មិន​ធម្មតា! គ្រឿងចក្រចូក​សំរាម​ លើក​នេះ​ចូកទាំងមនុស្ស​

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​ប្រុស​-​ស្រី​៣​នាក់​បាន​រង​របួសធ្ងន់​-​ស្រាល ដោយសារ​ត្រូវ​គ្រឿងចក្រ​ចូក​សំរាម​ជ្រុល​ប៉ះ​ជញ្ជាំង​ស្តុក​សំរាម​បណ្តាល​ឱ្យ​បាក់​សង្កត់​លើ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​១៥ កក្កដា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្សារ​ត្រី​ក្នុងភូមិ​បា​លិ​លេ​យ្យ​1 សង្កាត់​ប៉ោយ​ប៉ែ​ត បង្ក​ភ្ញាក់ផ្អើល​មនុស្ស​ចោមរោម​ព្រោងព្រៀត ។

ជន​រង​គ្រោះ​២​នាក់​ត្រូវ​គេ​ស្គាល់​ម្នាក់​ឈ្មោះ​ប៊ុ​ន ហា​យ ភេទ​ប្រុស​អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្បាលស្ពាន​១ (​របួស​ជើង​ស្តាំ​)​ម្នាក់​ទៀត​ឈ្មោះ​តុង សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​១២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ និង​ម្នាក់​ទៀត​ភេទ​ស្រី មិន​ស្គាល់​អត្តសញ្ញាណ​ទេ រង​របួស​ជើង​ស្រាល គេច​ទៅ​បាត់ ។

តាម​ប្រភព​ថា មុន​កើតហេតុ គេ​ឃើញ​គ្រឿងចក្រ​បើក​ចូក​សំរាម​ដូច​សព្វមួយដង ។ តែ​លើក​នេះ ទំនងជា​ជ្រុល ក៏​បុក​ជញ្ជាំង​ខ្លាំង​បណ្តាល​ឱ្យ​បាក់​ទាំង​ផ្ទាំង​មួយ​កំណាត់​ខាងលើ​សង្កត់​ជន​រង​គ្រោះ​ទាំង​៣​នាក់ ដែល​កំពុង​ដើរ​ទិញ​បន្លែ​ក្បែរ​ជញ្ជាំង​នោះ ។

សន្តិសុខ​ផ្សារ​ត្រី​ប្រាប់​ថា គ្រឿងចក្រ​នោះ​ជា​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​ក្រុង​ប៉ោយ​ប៉ែ​ត ។