ករណី​កែម ឡី ៖ ពេល​បាត់បង់​ទើប​ស្គាល់​តម្លៃ

នៅ​ពេល​ដែល​លោកកែម ឡី ​បាន​​ស្លាប់​ក្នុង​ថ្លុក​ឈាម លោក​បាន​ធ្វើ​ឱ្យ​​មនុស្ស​គ្រប់​គ្នា​​សោកស្តាយ​លោក​ ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ដែល​ហ៊ាន​និយាយ​ការ​ពិត ​ដើម្បី​ចូលរួម​នៅ​ក្នុង​ការ​អភិវឌ្ឍន៍​​សង្គម​ ។ កេរ្តិ៍​​ឈ្មោះ​របស់​លោក​​នឹង​ត្រូវ​​ចង​ចាំ​យូរ​អង្វែង​ ។ ប៉ុន្តែ​នៅ​ពី​ក្រោយ​​នោះ មរណភាព​របស់​លោក​ ក៏​រំលេច​ចេញ​នូវ​ការ​ពិភាក្សា​ដ៏​​មាន​តម្លៃ​មួយ​ ស្តី​អំពី​តម្លៃ​របស់​មនុស្ស​ម្នាក់ ​។

ប្រទេស​កម្ពុជា​ នៅ​មាន​ធនធានមនុស្ស​​កំណត់​នៅឡើយ​ ។ ពោល​គឺ​កម្ពុជា​ ត្រូវការ​ធនធានមនុស្ស​ដែល​ពូកែ​ៗ​ ដើម្បី​ចូលរួម​នៅ​ក្នុង​ដំណើរការ​អភិ​ឌ្ឍ​ន៍​ប្រទេស​ជាតិ​ ឱ្យ​កាន់តែ​រីក​ចម្រើន​ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​​ចុះ ធនធានមនុស្ស​ជា​ច្រើន​​ត្រូវ​បាន​កប់​ចោល ​ឬ​មិន​ត្រូវ​បាន​ប្រើប្រាស់​​ ព្រមទាំង​ផ្តល់​តម្លៃ​ឱ្យ​​គ្រប់គ្រាន់​ដល់​មនុស្ស​សំបូរ​ដោយ​ធនធាន​ប្រផេះ​ (ខួរក្បាល​) ​។

លោកកែម ឡី ជា​ធនធានមនុស្ស​ដ៏​ល្អ​មួយ ​នៅ​ពេល​ដែល​លោក​នៅ​រស់រាន​មានជីវិត ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​​ចុះ លោក​មិន​ត្រូវ​បាន​គេ​ផ្តល់​តម្លៃ​ឱ្យ​​សម​ល្មម​​នឹង​សមត្ថភាព​របស់​លោក​ឡើយ ​នៅ​ពេល​ដែល​លោក​នៅ​​រស់​ ។ លោក​គ្រាន់តែ​ជា​អ្នក​ស្រាវ​ជ្រាវ ​និង​អ្នកវិភាគ​ដ៏​សាមញ្ញ​ម្នាក់​​ប៉ុណ្ណោះ​ ។

ប៉ុន្តែ​នៅ​ពេល​ដែល​លោក​ត្រូវ​បាន​​គេ​បាញ់​សម្លាប់ លោក​បាន​​ត្រូវ​មនុស្ស​គ្រប់​គ្នា​សោកស្តាយ​ ។ គេ​នាំ​គ្នា​ដឹង​អំពី​​តម្លៃពិត​របស់​លោក​ នៅ​ក្នុង​ការ​ជួ​​​យ​ដល់​សង្គម​ ។ យើង​គ្រាន់តែ​សង្ឃឹមថា ​លោកកែម ឡី បានដឹង​អំពី​ការ​សោក​​ស្តាយ​របស់​មនុស្ស​នៅ​រស់​ចំពោះ​​រូប​លោក ​ដែល​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​ដោយ​គ្មាន​ថ្ងៃ​ត្រឡប់​ ។

ការ​សោកស្តាយ​របស់​មនុស្សលោក ​មិន​អាច​ជួសជុល​ការ​បាត់បង់​បាន​វិញ​ឡើយ​ ។ គេ​មិន​អាច​ធ្វើ​ឱ្យ​​លោកកែម ឡី រស់​ឡើង​វិញ​ដើម្បី​ជួយ​​ផ្តល់​ជា​ទស្សនៈ គំនិត និង​ការ​វិភាគ​ដែល​នាំ​ដល់​ការ​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ដ៏​ស្មុ​គ្រ​ស្មាញ​ ដូច​ជា​បញ្ហា​​ពុក​រលួយ បញ្ហា​ប្រជាជន​អត់​ការងារ​ធ្វើ បញ្ហា​ភាព​ក្រីក្រ បញ្ហា​ប្រជាធិបតេយ្យ និងបញ្ហា​ផ្សេង​ៗ​ទៀត​ នៅ​ក្នុង​សង្គម ​។

វា​មាន​សារសំខាន់​ណាស់ ​ដែល​មនុស្ស​ត្រូវ​ផ្តល់​តម្លៃ​ដល់​មនុស្ស ​នៅ​ពេល​ដែល​ពួក​គេ​នៅ​រស់រាន​មានជីវិត​ តាម​រយ​:​ការ​គោរព ​និង​ការ​ផ្តល់​ការងារ​ដ៏​សមរម្យ ​សម្រាប់​ពួក​គេ​នៅ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ ។

ការ​ប្រមូល​ធនធានមនុស្ស​ ដើម្បី​បំពេញការងារ​តាម​ជំនាញ​មាន​សារសំខាន់​ខ្លាំង​ណាស់​ ដើម្បី​រុញ​ល្បឿន​នៃ​ការ​អភិវឌ្ឍន៍​​ប្រទេស​កម្ពុជា​។ នៅ​ក្នុង​ន័យ​​នេះ មនុស្ស​ពូកែ​ៗ​ទាំងអស់​ សម​នឹង​ទទួល​ការងារ ​សម​នឹង​សមត្ថភាព​របស់​ពួក​គេ ​។ បើ​ពុំនោះ​ទេ គេ​បាន​ត្រឹមតែ​សោកស្តាយ​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​ធនធានមនុស្ស​ល្អ​ៗ​ត្រូវ​បាន​បាត់បង់​​ទៅ ​៕