នាង​អីុ​ត សង់​វីឡា​សម្រាប់​រស់នៅ​ក្នុង​ វ័យ​ចំណាស់

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាង​អីុ​ត គ្រោង​ធ្វើ​វីឡា​ដ៏​ប្រណីត​មួយ នៅ​ស្រុក​កំណើត​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។ ផ្ទះ​វីឡា​ដែល​នាង​អីុ​ត គ្រោង​សាងសង់​នេះ នឹង​ចេញ​ជា​រូបរាង​ឡើង បន្ទាប់​ពីរ​បង​ដែល​នាង​ធ្វើ​ព័ទ្ធ​ជុំវិញ​រួចរាល់ ខណៈ​បច្ចុប្បន្ន​ធ្វើ​បាន​ប្រមាណ​ជា​៨០​ភាគរយ​ហើយ ។

នាង​អីុត កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា នាង​មាន​គម្រោង​សាងសង់​ផ្ទះ​សម​ល្មម​មួយ​នៅ​ស្រុក​កំណើត ដើម្បី​រស់នៅ​ជាមួយ​កូន និង​ឪពុក​ម្តាយ​របស់​នាង ។ គម្រោង​សង់ផ្ទះ​នេះ​មិន​ទាន់​ចេញ​ជា​រូបរាង​នៅឡើយ​ទេ ខណៈ​ពេល​ដែល​នាង​កំពុង​តែ​សាងសង់​របង​ព័ទ្ធ​ជុំវិញ​សិន​ជិត​រួចរាល់​ហើយ ។

បើ​តាម​នាង​អីុត គម្រោង​ធ្វើ​ផ្ទះ​រួម​ជាមួយ​របង​ព័ទ្ធ​ជុំវិញ​នេះ​នាង​នៅ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា ត្រូវ​ចំណាយ​ប្រាក់​អស់​ប៉ុន្មាន​ទេ ខណៈ​ពេល​គម្រោង​ធ្វើ​ផ្ទះ​នេះ​អាច​នឹង​ចាប់ផ្តើម​ឡើង បន្ទាប់​ពី​នាង​វិល​ពី​សម្តែង​នៅ​អា​មេ​រិ​ក​វិញ ព្រោះ​បើ​តាម​គម្រោង​នាង​នឹង​ចេញ​ទៅ​អំឡុង​ចុងឆ្នាំ​នេះ ។ គម្រោង​ធ្វើ​ផ្ទះ​វីឡា​នេះ មិន​ត្រូវ​នាង​អីុត បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​​ទេ ទាំង​ទំហំ និង​តម្លៃ ដោយសារ​តែ​នាង​មិន​ហ៊ាន​និយាយ មុន​ពេល​ដែល​គម្រោង​មិន​ទាន់​ចាប់ផ្តើម ។ នាង​អុ​ី​ត​មិន​ទាន់​ហ៊ាន​និយាយ​មុន​នេះ ព្រោះ​អ្វី​ៗ​មិន​ទាន់​បាន​សម្រេច​ជា​លទ្ធផល​នៅឡើយ បើសិនជា​និយាយ នាង​ខ្លាច​មហាជន​យល់​ថា​នាង​អួត ដូច្នេះ​នាង​សុំ​មិន​និយាយ​លម្អិត ឡើយ ។

មូលហេតុ​ដែល​នាង​អីុ​ត​សម្រេច​ធ្វើ​ផ្ទះ​នៅ​ស្រុក​កំណើត មិន​ធ្វើ​នៅ​ភ្នំពេញ​ត្រូវ​នាង​អះអាង​ថា ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​គឺជា​ស្រុក​កំណើត​របស់​នាង ហេតុនេះ​នាង​ចង់​រស់នៅ​ស្រុក​កំណើត​ជាង​នៅ​ភ្នំពេញ នៅ​ពេល​នាង​ចូល​វ័យ​ចំណាស់ ហើយ​មួយទៀត​ឪពុក​ម្តាយ​របស់​នាង​កំពុង​តែ​រស់នៅ​ទីនោះ ។

តារា​កំប្លែង​នាង​សេន ចិន្តា ហៅ​អីុត បាន​លែងលះ​ជាមួយ​ស្វាមី​កាលពីដើម​ឆ្នាំ​នេះ ។ នាង​អីុ​ត​ធ្លាប់​លើក​ឡើង​ថា​នាង​ស្ទើរតែ​បាត់ អ្វី​ៗ​អស់ពី​ខ្លួន​ដោយសារ​ការ​ទាមទារ​ពី​ស្វាមី​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​សិទ្ធិ ចិញ្ចឹម​កូន​ផ្តាច់មុខ ។

ការ​លែងលះ​គ្នា​នោះ​នាង​អីុត បញ្ជាក់​ថា មិន​ដូច​ការ​ចោទប្រកាន់​លើ​រូប​នាង​ថា ពេល​ទទួល​បាន​ភាព​ល្បីល្បាញ​បោះបង់​ស្វាមី​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​ស្វាមី​របស់​នាង​នាង​មិន​ស្មោះត្រង់ ក្នុង​ពេល​ដែល​នាង​ប្រគល់​ការ​គ្រប់គ្រង​វង់ភ្លេង ។ នាង​អីុ​ត និយាយ​ថា នាង​តូចចិត្ត​ខ្លាំង​ណាស់ ក្នុង​ពេល​ក្រ​តស៊ូ​ត្រដាបត្រដួស​ទាំង​ប្ដី​ទាំង​ប្រពន្ធ​ឌុ​ប​គ្នា​ទៅ​ច្រៀង​ការ​ទាំង​លំបាក ប៉ុន្តែ​ដល់​ពេល​មានបាន ស្រាប់តែ​ថ្ងៃ​ណា​ក៏​ប្ដឹង​ទារ​លែង ហើយ​ជជែក​លើក​ណា​ក៏​បំបាក់ទឹកចិត្ត​របស់​នាង ធ្វើ​ឲ្យ​នាង​ទៅ​ដល់​ផ្ទះ​ចង់​ដួល​សន្លប់​រាល់​លើក ព្រោះតែ​ហត់នឿយ​កាយ​នឹង​ដើរ​កំប្លែង ហើយ​ត្រូវ​ហត់​ចិត្ត​ព្រោះ​ស្វាមី​ទៀត ។

ស្វាមី​របស់​នាង​អីុ​ត គឺជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​មួយ​ក្នុង​ខេត្តកំពង់ស្ពឺ ដោយ​អ្នក​ទាំង​ពីរ​រៀប​ការ​ជាមួយ​គ្នា​កាលពី​ឆ្នាំ​២០០៣ និង​លែង​គ្នា​កាលពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១៦ ។ អ្នក​ទាំង​ពីរ​មានកូន​ស្រី​ម្នាក់​វ័យ​១៣​ឆ្នាំ បាន​ចូល​លេង​កំប្លែង​ក្នុង​ក្រុម «​លោកតា​» របស់​ស្ថានីយទូរទស្សន៍ CTN ផង​ដែរ ៕

ប្រភព ៖
កោះសន្ដិភាព

កំណត់ត្រាខ្មែរឡូត៖

គួររំលឹកថា កាលពីដើមខែមីនា ឆ្នាំ២០១៦ ទើបតែកន្លងផុតទៅនេះ នាងអីុ​ត ក៏បានទទួលស្គាល់រឿងលែងលះស្វាមី ក្រោយពីមានពាក្យចចាមអារ៉ាមជាបន្ដបន្ទាប់

តារា​កំប្លែង​ស្រី​ល្បីឈ្មោះ​ប្រចាំ​ក្រុម​នាយ​ពែ​ក​មី នាង​សេន ចិន្តា ហៅ​អីុ​ត កាន់តែ​បោះ​ជំហាន​ខ្លាំង​ឡើង​ក្នុង​ពិភព​សិល្បៈ រហូត​ចុង​ក្រោយ​នេះ​នាង​ប្រកាស​ឡើង​តម្លៃ​ខ្លួន​សម្តែង​ខ្ពស់​ជាង​មុន ។ ទោះបីជា​ការងារ​សិល្បៈ​របស់​នាង​អីុ​ត​ជោគជ័យ​មែន ប៉ុន្តែ​ដំណឹង​ពី​ស្រុក​កំណើត​របស់​នាង​ថា នាង​បាន​សម្រេចចិត្ត​លែងលះ​ជាមួយ​ប្តី​និង​រូប​នាង​ផ្ទាល់​កម្សត់កម្រ​ជា​គ្រូបង្រៀន​នោះ​ហើយ ។

កន្លង​ទៅ​គេ​នៅ​ចាំ​ថា​ប្អូនស្រី​របស់​នាយ​ក្រូច​គឺ​នាង​អីុត​តែងតែ​ពោល​ជាប់មាត់​ថា នាង​នឹង​មិន​ភ្លេច​ប្តី ភ្លេច​កូន​ទេ ទោះបី​នាង​ល្បីឈ្មោះ និង​មាន​លុយកាក់​ហូរហៀរ​ក្តី ។ ប៉ុន្តែ​ដំណឹង ថ្មី​ៗ​កន្លង​មក​ពី​អ្នក​ភូមិ​ត្រាច​កុះ ឃុំ​មហា​ឫស្សីស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ថា តារា​ស្រី​រូប​នេះ​បាន​សម្រេចចិត្ត​លែងលះ​ប្តី​ដែល​ជា​គ្រូបង្រៀន​ហើយ ក្រោយ​ពី​លេច​ចេញ​រឿងរ៉ាវ ចម្រូងចម្រាស​មួយ​ចំនួន​នៅ​ក្នុង​រង្វង់​គ្រួសារ ។ រឿងរ៉ាវ​ដែល​នាំ​ឲ្យ​ចំណង​ស្នេហ៍​ជាមួយ​ស្វាមី​ឈាន​ដល់​ផ្លូវបំបែក គឺ​ក្រោយ​ពី​នាង​អីុ​ត​ទទួល​ដំណឹង​ថា​ប្តី​តែងតែ​ដើរ​បាត់​ពី​ផ្ទះ​ញឹកញាប់​គ្រា​នាង​ចេញ​ទៅ​សម្តែង​។ ដូច្នេះ​ហើយ​នាង​អីុ​ត​បាន​ដាក់​លក្ខខណ្ឌ​ឲ្យ​ប្តី​ឈប់​ដើរហើរ​យប់​ព្រលប់​ច្រើន​ដែល​ធ្វើ​ឲ្យ​ស្វាមី​មិន​សប្បាយចិត្ត​។ រឿងរ៉ាវ​ចម្រូងចម្រាស​កាន់តែ​ខ្លាំង​ឡើង​ឈាន​ដល់​ការ​ចែកផ្លូវ​គ្នា ។

ក្នុង​ជំនួប​ផ្ទាល់​ក្នុង​ថ្ងៃ​ថត​បទ​ចម្រៀង​ចូល​ឆ្នាំ​ថ្មី​របស់​ផលិតកម្ម​សាន់​ដេ នាង​អីុ​ត​មិន​បាន​បដិសេធ​អំពី​ដំណឹង​បែកបាក់​ជាមួយ​ស្វា​មីនោះ ប៉ុន្តែ​នាង​មិន​បកស្រាយ​ច្រើន​ទេ ។ នាង​អីុត​បញ្ជាក់​ថា «​ខ្ញុំ​សុំ​មិន​បញ្ជាក់​អំពី​រឿង​នេះ គឺ​ទុក​ឲ្យ​ពេលវេលា​ជា​អ្នក​បញ្ជាក់​ចុះ ។ បើ​មានឱកាស​ណា​ល្អ​នាង​ខ្ញុំ​នឹង​លើក​ឡើង​អំពី​បញ្ហា​គ្រួសារ ។ អ្វី​ដែល​នាង​ខ្ញុំ​ចង់​គិត​ពេល​នេះ​គឺ​ពេលវេលា​រក​ប្រាក់ និង​ការងារ​សិល្បៈ ផ្សេង​ៗ ។ មិន​ចង់​រំលឹក​អំពី​រឿង​គ្រួសារ​ទេ » ។ ពី​មុន​នាង​អីុ​ត​តែងតែ​បដិសេធ​រឿង​បែកបាក់​គូ​អាពាហ៍ពិពាហ៍ តែ​ពេល​​នេះ​នាង​មិន​បដិសេធ​ទៀត​ទេ ។

ប្រភព​ពី​ស្រុក​កំណើត​របស់​នាង​អីុ​ត​លើក​ឡើង​ថា ពេល​នេះ​កូនស្រី​តែ​មួយ​វ័យ​១៣​ឆ្នាំ​របស់​នាង​អីុ​ត កំពុង​រស់នៅ​ជាមួយ​ម្តាយ​ឪពុក​របស់​នាង ហើយ យូរ​ៗ​គេ​ឃើញ​នាង​ទៅ​ជួប មុខ​កូន​ម្តង​ព្រោះតែ​នាង​ជាប់​ការងារ​សិល្បៈ​ច្រើន​នៅ​ភ្នំពេញ ។ ចំណងអាពាហ៍ពិពាហ៍​នាង​អីុត​ទំនងជា​មិន​អាច​វិល​រក​សភាព​ដើម​វិញ​ទេ ខណៈ​ដែល​រឿង​ក្តី​លែងលះ​បាន​ចេញ​សាលក្រម​ពី​តុលាការខេត្ត​កំពង់ស្ពឺ​រួច​ហើយ ។

នាង​អីុត​ក្លាយជា​នារី​មេម៉ាយ​កូន​មួយ​ដូច​គ្នា​ទៅ​នឹង​តារា​កំប្លែង​រួម​ក្រុម​របស់​នាង​ដែរ គឺ​នាង​ខ្ញុង ។ បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​នាង​អីុត​កាន់តែ​ស្រស់​ស្អាត​ជាង​មុន ដោយ​គេ​ដឹង​ថា​នាង​បាន​ទៅ​កែ​សម្រស់ ខ្លះ​ៗ​ដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload