រថយន្ត​ទំនើប​សង្ស័យ​បើក​ងោក ជ្រុល​ចង្កូត​បុក​បុរស​វ័យចំណាស់​នៅ​ចិញ្ចើម​ផ្លូវ​ស្លាប់​យ៉ាង​អាណោចអាធ័ម

រថយន្ត​ទំនើប​សង្ស័យ​បើក​ងោក ជ្រុល​ចង្កូត​បុក​បុរស​វ័យចំណាស់​នៅ​ចិញ្ចើម​ផ្លូវ​ស្លាប់​យ៉ាង​អាណោចអាធ័ម



កំពង់ឆ្នាំង​ ៖ ​បុរស​វ័យ​ចំណាស់​ម្នាក់​ បាន​ស្លាប់​នៅ​នឹង​កន្លែង ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដោយសារ​រថយន្ត​មួយ​គ្រឿង ជ្រុល​ចង្កូត​ទៅ​បុក​បុរស​រងគ្រោះ​នៅ​ចិញ្ចើម​ផ្លូវជាតិ ​ខាងឆ្វេង​ដៃ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅ​វេលា​ម៉ោង ១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​លើ​ផ្លូវជាតិ​លេង​៥ ត្រង់​ចំណុច​ភូមិ​ស្រះកែវ ឃុំ​មេលុំ ស្រុក​បរិបូរណ៍។

សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូណ៌​ បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ផុន ឈឿន អាយុ៥៨​ឆ្នាំ មាន​ទីលំនៅ ខេត្ត​កណ្តាល តែ​បាន​មក​ស្នាក់នៅ ក្រុង​កំពង់ឆ្នាំង និង​បាន​ស៊ីឈ្នួល​មក​ចាំ​ដី​ចម្ការ​ឲ្យ​គេ នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ម៉ាក សង់​កូរ៉េ ចេញពី​ចម្ការ ហើយ​បាន​ឈប់​ម៉ូតូ នៅ​ចំណុច​កើតហេតុ​ខាងលើ ដើម្បី​ចាំ​ឆ្លង​ថ្នល់​ ស្រាប់តែ​ពេលនោះ មាន រថយន្ត​មួយ​គ្រឿង ម៉ាក​តូយ៉ូតា ស៊េរី​ទំនើប ពាក់​ស្លាក​លេខ ភ្នំពេញ 1AF-3431 ​បើកបរ​ដោយ​បុរស​មិន​ស្គាល់ អត្តសញ្ញាណ បើក​មកពី​ទិស​ខាងជើង​ទៅ​ត្បូង ហើយ​បាន​ជ្រុល​ចង្កូត ទៅ​បុក​ជនរងគ្រោះ​ដែល​កំពុង​ឈប់​ម៉ូតូ ខាងឆ្វេង​ដៃ​ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​តែម្តង។

ក្រោយ​ពេល​កើតហេតុ សព​ជនរងគ្រោះ ត្រូវ​បាន​ក្រុម​គ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ​រងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូរណ៍ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ សមត្ថកិច្ច​សង្ស័យ​ថា រថយន្ត​បង្ក​បាន​បើកបរ​ងោក ទើប​ជ្រុល​ទៅ​ឆ្វេង​ដៃ​បុក​ជនរងគ្រោះ​ នៅ​ខាងឆ្វេង​ដៃ​ចិញ្ចើម​ផ្លូវ​ម្ខាង​ស្លាប់​តែ​ម្តង៕