ACU បញ្ជូន​ខ្លួន​មន្ត្រី​គយ​ម្នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី

រាជធានី​ភ្នំពេញ ៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU)​បាន​សម្រេច​បញ្ជូន​ខ្លួន​ជំនួយការ​អគ្គនាយក​គយ និង​រដ្ឋាករ​ម្នាក់ ដែល​បាន​បង្ខំ​យក​លុយ​ពី​ក្រុមហ៊ុន​ដោយ​ខុសច្បាប់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​១៥ កក្កដា​នេះ ។ ហើយ​សំណុំរឿង​នេះ បាន​ស្ថិត​នៅ​ដៃ​លោក ហោ លី​ណា ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​បាន​ធ្វើការ​សាកសួរ ។

នៅ​ល្ងាច​ថ្ងៃ​នោះ​ដែរ​លោក​ព្រះ​អាជ្ញា​រង ហោ លី​ណា បាន​សាកសួរ​មន្ត្រី​គយ​រូប​នេះ​រយ​:​ពេល​១​ម៉ោង ពោល​គឺ​ម៉ោង​៦​និង​៣០​នាទី បាន​ប្រគល់​ជនសង្ស័យ​ឲ្យ​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​គ្រប់គ្រង​វិញ និង​តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃ​ទី​១៦ ខែកក្កដា បញ្ជូន​ទៅ​សាកសួរ​ម្តងទៀត មុន​នឹង​សម្រេច​ធ្វើការ​ចោទ​ជា​ផ្លូវការ ដាក់​ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

មន្ត្រី​គយ និង​រដ្ឋាករ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់ខ្លួន​នោះ​ឈ្មោះ អ៊ឹ​ង ជា​វែង មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​វិនិយោគ​មិនមែន​កាត់ដេរ និង​ជា​ជំនួយការ​លោក អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា ។ លោក អ៊ឹ​ង ជា​វែង ត្រូវ​បាន ACU ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែកក្កដា ២០១៦ នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ។ លោក ឱម យិ​ន​ទៀង បាន​បញ្ជាក់​ថា អង្គភាព​របស់​លោក​បាន​តាម​ស្រាវជ្រាវ​លើ លោក អ៊ឹ​ង ជា​វែង ជា​ច្រើន​លើក​រួច​ទៅ​ហើយ រហូត​ដល់​មានការ​ឃាត់​ខ្លូ​ន​នេះ ។ លោក​ថា នៅ​ថ្ងៃ​ឃាត់ខ្លួន លោក អ៊ឹ​ង ជា​វែង បាន​ទៅ​យក​លុយ​ពី​ក្រុមហ៊ុន ៣​ទៅ​៤​ឯណោះ ។

លោក​ថ្លែង​ថា មាន​ក្រុមហ៊ុន ៣​ទៅ​៤​ដែរ ដែល​គាត់​បាន​យក​។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៣ កក្កដា នោះ ហើយពី​មុន​ៗ​ទៀត​ដែល​យើង​តាម​សង្កេត​ឃើញ​ថា មាន​ច្រើន​ដែរ ប៉ុន្តែ​មិនមែន​ជា​បទល្មើស​ជាក់ស្តែង យើង​ត្រូវធ្វើ​បែបបទ​របៀប​ផ្សេង​។ គាត់​បាន​ទារ​នូវ​អ្វី​ដែល​មិន​ត្រូវ​ទា​រលើ​បញ្ហា​នេះ ដែល​ជា​រឿង​ខុសច្បាប់​។ ទោះជា​យ៉ាងណា ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បាន​រំពឹង​ថា នឹង​បញ្ជូន​លោក អ៊ឹ​ង ជា​វែង ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦​នេះ បន្ទាប់​ពី​ឃាត់ខ្លួន​អស់​៤៨​ម៉ោង រួច​មក​៕