ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​ធ្វើ​ពិធី​បុណ្យ​គោរព​វិញ្ញាណក្ខន្ធ​ជូន​សព​បណ្ឌិត កែម ឡី

ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធីបុណ្យ​តាម​បែប​ព្រះពុទ្ធ​សាសនា និង​គោរព​វិញ្ញាណក្ខន្ធ​ជូន​សព​លោក​បណ្ឌិត កែម ឡី ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា។

ឃាតកម្ម​លើ​រូប​បណ្ឌិត កែម ឡី ត្រូវ​មន្ត្រី​គណបក្ស​នយោបាយ មន្ត្រី​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ ពិសេស​ក្រុម​យុវជន បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល និង​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​បញ្ញវន្ត ដែល​ជា​វីរជន​ស្នេហា​ជាតិ ហ៊ាន​និយាយ​រិះគន់​ចំណុច​អវិជ្ជមាន​របស់​រដ្ឋាភិបាល កាល​ពេល​រូប​គាត់​នៅ​មាន​ជីវិត។

អ្នក​រស់​នៅ​ខេត្ត​ព្រះសីហនុ មាន​មន្ត្រី​គណបក្ស​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ ពិសេស​យុវជន បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់ លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំមើល​ការ​អភិវឌ្ឍ​សង្គម​នៅ​កម្ពុជា។ ពួកគេ​ទាំង​នោះ ខ្លះ​បាន​ធ្វើ​ពិធី​បុណ្យ​តាម​បែប​ព្រះពុទ្ធ​សាសនា និង​ធ្វើ​ដំណើរ​ទៅ​វត្ត​អារាម​នានា ដើម្បី​ដុត​ធូប​គោរព​វិញ្ញាណក្ខន្ធ ឧទ្ទិស​កុសល​ជូន​លោក​បណ្ឌិត កែម ឡី ដោយ​បួងសួង​ឲ្យ​បាន​ដល់​សុគតិភព។

សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​នេះ លោក សុខ សាវាទ មាន​ប្រសាសន៍​ថា ដើម្បី​ជា​ការ​គោរព​ដឹក​គុណ​ដល់​លោក​បណ្ឌិត កែម ឡី វីរជន​ស្នេហា​ជាតិ សមាជិក​គាំទ្រ​បក្ស​ខ្លួន​បាន​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី​សូត្រ​មន្ត​ឧទ្ទិស​កុសល​បុណ្យ និង​គោរព​វិញ្ញាណក្ខន្ធ​ដល់​រូប​លោក​នា​ទីស្នាក់ការ​គណបក្ស កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​កក្កដា។

លោក សុខ សាវាទ សោកស្ដាយ​ចំពោះ​ការ​បាត់បង់​ធនធាន​មនុស្ស និង​ជា​បញ្ញវន្ត​ម្នាក់ ដែល​មាន​ចំណេះដឹង​ខ្ពស់ និង​ហ៊ាន​រិះគន់​នូវ​ចំណុច​អសកម្ម​ទាំង​ឡាយ​របស់​រដ្ឋាភិបាល​ពេល​គាត់​នៅ​មាន​ជីវិត៖ «»។

​ស្រដៀង​គ្នា​ដែរ អាជីវករ​រស់​នៅ​ខេត្ត​ព្រះសីហនុ មួយ​ចំនួន​ក៏​បង្ហាញ​អារម្មណ៍​ក្រៀមក្រំ និង​សោកស្ដាយ​មិន​ដាច់​ពី​មាត់​ចំពោះ​ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា។ ពួកគេ​ចាត់​ទុក​ការ​ស្លាប់​របស់​បណ្ឌិត កែម ឡី ថា ជា​ការ​បាត់បង់​ធនធាន​មនុស្ស​ដែល​ហ៊ាន​រិះគន់​ចំៗ ទៅ​លើ​ចំណុច​អវិជ្ជមាន​ដែល​កើត​មាន​នៅ​ក្នុង​សង្គម​កម្ពុជា បច្ចុប្បន្ន៖ «»។

​យុវជន គឹម ប៊ុនធឿន ស្ថិត​ក្នុង​ចំណោម​យុវជន និង​ប្រជាពលរដ្ឋ​ច្រើន​ទៀត នា​ខេត្ត​ព្រះសីហនុ ក៏​បង្ហាញ​ការ​ក្ដុកក្ដួល និង​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ​ឯករាជ្យ គឺ​លោក​បណ្ឌិត កែម ឡី នេះ​ដែរ។ យុវជន​ជន​រូប​នេះ​ចាត់​ទុក​ការ​ស្លាប់​នេះ​ថា ជា​ការ​បាត់បង់​វីរជន​ស្នេហា​ជាតិ​ពិត​ប្រាកដ​របស់​កម្ពុជា ដែល​ហ៊ាន​និយាយ​រិះគន់​មិន​សំចៃ​មាត់​អំពី​ចំណុច​ខ្វះខាត​កំពុង​កើត​មាន​ក្នុង​សង្គម​កម្ពុជា៖ «»។

​ចំណែក​មន្ត្រី​សម្របសម្រួល និង​មន្ត្រី​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ និង​លោក អ៊ុប សុវណ្ណចាន់ថន មាន​ការ​រន្ធត់ កាល​បើ​ទទួល​បាន​ដំណឹង​ថា ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​លោក កែម ឡី កាល​ពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១០ ខែ​កក្កដា។ លោក​បាន​បួងសួង និង​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​ដល់​សព​បណ្ឌិត កែម ឡី ដោយ​ក្ដី​អាឡោះអាល័យ៖ «»។

​ទាំង​មន្ត្រី​គណបក្ស​នយោបាយ​បក្ស​ប្រឆាំង មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​ចាត់​ទុក​បណ្ឌិត កែម ឡី ថា​ជា​វីរជន​ស្នេហា​ជាតិ និង​ជា​បុគ្គល​ម្នាក់​បាន​រួម​ចំណែក​ជំរុញ​លើក​ស្ទួយ​ឲ្យ​សង្គម​កម្ពុជា មាន​ការ​គោរព​សិទ្ធិមនុស្ស និង​មាន​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ​តាម​រយៈ​ការ​បណ្ដុះ​គំនិត​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ពិសេស​បណ្ដុះ​គំនិត​ក្រុម​យុវជន​ឲ្យ​ចេះ​ស្រលាញ់​ទឹកដី និង​ធនធាន​ធម្មជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។