គ្រួសារ​ជន​រងគ្រោះ​ដោយ​ការ​បាញ់​ប្រហារ​នៅ​ខេត្ត​ត្បូងឃ្មុំ​ទន្ទឹង​រង់ចាំ​យុត្តិធម៌

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​សេដា ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ដែល​ត្រូវ​បាន​គេ​បាញ់​ធ្លុះ​ជើង​ទាំង​ពីរ​កាល​ពី​ឆ្នាំ​២០១៤ បន្ត​រង់ចាំ​យុត្តិធម៌​ពី​សំណាក់​អាជ្ញាធរ​រដ្ឋ​ទាំង​អស់​សង្ឃឹម។ ពួក​គេ​លើក​ឡើង​ថា ដោយសារ​តែ​អ្នក​បាញ់​ខ្លួន​ជាប់​សែស្រឡាយ​អ្នក​ធំ ទើប​ធ្វើ​ឲ្យ​ពួក​គេ​មាន​សង្ឃឹម​តិចតួច​ណាស់ ថា​អាច​ទទួល​បាន​យុត្តិធម៌។ បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បញ្ជាក់​ថា សមត្ថកិច្ច​នៅ​តែ​តាម​រក​ជន​សង្ស័យ ដើម្បី​ផ្តល់​ភាព​យុត្តិធម៌​ជូន​ជន​រងគ្រោះ។

បើ​ទោះ​បី​ជា​មិន​សូវ​មាន​សង្ឃឹម​ថា ក្រុម​គ្រួសារ​ខ្លួន​នឹង​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ​ក៏ដោយ ប៉ុន្តែ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដោយ​ការ​បាញ់​ប្រហារ​កាល​ពី ២​ឆ្នាំ​មុន ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​ស្វែងរក​ជន​ល្មើស​ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់។

រយៈពេល​ជិត ២​ឆ្នាំ​មក​ហើយ ជន​សង្ស័យ​នៅ​តែ​អាច​មាន​សេរីភាព​ក្រៅ​សំណាញ់​ច្បាប់​ដដែល រីឯ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​វិញ បែរ​ជា​ត្រូវ​រត់​គេច​ចេញ​ពី​ប្រទេស​កំណើត​ទៅ​រក​ស៊ី​នៅ​ក្រៅ​ប្រទេស ពីព្រោះ​ចេះ​តែ​បារម្ភ​ពី​សុវត្ថិភាព​របស់​ខ្លួន និង​មិន​អាច​ប្រកប​មុខ​របរ​នៅ​ក្នុង​ស្រុក​កំណើត​បាន។

ថ្លែង​ពី​ប្រទេស​ម៉ាឡេស៊ី លោក អែល អ៊ីសា ដែល​ជា​ជន​រងគ្រោះ​ដោយ​ការ​បាញ់​ប្រហារ​ពី​សំណាក់​ពលរដ្ឋ​ម្នាក់​ឈ្មោះ ឃុត សោភ័ណ្ឌ ដែល​អ្នក​ភូមិ​អះអាង​ថា​ជាប់​សាច់​ឈាម​នឹង​លោក គន់ គីម ជា​អគ្គ​មេ​បញ្ជាការ​រង​នាយ​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ ថ្លែង​ថា លោក​នៅ​តែ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​រហូត​មក។ លោក​បន្ត​ថា ក្រោយ​កើត​ហេតុ មាន​គេ​ហៅ​ទូរស័ព្ទ​ទៅ​រក​គ្រួសារ​គាត់​ជាច្រើន​លើក​ច្រើនសា ដើម្បី​ឲ្យ​ដក​ពាក្យ​បណ្ដឹង​ចេញ​វិញ និង​ឲ្យ​ក្រុម​គ្រួសារ​លោក​ទទួល​យក​សំណង​មួយ​ចំនួន ប៉ុន្តែ​លោក​បដិសេធ។ ចុង​ក្រោយ លោក និង​ប្រពន្ធ ក៏​សម្រេច​រត់​គេច​ពី​ស្រុក​កំណើត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ក្រោយ​មក​ក៏​បន្ត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ទៀត៖ «បាទ! ទី​មួយ ខ្ញុំ​រក​ស៊ី​នៅ​ស្រុក​ខ្មែរ​ចេះ​តែ​សង្ស័យ ព្រោះ​អី​ពួក​វា​នេះ​គំរាម​ខ្ញុំ តេ​រក​ខ្ញុំ​ប៉ុន្មាន​លើក​ប៉ុន្មាន​សា។ អ៊ីចឹង​ទៅ ខ្ញុំ​ក៏​ដើរ​ចេញ​គេច​មក​រក​ស៊ី​នៅ​ស្រុក​ថៃ ហើយ​ឥឡូវ​មក​ស្រុក​ម៉ាឡេ»

លោក អែល អ៊ីសា ត្រូវ​បាន​ជន​សង្ស័យ​ឈ្មោះ ឃុត សោភ័ណ្ឌ ជា​អតីត​ទាហាន និង​ជា​ពលរដ្ឋ​នៅ​ភូមិ​សែនចំរើន ឃុំ​សេដា បាញ់​ធ្លុះ​ជើង​ទាំង​ពីរ​កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​២០១៤ ខណៈ​ពេល​លោក​បាន​ទៅ​ទារ​ប្រាក់​ពី​ជន​សង្ស័យ​ប្រមាណ ២​លាន​រៀល​ថ្លៃ​ចាក់​ដី។ ជន​រងគ្រោះ​រូប​នេះ​អះអាង​ថា ឃុត សោភ័ណ្ឌ គឺ​ជា​សាច់ញាតិ​ក្រុម​គ្រួសារ​នាយក​ឧត្តមសេនីយ៍ គន់ គីម ជា​អគ្គ​មេបញ្ជាការ​រង​នាយ​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ។ ប៉ុន្តែ​ក្រោយ​ពេល​កើត​ហេតុ ក្រុម​គ្រួសារ​ជន​រងគ្រោះ​ក៏​បាន​ដាក់​បណ្ដឹង​ទៅ​អធិការ​ស្រុក។ អធិការ​ស្រុក​តំបែរ ពេល​នោះ គឺ​លោក ហុង គីមហឿន បាន​បដិសេធ​ថា ជន​សង្ស័យ​មិន​បាន​ជាប់​សាច់ឈាម​ជាមួយ​នាយ​ឧត្តមសេនីយ៍ គន់ គីម ឡើយ ប៉ុន្តែ​អាច​ជា​ការ​យក​ឈ្មោះ​មក​ប្រើ​ប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី បច្ចុប្បន្ន លោក អែល អ៊ីសា បញ្ជាក់​ថា របួស​ជើង​របស់​លោក​បាន​ជា​សះ​ស្បើយ​ហើយ ប៉ុន្តែ​មិន​អាច​ធ្វើ​ការងារ​ធ្ងន់​បាន​ទេ ព្រោះ​ជើង​ទាំង​ពីរ​របស់​លោក​តែង​តែ​ស្ពឹក​ជានិច្ច។

ប្រពន្ធ​របស់​លោក អែល អ៊ីសា អ្នកស្រី យ៉ា រ៉ូម៉ី មាន​ប្រសាសន៍​ថា តាំង​ពី​ក្រុម​គ្រួសារ​អ្នកស្រី​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ និង​តុលាការ​មក គឺ​មាន​ការ​កោះ​ហៅ​ម្តង ក្រោយ​មក​ក៏​បាត់​ដំណឹង​សូន្យ។ អ្នកស្រី​ទទួល​ដំណឹង​ថា ជន​សង្ស័យ​កំពុង​រស់នៅ​មាន​សេរីភាព​ក្នុង​ស្រុក​កំណើត ប៉ុន្តែ​សម្រាប់​គ្រួសារ​អ្នកស្រី ត្រូវ​នាំ​គ្នា​រត់​គេច​ខ្លួន​ទៅ​រស់នៅ​ប្រទេស​គេ​ទៅ​វិញ។ បញ្ហា​នេះ ធ្វើ​ឲ្យ​ពួក​គាត់​មិន​សូវ​មាន​សង្ឃឹម​ថា នឹង​ទទួល​បាន​យុត្តិធម៌​ឡើយ៖ «ខ្ញុំ​យល់​ថា គេ​ខ្សែ​អ្នក​ធំ​គេ​មិន​អាច។ មើល​ទៅ​អាជ្ញាធរ​ជាដើម តុលាការ​ជាដើម ឮ​ថា​ខ្សែ​អ្នក​ធំ ឮ​តែ​លាន់​មាត់​ថា​មិន​អាច​ធ្វើ​គេ​បាន»

ក្រៅ​ពី​ប្ដី​ត្រូវ​បាន​គេ​បាញ់​ឲ្យ​របួស​ជើង​ធ្ងន់ធ្ងរ នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌ ផ្ទះ​សម្បែង​នៅ​ស្រុក​កំណើត ត្រូវ​បាន​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​រឹប​អូស ព្រោះ​ជំពាក់​ប្រាក់​គេ។ លើស​ពី​នេះ​ទៀត ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់ នាំ​គ្នា​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ជាង​មួយ​ឆ្នាំ ហើយ​ត្រូវ​គេ​បោកប្រាស់​មិន​បាន​បើក​ប្រាក់​ខែ​ឲ្យ​ពួក​គាត់​ថែម​ទៀត។

បញ្ហា​ប្រឈម​ទាំង​នេះ ធ្វើ​ឲ្យ​ពួក​គាត់​បន្ត​ដំណើរ​ទៅ​ធ្វើ​ការងារ​ជា​អ្នក​ចៀរ​ជ័រ​កៅស៊ូ​នៅ​ប្រទេស​ម៉ាឡេស៊ី វិញ។ អ្នក​ទាំង​ពីរ​លើក​ឡើង​ថា ដរាប​ណា​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ជន​សង្ស័យ​បាន ពួក​គាត់​មិន​ហ៊ាន​វិល​ត្រឡប់​ចូល​មក​រស់នៅ​ស្រុក​កំណើត​វិញ​ឡើយ។

ទាក់ទង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ ពៅ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ កក្កដា ថា សមត្ថកិច្ច​នៅ​តែ​បន្ត​តាម​រក​ជន​សង្ស័យ ព្រម​ទាំង​ស្នើ​ឲ្យ​ពលរដ្ឋ​ចូលរួម​សហការ​ផ្តល់​ដំណឹង​ស្ដីពី​ទីកន្លែង​រស់នៅ​របស់​ជន​សង្ស័យ​ដល់​សមត្ថកិច្ច​ទៀត​ផង។ លោក​បន្ត​ថា អាជ្ញាធរ​នឹង​ខិតខំ​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ បើ​ទោះ​បី​ជា​អ្នក​ប្រព្រឹត្តិ​នោះ​ជាប់​សាច់ញាតិ​អ្នក​ធំ​ណា​ក៏ដោយ៖ «អ៊ីចឹង​គឺ​ថា​យើង​មាន​ច្បាប់។ យើង​ត្រូវ​អនុវត្ត​ច្បាប់។ អ៊ីចឹង​ប្រសិន​បើ​វា​ប្រព្រឹត្ត​អំពើ​ណា​មួយ​ខុស​នឹង​ច្បាប់ យើង​នឹង​អនុវត្ត​ដោយ​មិន​មាន​យោគយល់​ទៅ​នឹង​បុគ្គល​ណា​មួយ​ទេ»

លោក​ថែម​ទាំង​បាន​ដាក់​ផែនការ​ដើម្បី​ឲ្យ​មន្ត្រី​សមត្ថកិច្ច​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ជន​សង្ស័យ ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវ​ច្បាប់ ដោយ​មិន​អាច​ឲ្យ​បុគ្គល​រូប​នោះ​ធ្វើ​អំពើ​អយុត្តិធម៌​លើ​ប្រជាពលរដ្ឋ​បាន​ទេ។

ទោះ​បី​ជា​មាន​ការ​លើក​ឡើង​បែប​នេះ​ក្តី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ ឬ​តុលាការ នៅ​មិន​ទាន់​បាន​ស្មើ​ភាព​គ្នា​នៅ​ឡើយ ដែល​ជា​ហេតុ​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​កម្ពុជា នៅ​មិន​ទាន់​មាន​នីតិរដ្ឋ​ពិត​ប្រាកដ៖ «គាត់​អត់​ហ៊ាន​ធ្វើ​ទេ ព្រោះ​គាត់​ខ្លាច​បាត់បង់​ស័ក្ដិ ខ្លាច​ប៉ះពាល់​កិត្តិយស​របស់​គាត់។ ចំណែក​រឿង យ៉ា រ៉ូម៉ី នេះ យើង​គិត​ថា​ជា​រឿង​អយុត្តិធម៌»

លោក​បន្ត​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​មិន​អាច​ស្វែងរក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​បាន គឺ​បង្ហាញ​ពី​វប្បធម៌​និទ្ទណ្ឌភាព​នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ម្យ៉ាង​នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់​តែ​បាត់បង់​ជំនឿ​ទុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌ និង​អាជ្ញាធរ​ក្នុង​ការ​គ្រប់គ្រង​រដ្ឋ​ជាក់​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។