្ត្រី ណា​ជីប ពី​តំណែង ដ្បិត​លោក ណា​ជីប កំពុង​រុំ​ព័ទ្ធ​ដោយ​បញ្ហា​ពុករលួយ​។
​ហើយ​គណបក្ស​ថ្មី ដែល​មិនទាន់​មានឈ្មោះ នឹងចូលរួម​ជាមួយ​ប្លុក​ប្រឆាំង​របស់​បក្ស​យុត្តិធម៌​ប្រជាជន (PKR) បក្ស​សកម្មភាព​ប្រជាធិបតេយ្យ (DAP) និង​បក្ស Amanah​។​

​អតីត​នាយករដ្ឋមន្ត្រី មហា​ធៀ និយាយថា​៖ «​យើង​ឯកភាពគ្នា ទុក​ការខ្វែងគំនិត​ដោយឡែក និង​ងាក​មក​ធ្វើការ​ជាមួយគ្នា ជា​សម្ព័ន្ធភាព​វិញ​។ យើង​នឹង​ទុក​ការតស៊ូ​នយោបាយ​សិន និង​ផ្ដោតលើ​ជ័យជម្នះ​ការបោះឆ្នោត​អាណត្តិ​ក្រោយ​»​។ យ៉ាងណាមិញ រដ្ឋបុរស​វ័យ​៩១​ឆ្នាំ នេះ​មិន​ប្រាកដថា នឹងចូលរួម​ការបោះឆ្នោត ដែល​គ្រោង​នឹងធ្វើ​ក្នុង​ឆ្នាំ​២០១៨​នោះទេ​។

​ខ្ញុំ​ជា​ស្ថាបនិក​គណបក្ស​ថ្មី ប៉ុន្តែ​មិនមែន​មានន័យថា លោក​ក្លាយជា​ប្រធាន​បក្ស ឬ​នាយករដ្ឋមន្ត្រី​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់លោក មហា​ធៀ មហា​ម៉ា​ដ ក្នុង​សន្និសីទកាសែត ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Asia Correspondent នៅ​ថ្ងៃទី​១៥ ខែកក្កដា​។

​សូម​រម្លឹកថា កាលពី​ខែ​មុន លោក មហា​ធៀ មូ​ហា​ម៉ា​ដ បាន​រិះគន់​គណបក្ស​របស់លោក ណា​ជីប ថា បាន​ទិញ​សន្លឹកឆ្នោត បន្ទាប់ពី​គណបក្ស​នេះ ទទួលជោគជ័យ​ក្នុងការ​បោះឆ្នោត​បំពេញបន្ថែម​ចំនួន​ពីរលើក​កន្លងមក​។ ជ័យជម្នះ​ទាំងពីរ​លើក​នេះ បាន​ជួយ​ពង្រឹងកម្លាំង​របស់​នាយ​ក​រដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សា​ក់ បើទោះជា​លោក រង​ការចោទប្រកាន់​ជុំវិញ​អំពើពុករលួយ​៕