ក្រុមការងារ​ថ្នាក់​ខេត្ត​ នាំ​យក​ទៀន​ព្រះវស្សា​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ

ក្រុមការងារ​ថ្នាក់​ខេត្ត​ នាំ​យក​ទៀន​ព្រះវស្សា​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ



សៀមរាប ៖ វត្ត​ចំនួន​៣ ក្នុង​ឃុំ ប​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប ត្រូវ​បាន​លោក ពៅ ពិសិដ្ឋ អភិបាលរង នៃ​គណៈ​អភិបាលខេត្ត និង ជា​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះ​ជួយ​ស្រុក នាំ​យក​នូវ​ទៀន​ព្រះវស្សា និង គ្រឿងឧបភោគ បរិភោគ និង បច្ច័យ ទៅ​វេរ​ប្រគេន​ព្រះសង្ឃ កាលពី​ថ្ងៃ​១១​កើត ខែអាសាឍ ឆ្នាំវក អដ្ឋស័ក ព​.​ស​២៥៦០ ត្រូវ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ ព្រមទាំង​មានការ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី ជា​សមាជិក​ក្រុមការងារ​ខេត្ត អាជ្ញាធរ​ស្រុក និង មន្ត្រីរាជការ មេឃុំ សីល​វ័​ន្ត សីលវតី នៅក្នុង​ទីវ​ត្ត ត្រាច។

បន្ទាប់ពី​ព្រះសង្ឃ​ចម្រើន​ព្រះបរិត្ត និង តាម​ការ​ធ្វើ​កិច្ច​ទៅ​កម្មវិធី​របស់​លោក​តា​អាចារ្យ ក៏បាន​ប្រារព្ធ​ធ្វើ ពិធី​វេរ​ប្រគេន​ទៀន​ព្រះវស្សា​ទៅតាម​គន្លង​ប្រពៃណី​ ព្រះពុទ្ធសាសនា​នៃ​យើង ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ ដល់​បុព្វការី​ជន សាច់សាលោហិត កម្មាភិបាល យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី មរណៈ ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស ឲ្យ​មានការ​រីកចម្រើន ដែល​បាន​ចែក​ឋាន​ទៅកាន់ លោក​ខាងមុខ​ផង​ដែរ។

ម្យ៉ាងទៀត​ ការ​ប្រគេន​ទៀត​ព្រះវស្សា​នេះ គឺជា​ការ​ប្រារព្ធ​ធ្វើ​ទៅ​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ព្រះពុទ្ធសាសនា ដែល​មាន​នា​សម័យកាល​យូរលង់​មក​ហើយ នៅ​ជា​រៀងរាល់​ឆ្នាំ និង ដើម្បី​ប្រគេន​ព្រះសង្ឃ​ ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​រយៈពេល​មួយ​ត្រីមាស ដែល​ចាប់​ចូល​ពី​ថ្ងៃ​ទី ១​រោជ ខែអាសាឍ​រហូតដល់​ថ្ងៃ​១៥​កើត​ខែអស្សុជ។

បន្ទាប់ពី​ការ​វេរ​ប្រគេន នូវ​ទៀន​ព្រះវស្សា និង គ្រឿង​ឧបភោគ​បរិភោគ ព្រមទាំង​បច្ច័យ​ដល់​ព្រះសង្ឃ​ទាំង​បី​វត្ត​រួចមក មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ព្រះសង្ឃ សីល​វ​ន្ត័ សីលវតី និង ពុទ្ធបរិស័ទ​នា​ឱកាស​នោះ​លោក ពៅ ពិសិដ្ឋ ក៏បាន​គូស​បញ្ជាក់​ថា ទៀនវស្សា​ និង ​ទេយ្យវត្ថុ​យក​មក​ប្រគេន​ព្រះសង្ឃ​នា​ពេល​នេះ ជា​អំណោយ​របស់ លោក​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ ចុះ​ជួយ​ខេត្ត ប្រគេន​ដល់​ព្រះសង្ឃ ក្នុង​រយៈពេល​គង់​ចាំ​ព្រះវស្សា​ក្នុង​ត្រីមាស ដែល​ព្រះសង្ឃ​មិន​អាច​និមន្ត​ចេញទៅ​បិណ្ឌបាត​បាន ដោយ​រដូវវស្សា​មាន​ភ្លៀង ធ្លាក់​ជោកជាំ ហើយក៏​ដើម្បី​ឧទ្ទិស​កុសល​ ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ចែក​ឋាន ទៅកាន់​លោក​ខាងមុខ។

ក្នុង​នោះ​ដែរ​លោក​ ក៏បាន​ធ្វើការ​ណែនាំ​ ដល់​ប្រជា​ពុទ្ធបរិស័ទ​ត្រូវតែ​រំងាប់​ចិត្ត អំពី​សភាពការណ៍​នា​ពេល​បច្ចុប្បន្ន​គឺ​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​បង​ប្អូន​ឡើយ​។

ម្យ៉ាងទៀត​សូម​កុំ​ជឿ​ នូវ​ពាក្យ​របស់​ជន​អគតិ​មួយ​ចំនួន ​ដែល​បាន​បំភ្លៃ​សភាពការណ៍ ដែល​ធ្វើ​ឲ្យ​សង្គមជាតិ​យើង​ជួប​នូវ​កលិយុគ​ទៀត​ផង​។

លោក​ពៅ​ ពិសិដ្ឋ ​ក៏បាន​លើកឡើង​ផង​ដែរ សម្រាប់​ប្រជាពលរដ្ឋ និង បងប្អូន​ពុទ្ធបរិស័ទ អំពី​ទីវ​ត្ត​អារាម គឺ មិន​ត្រឹមតែ​បម្រើ​វិស័យ​សាសនា ជាទី​សក្ការៈ​បូជា​របស់​បងប្អូន​ពុទ្ធបរិស័ទ​ប៉ុណ្ណោះ​ទេ គឺជា​ទីកន្លែង​ដែល​ប្រមូល​ផ្តុំ​នូវ​វប្បធម៌ និង ជា​ថ្នាល បណ្តុះបណ្តាល​ធនធានមនុស្ស ដែល​ជា​ជង្រុក​នៃ​គ្រឹះ​អក្សរសាស្ត្រ​ជាតិ អរិយ​ធម៌ វប្បធម៌ ខ្មែរ​យើង។

លោក​ក៏​បាន​បញ្ជាក់​ថា ​ការ​ដង្ហែ​នូវ​ទៀន​ព្រះវស្សា​ យក​មក​វេរ​ប្រគេន​ព្រះសង្ឃ នៅ​គ្រប់​ទី​វត្ត​អារាម​ក្នុង​ឃុំ​ប​ល្ល័ង្គ​នេះ គឺជា​ការ​គោរព​ប្រពៃណី​សាសនាព្រះពុទ្ធ​ ត្រូវ​ចូលកាន់​ព្រះវស្សា​ក្នុង​រយៈពេល​អស់​មួយ​ត្រីមាស ដែល​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ នៅ​ក្នុង​ទីវត្ត​ទើប​ថ្ងៃនេះ​ ត្រូវ​បាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ស្រុក ដង្ហែ​យក​មក​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​នៅ​តាម​វត្ត​ ដើម្បី​ព្រះសង្ឃ​យក​ទៅ​ដុត​បំភ្លឺ​បូជា​ថ្វាយ​ព្រះ​និង សិក្សា​រៀន​សូត្រ​នូវ គម្ពីរ​ធម៌​វិន័យ ព្រះសម្មាសម្ពុទ្ធ ព្រះ​បរមគ្រូ​នៃ​យើង៕

ក្រុមការងារ​ថ្នាក់​ខេត្ត​ នាំ​យក​ទៀន​ព្រះវស្សា​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ ក្រុមការងារ​ថ្នាក់​ខេត្ត​ នាំ​យក​ទៀន​ព្រះវស្សា​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ