យុវជន​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប

ក្រុម​យុវជន​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​សៀមរាប ប្រមាណ ៣០០​នាក់ បាន​ធ្វើ​វេទិកា​សាធារណៈ​ជាមួយ​គ្នា​នៅ​ឯ​តំបន់​កន្ធាយ​កូម សង្កាត់​ចុងឃ្នៀស ក្នុង​បឹង​ទន្លេសាប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា។

វេទិកា​សាធារណៈ​ដែល​មាន​ចំណង​ជើង​ថា «ម្ចាស់​បឹង​ទន្លេសាប» នោះ គឺ​ពួក​គេ​សម្ដែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ទៅ​លើ​បញ្ហា​ពូជ​ត្រី​ចេះ​តែ​បាត់បង់​ទៅ ដោយសារ​ការ​នេសាទ​ខុស​ច្បាប់ និង​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ដែល​ជា​ជម្រក​ត្រី​ពង​កូន ជាដើម។

ក្រុម​យុវជន និង​ប្រជាពលរដ្ឋ​ជាច្រើន បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ព្រម​ចាត់​វិធានការ​ក្តៅ​ទប់ស្កាត់​សកម្មភាព​នេសាទ​ខុស​ច្បាប់ និង​ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ដើម្បី​ទន្ទ្រាន​យក​ដី​នៅ​ក្នុង​បឹង​ទន្លេសាប​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ គឺ​ពូជ​មច្ឆជាតិ​អាច​នឹង​បាត់បង់​គ្មាន​សល់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

ការ​ព្រួយ​បារម្ភ​នេះ បាន​លើក​ឡើង​នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​មន្ត្រី​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចុងឃ្នៀស នៃ​បឹង​ទន្លេសាប។

យុវជន​ម្នាក់​ដែល​មក​ពី​ស្រុក​ជីក្រែង ភាគ​ខាង​កើត​របស់​ខេត្ត​សៀមរាប ក្នុង​ចំណោម​យុវជន​ប្រមាណ ៣០០​នាក់​ផ្សេង​ទៀត​ដែល​ចូលរួម​ក្នុង​វេទិកា​ម្ចាស់​បឹង​ទន្លេសាប គឺ​លោក ឈឿម លំអង។ លោក​បាន​ចោទ​សួរ​ទៅ​មន្ត្រី​គណបក្ស​ប្រឆាំង​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា​ដែរ​នោះ ពេល​បច្ចុប្បន្ន​មាន​លទ្ធភាព​ប៉ុណ្ណា​ក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កិច្ច​ការពារ​ធនធាន​ជលផល​នៅ​ក្នុង​បឹង​ទន្លេសាប? ការ​ចោទ​សួរ​បែប​នេះ ដោយសារ​តែ​លោក​មើល​ឃើញ​ថា បទល្មើស​នេសាទ​កំពុង​តែ​កើត​មាន​ជាច្រើន​កន្លែង​នៅ​ជុំវិញ​តំបន់​ដែល​គាត់​រស់នៅ៖ «ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ជាប់​ឆ្នោត​ក្នុង​អាណត្តិ​នេះ មាន​វិធានការ ឬ​ក៏​យុទ្ធសាស្ត្រ​យ៉ាង​ដូចម្ដេច ដើម្បី​ប្រឆាំង​ការ​នេសាទ​ត្រី​ខុស​ច្បាប់»

ប្រជាពលរដ្ឋ​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ចោទ​ប្រកាន់​ថា ជនជាតិ​វៀតណាម ជាច្រើន​ដែល​កំពុង​រស់នៅ​លើ​ផ្ទៃ​ទឹក​នៃ​បឹង​ទន្លេសាប គឺ​ជា​អ្នក​ដែល​ពាក់ព័ន្ធ​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ផល​នេសាទ​ត្រី​ថយ​ចុះ។ ប្រជាពលរដ្ឋ​រូប​នោះ​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ធនធាន​ត្រី​នៅ​ក្នុង​បឹង​ទន្លេសាប គឺ​ល្មម​នឹង​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នេសាទ​យក​ទៅ​ចិញ្ចឹម​ជីវិត ក៏ប៉ុន្តែ​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​មិន​បាន​ទទួល​ផល​ពី​នេសាទ​គ្រប់​គ្នា​ទេ ពីព្រោះ​តែ​ជនជាតិ​វៀតណាម ជាច្រើន​បាន​ដណ្ដើម​ធនធាន​ជលផល​ទាំង​នេះ៖ «បើ​សិន​ពួក​នេះ​នៅ​ក្នុង​ទឹក ទោះ​បី​ជា​ឯកឧត្តម​លែង​ត្រី​ក្នុង​មួយ​ឆ្នាំ ២០០​តោន​ក៏​អត់​នៅ​សល់​ដែរ។ អ៊ីចឹង​តើ​មាន​វិធានការ​យ៉ាង​ម៉េច ដើម្បី​ឲ្យ​ជនជាតិ​វៀតណាម ទាំង​នោះ​ឡើង​មក​លើ​គោក​ឲ្យ​អស់»

អ្នក​តំណាង​រាស្ត្រ និង​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​យល់ស្រប​ទៅ​នឹង​កង្វល់​របស់​ប្រជាពលរដ្ឋ​ទាំង​នោះ ហើយ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​រួម​គ្នា​ដើម្បី​ការពារ​ធនធាន​ជលផល និង​ព្រៃ​លិច​ទឹក​ក្នុង​បឹង​ទន្លេសាប​ត​ទៅ​ទៀត។

អ្នក​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ធំ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប លោក ម៉ែន សុថាវរិន្ទ្រ មាន​ប្រសាសន៍​ថា បឹង​ទន្លេសាប​ជា​បឹង​ធំ​ជាង​គេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ ប្រៀប​បាន​ទៅ​នឹង​កូន​សមុទ្រ​ទឹកសាប​មួយ។ បឹង​នេះ​ជា​ជម្រក​ត្រី​ទឹកសាប​ដ៏​សំខាន់​បំផុត​ដែល​មាន​ត្រី​រាប់​ពាន់​អំបូរ ក៏ប៉ុន្តែ​បច្ចុប្បន្ន​នេះ ធនធាន​ជលផល​របស់​បឹង​ទន្លេសាប​កំពុង​ទទួល​រង​នូវ​ការ​នេសាទ​ធ្វើ​អាជីវកម្ម​ហួស​កម្រិត ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ចំពោះ​ការ​បាត់បង់​ពូជ​មច្ឆា​ធ្ងន់ធ្ងរ៖ «ការ​ធ្លាក់​ចុះ​ធនធាន​ជលផល ធ្វើ​ឲ្យ​ប្រជា​នេសាទ​ត្អូញត្អែរ​គ្រប់​គ្នា​អំពី​ការ​ពិបាក​រក​ត្រី ដើម្បី​ចិញ្ចឹម​ជីវិត និង​ក្រុម​គ្រួសារ»

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប លោក សុខ គឹមសេង បាន​កត់​សម្គាល់​ឃើញ​ថា រាល់​បទល្មើស​នេសាទ​នៅ​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្ត​នេះ ភាគ​ច្រើន​មិន​មែន​ជា​អ្នក​នេសាទ​តូចតាច​ទេ។ លោក សុខ គឹមសេង រិះគន់​មន្ត្រី​រដ្ឋាភិបាល ថា​ហាក់​ដូចជា​ធ្វើ​ការ​បង្ក្រាប​ទៅ​លើ​ការ​នេសាទ​ខុស​ច្បាប់​ដោយ​មិន​ចំ​គោលដៅ​ពិត​ប្រាកដ​នៅ​ឡើយ ដូចជា​អ្នក​ដាក់​មង​ប្រវែង ៥០​ម៉ែត្រ​ទៅ ១០០​ម៉ែត្រ សុទ្ធតែ​ខុស​ច្បាប់ ប៉ុន្តែ​ប្រសិន​បើ​ឈ្មួញ​នេសាទ​ដោយ​អូស​ម៉ាញ់ និង​កាណូត​ធំៗ គឺ​មិន​ខុស​ទេ ហើយ​ក៏​មិន​ដែល​មន្ត្រី​ជំនាញ​ណា​ចុះ​បង្ក្រាប​ដែរ។ បញ្ហា​ម្យ៉ាង​ទៀត ការ​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ដើម្បី​រុក​រាន​យក​ដី ក៏​កំពុង​កើត​មាន​ជាច្រើន​កន្លែង​ដែរ៖ «មិន​មែន​ការពារ​មួយ​ថ្ងៃ​បាន​ទេ​បង​ប្អូន។ ដូច្នេះ​យើង​ត្រូវ​រួម​គ្នា​ការពារ​ថែម​ទៀត។ សង្ឃឹម​លើ​មន្ត្រី​ឲ្យ​ការពារ គឺ​មិន​បាន​ទេ ដោយសារ​តែ​វា​មាន​ចំណុច​រសើប​ច្រើន​ពេក»

វេទិកា​សាធារណៈ​ដែល​ធ្វើ​ឡើង​នៅ​តំបន់​បឹង​ទន្លេសាប កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នោះ គឺ​មាន​អាជ្ញាធរ​ក្រុង​សៀមរាប និង​សមត្ថកិច្ច​ខ្លះ​បាន​តាម​ឃ្លាំ​មើល ប៉ុន្តែ​មិន​បង្ហាញ​ប្រតិកម្ម​អ្វី​ទេ។

អភិបាល​ក្រុង​សៀមរាប លោក សូ ប្លាតុង ដែល​នៅ​ចាំ​ឃ្លាំ​មើល​ឆ្ងាយ​ពី​វេទិកា​មាន​ប្រសាសន៍​ថា នេះ​ជា​សេរីភាព​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ។ ទោះ​យ៉ាង​ណា លោក​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ ដែល​ចោទ​ប្រកាន់​ថា​អាជ្ញាធរ​ព្រងើយ​កន្តើយ​ក្នុង​ការ​បង្ក្រាប​បទល្មើស​នេសាទ​នោះ គឺ​មិន​ពិត​ទេ៖ «មិន​មែន​ថា​យើង​មិន​បាន​បង្ក្រាប ឬ​ក៏​មិន​បាន​ចុះ​ទេ គឺ​ជំនាញ​មួយៗ និង​គណៈ​បញ្ជាការ​អី​គាត់​តែង​ចុះ​ជាប់​ជា​ប្រចាំ»

កាល​ពី​ដើម​ឆ្នាំ​២០១៦ អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ដែល​ហៅ​កាត់​ថា ហ្វេកថ៍ (Fact) ក៏​ធ្លាប់​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​នេសាទ​ត្រី និង​ជីវចម្រុះ​ក្នុង​បឹង​ទន្លេសាប​ថយ​ចុះ​ខ្លាំង ដោយសារ​តែ​រដូវ​ប្រាំង​អូស​បន្លាយ​រយៈពេល​វែង ធ្វើ​ឲ្យ​បឹង​អភិរក្ស​ត្រី​ពូជ​មួយ​ចំនួន​បាន​រីង និង​គោក​រាក់ រួម​នឹង​ការ​នេសាទ​ខុស​ច្បាប់​ដោយ​មាន​ការ​បង្ក្រាប​តិចតួច​ផង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។