ខំ​ជិះ​ម៉ូតូ​គេច​ពី​ការ​ដេញ​វាយ​ ក៏​ជ្រុល​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​ ឈ្លក់​ទឹក ​ស្ទើរ​ស្លាប់​ ស្ទើរ​រស់​

ខំ​ជិះ​ម៉ូតូ​គេច​ពី​ការ​ដេញ​វាយ​ ក៏​ជ្រុល​ធ្លាក់​ប្រឡាយ​ទឹក​ស្អុយ​ ឈ្លក់​ទឹក ​ស្ទើរ​ស្លាប់​ ស្ទើរ​រស់​

ភ្នំពេញ​ ៖​ បុរស​​ម្នាក់ ខំ​ជិះ​ម៉ូតូ​រត់​គេច​ពី​ក្រុម​ជនល្មើស​ ដែល​ជិះ​ម៉ូតូ​ដេញ​តាម​វាយ​ ​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ព្រំដី ​រួច​ធ្លាក់ចូល​ប្រឡាយ​ទឹក​ស្អុយ​ឈ្លក់​ទឹក​​ ​ក្អួត​មក​ធ្លាក់​ឈាម​លាយ​ទឹក​ស្អុយ​ ហើយ​ត្រូវ​បាន​គេ​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផង​ដែរ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១៦​ នៅ​តាម​ផ្លូវ​បេតុង ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ។

បើ​តាម​សម្ដី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​អាយ​ខុន១​គ្រឿង ​ពណ៌​លឿង​ លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AH -8533 ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង។ ក្រោយ​មក​ ​ក៏​មាន​ជនល្មើស​២​នាក់ ​ជិះ​ម៉ូតូ​១​គ្រឿង​មិន​ចាំ​ម៉ាក ដេញ​តាម​មកពី​ក្រោយ​ ប្រដាប់​ដោយ​ដំបង ​ហើយ​ជនរងគ្រោះ​មានតែ​ម្នាក់ឯង ​ខ្លាច​គេ​ដេញទាន់ ​ក៏​ខំ​ជិះ​ម៉ូតូ​លឿន​​​ មិន​ប្រយ័ត្ន ជ្រុល​ទៅ​បុក​បង្គោល​ព្រំ​ដី បណ្តាល​ឲ្យ​បាក់ រីឯ​ម៉ូតូ​ និង​មនុស្ស​ហោះ​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ​តែម្តង។

ភ្លាមៗ​នោះ ក៏​មាន​អ្នកភូមិ​ឃើញ​ហេតុការណ៍​ចុះទៅ​ជួយ​ស្រង់​ជនរងគ្រោះ​ចេញពី​ទឹក​ស្អុយ​មក​ដាក់​លើគោក ហើយ​ជនរងគ្រោះ​រង​របួស​បែក​ក្បាល ក្អួត​ចេញឈាម​លាយឡំ​ភក់​ទឹក​ស្អុយ រីឯ​ម៉ូតូ​រង​ការ​ខូចខាត​យ៉ាង​ដំណំ។

ក្រោយពេល​កើតហេតុ បុរស​រង​គ្រោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទូរស័ព្ទ​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ។ ចំណែក​ម៉ូតូ​រងគ្រោះ ​ដោយសារ​ធ្លាក់​ចូល​ក្នុង​ប្រឡាយ​ទឹក​ស្អុយ​ប្រជាពលរដ្ឋ​មិន​ជួយ​លើក ​ទើប​លោកនាយ​ប៉ុស្តិ៍​ចុះ​ស្រង់​ដោយ​ខ្លួនឯង ​និង​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​សំរោងក្រោម ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅវិញ៕