AFF U16 ​​ថ្ងៃ​នេះ​៖ ៣​គូ​ជា​ការ​ប៉ះ​គ្នា​ដ៏​សំខាន់​បំផុត​សម្រាប់​ពូល​ A​

ក្រុម​យុវជន​ខ្លាំង​ជម្រើស​ជាតិ​វៀតណាម​​ត្រូវ​ការ​ឈ្នះ​សម្រាប់​ថ្ងៃ​នេះ​​ដើម្បី​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ពាន​រង្វាន់​ AFF Smart U16 Championship 2016 នៅ​ក្នុង​ពូល​ A មុន​គេ​ ហើយ​ក្រុម​យុវជន​មីយ៉ាន់ម៉ា ​អូស្ត្រាលី​ និង​ម៉ាឡេស៊ី​ត្រូវ​ប្រជែង​គ្នា​​ខ្លាំង​ក្នុង​ការ​ស្វែង​រក​កៅអី​ឡើង​វគ្គ​ទៅ​វគ្គ​បន្ត​ បន្ទាប់​ពី​​ក្រុម​ទាំង​៣​​មាន​៤​ពិន្ទុ​ស្មើ​ ខណៈ​សិង្ហបុរី​ក៏​នៅ​មាន​ឱកាស​ដែរ។​

 

AFF U16 ​​ថ្ងៃ​នេះ​៖ ៣​គូ​ជា​ការ​ប៉ះ​គ្នា​ដ៏​សំខាន់​បំផុត​សម្រាប់​ពូល​ A​ យុវជន​អូស្ត្រាលី​(លឿង)ប្រកួត​នឹង​យុវជន​វៀតណាម(ក្រហម)​កន្លង​មក

 

វៀតណាម​ Vs ហ្វីលីពីន៖ វេលា​ម៉ោង​ ៣:៣០​នាទី​នៅ​ស្តាត​ចាស់
ការ​ប្រកួត​នា​រសៀល​នេះ​នៅ​ស្តាត​ចាស់​សម្រាប់​ក្រុម​ខ្លាំង​វៀតណាម​មិន​ពិបាក​ស្វែង​រក​៣​ពិន្ទុ​ទេ​នៅ​ពេល​ក្រុម​នេះ​ជួប​យុវជន​ហ្វីលីពីន។ ៣​ប្រកួត​កន្លង​មក​ U16 វៀតណាម​រក​បាន​៩​ពិន្ទុ​ពេញ​​ដោយ​កំពុង​ឈរ​លេខ​១​ក្នុង​ពូល​ A បន្ទាប់​ពី​ឈ្នះ​ទាំង​៣​ប្រកួត​តាម​រយៈ​ការ​លត់​ U16 ម៉ាឡេស៊ី​ ៣-០, លត់​ U16​ ​អូស្ត្រាលី​ ៣-០ និង​បំបាក់​ U16 ​មីយ៉ាន់ម៉ា​ ៥-១។ បើ​U16 វៀតណាម​ឈ្នះ​ហ្វីលីពីន​ថ្ងៃ​នេះ​ វៀតណាម​នឹង​ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុង​​ក្រោយ​មុន​គេ។ ចំពោះ​ក្រុម​ហ្វីលីពីន​វិញ​​ស្ថិត​នៅ​បាត​តារាង​ បន្ទាប់​ពី​ចាញ់​២​ប្រកួត​ និង​ស្មើ​១​ប្រកួត​​ក្នុង​នោះ​ចាញ់​ U16 សិង្ហបុរី ៣-១, ស្មើ​ U16 ម៉ាឡេស៊ី​ ២-២ និង​ចាញ់​ U16​ ​​អូស្ត្រាលី​ ៧-០។ យុវជន​ហ្វីលីពីន​ទាល់​តែ​ឈ្នះ​ទាំង​ពីរ​ប្រកួត​ចុង​ក្រោយ​ទើប​អាច​អ៊ុត​មើល​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ជា​មួយ​គេ​បាន។

 

AFF U16 ​​ថ្ងៃ​នេះ​៖ ៣​គូ​ជា​ការ​ប៉ះ​គ្នា​ដ៏​សំខាន់​បំផុត​សម្រាប់​ពូល​ A​ យុវជន​​សិង្ហបុរី​(ក្រហម)​ប្រកួត​នឹង​យុវជន​មីយ៉ាន់ម៉ា​(ស)​កន្លង​មក

 

អូស្ត្រាលី​ Vs សិង្ហបុរី ៖ វេលា​ម៉ោង​ ៣:៣០ នាទី​នៅ​អូឡាំពិក​
បន្ទាប់​ពី​លត់​ក្រុម​ហ្វីលីពីន​យ៉ាង​ចាស់​ដៃ​ក្នុង​លទ្ធផល​ ៧-០ ក្រុម​យុវជន​មាឌ​ធំ​អូស្ត្រាលី​ទំនង​ជា​វាយ​សម្រុក​ឥត​សំចៃ​ជើង​ទៀត​ហើយ​លើ​ក្រុម​យុវជន​សិង្ហបុរី​​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នេះ​នៅ​ពហុកីឡដ្ឋាន​ជាតិ។ តាម​រយៈ​ស្មើ​១-១ នឹង​ U16 ​មីយ៉ាន់ម៉ា, ​ចាញ់​ U16 វៀតណាម​ ៣-០ និង​ឈ្នះ​ U16 ហ្វីលីពីន​ ៧-០ ធ្វើ​ឲ្យ​យុវជន​អូស្ត្រាលី​មាន​៤​ពិន្ទុ​ ឈរ​លេខ​២​ក្នុង​ពូល​ A និង​រំពឹង​រក​បាន​៣​ពិន្ទុ​ទៀត​សម្រាប់​រសៀល​នេះ។ ចំណែក​យុវជន​សិង្ហបុរី​វិញ​មាន​៣​ពិន្ទុ​ ឈរ​លេខ​៥​ក្នុង​ពូល​ បន្ទាប់​ពី​ឈ្នះ​U16 ហ្វីលីពីន​ ៣-១, ចាញ់​មីយ៉ាន់ម៉ា​ ៤-១ និង​ចាញ់​ U16 ម៉ាឡេស៊ី​ ២-០។ ប្រសិន​បើ​យុវជន​សិង្ហបុរី​ចាញ់​ក្នុង​ការ​ប្រកួត​ល្ងាច​នេះ​ ​នឹង​អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ហើយ​ ទោះ​ជា​សល់​មួយ​ប្រកួត​ទៀត​ក្តី។​​

ម៉ាឡេស៊ី Vs ​មីយ៉ាន់ម៉ា ៖ វេលា​ម៉ោង​ ៦:៣០​នាទី​នៅ​អូឡាំពិក​
ជំនួប​យុវជន​ម៉ាឡេស៊ី​ និង​យុវជន​មីយ៉ាន់ម៉ា​​ល្ងាច​នេះ​ជា​ការ​ប្រកួត​ដ៏​តឹង​តែង​​​ជាង​គេ​ក្នុង​ចំណោម​៣​ប្រកួត​ថ្ងៃ​នេះ​នៅ​ពូល​ A។ ក្រុម​ទាំង​ពីរ​នេះ​មាន​៤​ពិន្ទុ​ដូច​គ្នា​​ពី​ការ​​ប្រកួត​ឈ្នះ​១ ស្មើ​១​ និង​ចាញ់​១​ដូច​គ្នា​ ខណៈ​មីយ៉ាន់ម៉ា​ឈរ​លេខ​៣​ និង​ម៉ាឡេស៊ី​ឈរ​លេខ​៤​ក្នុង​ពូល។ U16 ​ម៉ាឡេស៊ី​ប្រកួត​លើក​ទី​មួយ​ចាញ់​យុវជន​វៀតណាម​ ៣-០, ប្រកួត​លើក​ទី​ពីរ​ស្មើ​​យុវជន​​ហ្វីលីពីន​ ២-២ និង​ប្រកួត​លើក​ទី​បី​ឈ្នះ​យុវជន​សិង្ហបុរី​ ២-០។ ចំពោះ​ U16 ​មីយ៉ាន់ម៉ា​ប្រកួត​លើក​ទី​មួយ​ស្មើ​យុវជន​អូស្ត្រាលី​១-១, ប្រកួត​លើក​​ទី​ពីរ​ឈ្នះ​ ​យុវជន​សិង្ហបុរី​ ៤-១ ​និង​លើក​ទី​បី​ចាញ់​​យុវជន​វៀតណាម​ ៥-១៕

 

ការ​ប្រកួត​ពីរ​គូ​នៅ​ពហុកីឡដ្ឋាន​ជាតិ​ផ្សាយ​ផ្ទាល់​ដោយ MYTV។

 

AFF U16 ​​ថ្ងៃ​នេះ​៖ ៣​គូ​ជា​ការ​ប៉ះ​គ្នា​ដ៏​សំខាន់​បំផុត​សម្រាប់​ពូល​ A​

 

អត្ថបទ៖ ជាន ចាន់រ៉ា