ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ទួរគី កំពុង​ប្រព្រឹត្តិ​ទៅ

ការបាញ់រះ ដោយកាំភ្លើងធុនធ្ងន់ បានលាន់ឮឡើង ក្នុងថ្ងៃសុក្រនេះ នៅកណ្ដាលរដ្ឋធានី អង់ការ៉ា (Ankara)។ ឧទ្ធម្ភាគចក្រ​ជា​ច្រើន​គ្រឿង និងយន្ដហោះប្រដេញរបស់យោធា បានហោះចុះឡើងជាច្រើនដង ពីលើ​រដ្ឋធានី។ កងទ័ព​នៃ​ប្រទេស​ទួរគី បាន​ដណ្ដើម​យក​អំណាច​មកកាន់ក្នុងដៃ និងចាប់មេបញ្ជាការកងទ័ព​របស់​ខ្លួន ជា​ចំណាប់ខ្មាំង។ បណ្ដាញសង្គម​ដូចជា ហ្វេសប៊ុក ឬ​ទ្វីសធើរ​ជាដើម ត្រូវបានកាត់ផ្ដាច់។
ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ទួរគី កំពុង​ប្រព្រឹត្តិ​ទៅ

រថពាសដែក និងកងទ័ពច្រើនសិបនាក់ បានលុកលុយចូលក្នុងរដ្ឋធានី និងបានប្រកាសថា ខ្លួនកំពុងកាន់កាប់អំណាច។ (រូបថត ទ្វីសធើរ)

កងទ័ពរបស់ប្រទេសទួរគី បានប្រកាសនៅយប់ថ្ងៃសុក្រនេះ នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ថាខ្លួន​ដណ្ដើម​អំណាច ដើម្បីការពារនូវ«លិទ្ធិប្រជាធិបតេយ្យ» និង«សិទ្ធិមនុស្ស» បានជាស្ថាពរហើយ។ ប្រធានាធិ​បតី​ក្នុងតំណែង នៃប្រទេសនេះ លោក «Recep Tayyip Erdogan» កំពុងស្ថិតក្នុងកន្លែងមានសុវត្ថិភាព។ នេះ​បើ​តាម​ទូរទស្សន៍ «CNN Turk»។

សេចក្ដីប្រកាសព័ត៌មាន​របស់កងទ័ព ដែលបង្ហោះតាមប្រព័ន្ធទូរសារអេឡិចត្រូនិក (eMail) និងបន្ទាប់មក​ផ្សព្វ​ផ្សាយតាមទូរទស្សន៍ ក្នុងប្រទេសទួរគី បានឲ្យដឹងថា រាល់ចំណងទាក់ទងជាអន្តរជាតិ នៅតែមានភាពធម្មតា ហើយ​នីតិរដ្ឋ នឹងស្ថិតនៅជាអាទិភាព។ អគ្គមេបញ្ជាការ កំពុងស្ថិតជា«ចំណាប់ខ្មាំង» នៃកងទ័ព​ដែល​កំពុង​បះបោរ​ទាំងនេះ។ នេះបើតាមការផ្សព្វផ្សាយ របស់ទូរទស្សន៍ក្នុងស្រុកដដែល និងតាមទីភ្នាក់ងារព័ត៌មាន​មួយ ដែលស្និតនឹងរដ្ឋាភិបាលទួរគី។

សេចក្ដីប្រកាសព័ត៌មាន ដែលចុះហត្ថលេខា ដោយ​«ក្រុមប្រឹក្សាសន្តិភាព នៅក្នុងប្រទេស» បានសរសេរ​ទៀត​ថា៖ «យើងមិនអនុញ្ញាតឲ្យសណ្ដាប់ធ្នាប់ និងអំណាចរដ្ឋ នៅក្នុងប្រទេសទួរគី ដើរថយក្រោយឡើយ។ (...) អាជ្ញា​នៃ​ការ​ផ្ទុះ​អាវុធ ត្រូវបានកំណត់ឲ្យធ្វើ នៅលើផ្ទៃប្រទេស រហូតមានបទបញ្ជាថ្មី។»

នាយករដ្ឋមន្ត្រីទួរគី លោក «Binali Yildirim» បានប្រកាសនៅមុននេះថា កងទ័ពបានប៉ុនប៉ុនដណ្ដើម​អំណាច តែពួកគេត្រូវបានរុញច្រានថយក្រោយវិញ ហើយមិនអាចនិយាយ ថាមានរដ្ឋប្រហារកើតឡើងឡើយ។

អ្នកយកព័ត៌មាន របស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) ប្រចាំនៅរដ្ឋធានីអង់ការ៉ា បានអះអាងថា ខ្លួន​បាន​ស្ដាប់ឮ​នូវការបាញ់រះ នៅកណ្ដាលរដ្ឋធានី និងបានឃើញឧទ្ធម្ភាគចក្រ និងយន្ដហោះយោធាជាច្រើនគ្រឿង បាន​ហោះចុះឡើង ពីលើរដ្ឋធានី។ ហើយអ្នកសារព័ត៌មានផ្សេងទៀត ប្រចាំនៅក្រុង អ៊ីស្តង់ប៊ូល (Istanbul) ក៏​បាន​ឃើញ​ឧទ្ធម្ភាគចក្រជាច្រើន ហោះពីលើទីក្រុងមួយនេះដែរ។

ទូរទស្សន៍ «NTV» បានផ្សាយថា ស្ពានចំនួនពីរ នៅដែលភ្ជាប់ទ្វីបអាស៊ី និងទ្វីបអ៊ឺរ៉ុប ត្រូវបានបិទ លែង​ឲ្យ​មាន​ចរាចរណ៍ទាំងពីរទិស។ ទូរទស្សន៍ដដែលនេះ ក៏បានបង្ហាញដែរនូវរូបភាព ស្ដីពីរថពាសដែកជាច្រើនគ្រឿង នៅ​នឹង​ច្រក​ចូល​នៃព្រលានយន្ដហោះ «Istanbul-Atatürk»៕

Des hélicoptères tirent sur un édifice gouvernemental #Ankara #Turquie https://t.co/7HcB7T8Soj

— Moëz BHAR (@moezbhar) 15 juillet 2016