លោកកែម ឡី៖​​ខ្ញុំឈឺ​ចាប់​បំផុត​​​ពេល​ឃើញ​​កងកម្លាំង​​​ក្លាយ​​​​ជា​ទាសករ​​​​របស់​អ្នក​មាន​អំណាច​​

លោកកែម ឡី អ្នកតាមដានស្ថានការណ៍សង្គម បានលើកឡើងថា «ហាមដាច់ខាតការយកកងកម្លាំងប្រដាប់អាវុធជាឧបករណ៍នយោបាយរបស់គណបក្សណាមួយ និងជាឧបករណ៍គ្រួសារអ្នកមានអំណាច និងមានទ្រព្យធន»។ លោកបន្តថា «ខ្ញុំបាទមានការឈឺចាប់បំផុតដែលឃើញ កងកម្លាំងប្រដាប់អាវុធក្លាយជាទាសករ និងឧបករណ៍នយោបាយរបស់អ្នកធំ និងអ្នកមានទ្រព្យធន»។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ លោកកែម ឡី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖

កងកម្លាំងប្រដាប់អាវុធស្អាតស្អំ និងថ្លៃថ្នូរ
តើជួយកងកម្លាំងឲ្យមានភាពថ្លៃថ្នូរយ៉ាងដូចម្តេច?
កងកម្លាំងប្រដាប់អាវុធជាបេះដូង ជាគ្រឹះ និងដួងព្រលឹងជាតិដែលយើងត្រូវតែគោរព ឲ្យតម្លៃ និងលើកកម្ពស់បំផុតអស់មួយជីវិត។ កងកម្លាំងល្អ និងមានគុណភាពខ្ពស់ បង្កើតសន្តិសុខជាតិនិងសន្តិសុខមនុស្សជាតិ។ កងកម្លាំងប្រដាប់អាវុធត្រូវតែស្ថិតនៅជំហរឯករាជ្យ ស្វ័យភាពក្នុងការធ្វើសេចក្តីសម្រេចចិត្ត ស្វ័យភាពធនធាន និងគ្រប់គ្រងក្នុងការកិច្ចការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។
កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រាន់តែជាជនរងគ្រោះនៃប្រព័ន្ធដឹកនាំ ឬបន្ទាត់នយោបាយមិនត្រឹមត្រូវដែលជំរុញឲ្យវីរភាពកងកម្លាំងប្រដាប់អាវុធយើងធ្លាក់ចុះ។ កងកម្លាំងប្រដាប់អាវុធជាអ្នកដែលមានគុណបំណាច់ខ្ពស់បំផុតដែលត្រូវកោតសរសើរ និងលើកកម្ពស់ ។កងកម្លាំងប្រដាប់អាវុធមិនមែនជាទាសកររបស់អ្នកធំ និងអ្នកមានទេ។ សូមមេត្តាផ្តល់ប្រាក់ខែឲ្យពួកគាត់និងក្រុមគ្រួសាររស់នៅក្នុងសេចក្តីថ្លៃថ្នូរ ប្រសើរជាងផ្តល់អំណោយតាមពិធីបុណ្យនានា។
១. រចនាសម្ព័ន្ធគ្រប់គ្រងកងកម្លាំង
រចនាសម្ព័ន្ធកងកម្លាំងប្រដាប់ត្រូវស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងពីឧត្តមក្រុមប្រឹក្សាការពារជាតិ(ស្ថាប័នការពារកំពូលជាតិ) និងក្រុមប្រត្តិបត្តិដឹកនាំដោយអគ្គមេបញ្ជាការដ្ឋានកងកម្លាំងប្រដាប់អាវុធ(ក្រសួងការពារជាតិគួរត្រូវលុបចោល) ដើម្បីឲ្យមានស្វ័យភាពការពារទាំងសន្តិសុខជាតិ និងសន្តិសុខមនុស្សជាតិ។ កងកម្លាំងប្រដាប់អាវុធត្រូវស្ថិតនៅឯករាជ្យពីរដ្ឋាភិបាល សភា តុលាការ និងគណបក្សនយោបាយ។ កងកម្លាំងជាពលរដ្ឋរបស់ជាតិ និងពលរដ្ឋក្រោមការគ្រប់គ្រងពីអគ្គមេបញ្ជាការកំពូលគឺព្រះមហាក្សត្រ អគ្គមេបញ្ជាការកំពូលអចិន្ត្រយ៍ និងសមាជិកឧត្តមក្រុមប្រឹក្សាការពារជាតិដែលមានសមត្ថភាពវិជ្ជាជីវៈ ជំនាញ បទពិសោធន៍និងសីលធម៌ខ្ពស់ក្នុងសង្គម(ក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងប្រដាប់អាវុធ)។
២.ការតែងតាំងនិងតំឡើងឋានៈ
ការតែងតាំង និងតំឡើងឋានៈកងកម្លាំងប្រដាប់អាវុធគួរត្រូវបានផ្អែកទៅតាមជំនាញវិជ្ជាជីវៈ មុខងារ សីលធម៌ បទពិសោធន៍ និងទីតាំងភូមិសាស្ត្ររបស់ខ្លួន។ បំបាត់ទាំងស្រុងនូវលក្ខណៈសម្បត្តិនៃការតែងតាំងតាមរយៈសាច់ឈាម បក្សពួកនិយម ទឹកប្រាក់និងសម្ភារៈនិយម។ អ្នកមានសមត្ថភាពជំនាញ សមត្ថភាពការពារ សីលធម៌ខ្ពស់ និងមានប្រជាប្រិយភាពក្នុងអង្គភាពកងកម្លាំងត្រូវបានលើទឹកចិត្ត និងដាក់ជាលក្ខណៈសម្បត្តិនៃការតែងតាំង និងឋានៈក្នុងការដឹកនាំអង្គភាពកងកម្លាំងប្រដាប់អាវុធជាតិខ្មែរតាមលំដាប់ថ្នាក់។ កងកម្លាំងដែលមានឋានៈខ្ពស់(ផ្កាយឡើងទៅ) ត្រូវបោះឆ្នោតអនុម័តដោយសភាជាតិ។ ការតែងតាំងប្រធាន និងអនុប្រធានអង្គភាពកងកម្លាំងត្រូវមានការជ្រើសរើសដោយកងកម្លាំងតាមរយៈការបោះឆ្នោតដោយយុត្តិធម៌ផ្ទៃក្នុងតាមលក្ខណៈសម្បត្តិដែលបានកំណត់។
៣. ប្រាក់ខែ និងកញ្ចប់ផលប្រយោជន៍សម្រាប់កងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ
ប្រាក់ខែសម្រាប់កងកម្លាំងប្រដាប់អាវុធត្រូវតែធានាឲ្យកងកម្លាំង និងក្រុមគ្រួសារបានគ្រប់គ្រាន់និងអាចរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរស្របតាមការសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បច្ចុប្បន្នភាពអតិផរណា និងសមធម៌កងកម្លាំង។ ផលប្រយោជន៍របស់កងកម្លាំងនិងក្រុមគ្រួសារត្រូវធានាអស់មួយជីវិត។
៤. សេវាគាំពារសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធ
កិច្ចការគាំពារសង្គមសម្រាប់កងកម្លាំងនិងក្រុមគ្រួសារមិនត្រូវគិតថ្លៃដូចជាសេវាអប់រំ សេវាសុខភាព សេវាថ្លៃទឹក ភ្លើង និងជាពិសេសសេវាសង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ បរិស្ថាន និងសេវារដ្ឋបាលទាំងអស់។ សេវាដីសម្បទានសេដ្ឋកិច្ចគ្រួសារ និងដីសម្បទានសង្គមកិច្ចត្រូវលើកទឹកចិត្ត និងផ្តល់ជួនកងកម្លាំងប្រដាប់អាវុធជាការចាំបាច់ករណីគ្រួសារកងកម្លាំងក្រីក្រ និងរងគ្រោះ។
៥. សេវាផ្តល់ដីសម្រាប់គេហដ្ឋាន និងដីកសិកម្ម
តំបន់ព្រំដែន តំបន់កោះ តំបន់ភ្នំនិងតំបន់ដីសម្បទានសង្គមកិច្ចនានាត្រូវតែធានាថាគ្រួសារកងកម្លាំងប្រដាប់អាវុធត្រូវតែមានលំនៅដ្ឋានសមរម្យនិងមានដីធ្លីសម្រាប់កសិកម្ម កសិឧស្សាហកម្ម និងតំបន់ទេសចរណ៍ជាលក្ខណៈគ្រួសារ។ គ្រួសារកងកម្លាំងប្រដាប់អាវុធដែលសម្រាកពីការងារត្រូវតែមានលំនៅដ្ឋាន ដីស្រែចម្ការ ឬដីកសិឧស្សាហកម្ម។
៦. ផលប្រយោជន៍ដ៏ទៃទៀតសម្រាប់កងកម្លាំង និងក្រុមគ្រួសារ
សេវារថយន្តក្រុង សេវាកម្ចីប្រាក់ សេវាអាហារូបករណ៍កូនគ្រួសារកងកម្លាំង សេវាទិញទំនេញផ្សារទំនើប សេវារដ្ឋនិងឯកជននានា កងកម្លាំង និងគ្រួសាររបស់ពួកគាត់ត្រូវមានកាត(Military User Card-MUC) ពិសេស និងអាចប្រើប្រាស់លើសេវាដែលបានកំណត់និងទទួលស្គាល់។ រដ្ឋត្រូវមានកិច្ចព្រមព្រៀងពិសេសជាមួយស្ថាប័នឯកជនដែលទាក់ទងសេវានោះ។
៧. ការរស់នៅជុំគ្នារវាងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ
នៅតាមព្រំដែនដែលជាទីតាំងការពារបូរណភាពទឹកដី រដ្ឋត្រូវរៀបចំច្បាប់ពិសេសដែលគ្រួសារកងកម្លាំងអាចទៅរស់នៅភូមិដែលមានទីតាំងជិតបន្ទាយកងកម្លាំងតាមព្រំដែន និងទីតាំងឈរជើង។ រដ្ឋត្រូវធានាលំនៅដ្ឋាន ការសិក្សារបស់កូន ដីស្រែចម្ការ និងមុខរបរតាមបែបសហគ្រាសសាធារណៈ។ រដ្ឋត្រូវធានាប្រាក់ខែ និងប្រាក់ផលប្រយោជន៍សម្រាប់ប្រពន្ធ និងកូនរបស់កងកម្លាំងឲ្យបានសមស្រប និងអាចរស់នៅមានសេចក្តីថ្លៃថ្នូរ។
៨. រៀបចំតំបន់អភិវឌ្ឍន៍ដើម្បីជួយដល់កងកម្លាំង និងក្រុមគ្រួសារ
រៀនមេរៀនដែលរដ្ឋាភិបាលធ្វើបានល្អនៅតំបន់អភិវឌ្ឍន៍ដូចជាមណ្ឌលអភិវឌ្ឍន៍តាកែនកោះស្លា មណ្អលអភិវឌ្ឍន៍ភ្នំឆ័ត្រជាដើមក្នុងការពង្រីកតំបន់អភិវឌ្ឍន៍តាមជាយដែន និងតំបន់កោះ។ រដ្ឋត្រូវកំណត់តំបន់អភិវឌ្ឍន៍តាមព្រំដែន និងកោះយ៉ាងតិចចំនួន១០មណ្ឌលក្នុង១ឆ្នាំសម្រាប់កងកម្លាំង និងក្រុមគ្រួសារឲ្យមានឱកាសពេញលេញក្នុងការកសាងសេដ្ឋកិច្ចគ្រួសារពេលដែលពួកគាត់នៅជាកងកម្លាំង និងពេលដែលពួកគាត់សម្រាកពីកងកម្លាំង និងមានសេដ្ឋកិច្ចរឹងមាំ និងមាននិរន្តរៈភាពជីវភាព។ ធ្វើបែបនេះកងកម្លាំងអាចមានឱកាសរស់នៅដោយសេចក្តីថ្លៃថ្នូរ និងមានភាពស្អាតស្អំ។ លទ្ធផលរំពឹងទុកអាចឲ្យពលរដ្ឋមានការគោរពតម្លៃខ្ពស់ និងមានការគោរពពេញលេញពីពលរដ្ឋគ្រប់រូប។
៩. កសាងទីក្រុងថ្មីនៅតាមកោះនានា និងឱកាសគ្រួសារកងកម្លាំង
រដ្ឋត្រូវរៀបចំអភិវឌ្ឍន៍កោះទាំងអស់ឲទៅជាទីក្រុងទំនើបដែលក្នុងនោះផ្តល់ឱកាសកងកម្លាំង និងក្រុមគ្រួសារមានដីលំនៅដ្ឋាន និងដីចម្ការសម្រាប់គ្រួសារកងកម្លាំងក្រីក្រ និងកងកម្លាំងជាទូទៅករណីដែលក្រុមគ្រួសារមានបំណងទៅរស់នៅតំបន់នោះ។ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត សាលារៀន មន្ទីរពេទ្យ ប្រពន្ធ័ទឹក ភ្លើង ទីផ្សារ និងតំបន់ទេសចរណ៍ជាលក្ខណៈគ្រួសារកងកម្លាំងត្រូវរៀបចំជាស្រេច។ ករណីនេះជាប្រវត្តិសាស្ត្រករណីដែលរដ្ឋាភិបាលរៀបចំ និងយកចិត្តទុកដាក់ចំណុចនេះ។ ករណីនេះមិនត្រឹមតែធានាជីវភាពនិងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនិងក្រុមគ្រួសារទេ ប៉ុន្តែថែមទាំងអាចជួយធានាបាននូវអធិបតេយ្យភាព និងបូរណភាពជាតិបានគង់វង្ស និងនិរន្តរៈភាព។
១០. តំណាងកងកម្លាំងប្រដាប់អាវុធក្នុងយន្តការរដ្ឋ
តំណាងកងកម្លាំងត្រូវមានការជ្រើសរើសឲ្យត្រឹមត្រូវ និងយុត្តិធម៌ក្នុងយន្តការជាតិ(កូតា)សំខាន់ៗដូចជាព្រឹទ្ធសភា រដ្ឋសភា និងយន្តការនានាត្រូវមានតំណាងសម្លេងកងកម្លាំងដែលអាចការពារផលប្រយោជន៍កងកម្លាំងក្នុងវិស័យការពារជាតិ និងសន្តិសុខមនុស្សជាតិ។
១១. ការអប់រំរបស់កងកម្លាំង និងកូនៗរបស់ពួកគាត់
កូនៗកងកម្លាំងប្រដាប់អាវុធត្រូវចូលរៀនមិនបង់ថ្លៃគ្រប់កំរិតតាំងពីថ្នាក់បឋមសិក្សារហូតដល់មហាវិទ្យាល័យ។ រដ្ឋមានភារៈកិច្ចបន្ថែមទៀតផ្គត់ផ្គង់សម្ភារៈសិក្សា ការស្នាក់នៅ និងមធ្យោបាយសិក្សាគ្រប់បែបយ៉ាងសម្រាប់គ្រួសារកងកម្លាំងប្រដាប់អាវុធ។ មិនតែប៉ុណ្ណោះ រដ្ឋត្រូវមានកិច្ចព្រមព្រៀងពិសេសជាមួយគ្រិះស្ថានឯកជនក្នុងការផ្តល់អាហាររូបករណ៍ករណីដែលកងកម្លាំងនិងកូនៗរបស់កងកម្លាំងចង់បន្តការសិក្សានៅស្ថាប័នឯកជននៅថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ និងថ្នាក់អន្តរៈជាតិ។ រដ្ឋត្រូវរៀបចំ និងផ្តល់ឱកាសឲ្យកូនៗរបស់កងកម្លាំងមានឱកាសច្រើន និងពិសេសក្នុងការបន្តការសិក្សានៅក្រៅប្រទេស និងឱកាសចេញទៅចូលរួមកិច្ចប្រជុំសំខាន់ៗតាមជំនាញរបស់ខ្លួននៅតាមបណ្តាប្រទេសនានាលើសកលលោក។
១២ បង្កើតមណ្ឌលសិក្សាស្រាវជ្រាវផ្នែកការពារជាតិ
រដ្ឋមានតួនាទីរៀបចំបង្កើតមណ្ឌលសិក្សាស្រាវជ្រាវបេច្ចេកទេស និងនយោបាយការពារជាតិដូចជា យុទ្ធសាស្ត្រការពារជាតិនៅសហរដ្ឋអាមេរិច អឺរ៉ុប អាហ្វ្រិក អាស៊ី និងយុទ្ធសាស្ត្រការពារជាតិរបស់ប្រទេសមហាអំណាចទាំង៥ក្នុងពិភពលោក។ បច្ចេកទេសនិងបច្ចេកវិទ្យាការពារជាតិនៅថ្នាក់តំបន់ និងនៅលើពិភពលោកត្រូវតែចងក្រង និងសិក្សាស្រាវជ្រាវជាលក្ខណៈវិទ្យាសាស្ត្រនិងផ្លាស់ប្តូរបទពិសោធន៍ការពារជាតិជាមួយបណ្តាប្រទេសនានានៅលើពិភពលោក។ រដ្ឋត្រូវរៀបចំក្រុមសិក្សាស្រាវជ្រាវបច្ចេកវិទ្យា វិទ្យាសាស្ត្រការពារជាតិទាន់សម័យតាមរយៈទំនាក់ទំនងកិច្ចការការពារជាតិពីបណ្តាប្រទេសនានានៅលើសកលលោក។
១៣ ការជួបជុំគ្រួសារកងកម្លាំងប្រចាំឆ្នាំ
រដ្ឋត្រូវរៀបចំពិធីជួបជុំកងកម្លាំង និងក្រុមគ្រួសាររបស់ពួកគាត់ប្រចាំឆ្នាំនៅតាមតំបន់រៀងៗខ្លួន និងពិធីសប្បាយៗដែលជាការលើកទឹកចិត្តឲពួកគាត់ក្នុងសេចក្តីថ្លៃថ្នូរបំផុត។ ពិធីដឹងគុណប្រចាំឆ្នាំត្រូវមានការប្រកួតប្រជែងយកពានរង្វាន់ធំៗ ករណីដែលកងកម្លាំងណាដែលអនុវត្តសមត្ថភាពរបស់ខ្លួនបានល្អ និងភាពស្អាតស្អំដែលទាក់ទងគ្រួសារកងកម្លាំងគំរូ និងកងកម្លាំងណាដែលទទួលបានកិច្ចការពារព្រំដែនបានល្អដោយមិនប្រកាន់ឋានៈកងកម្លាំង និងមុខងារ។
១៤ កងការពារសន្តិសុខ និងសុវត្ថិភាពថ្នាក់ដឹកនាំ
កងការពារសន្តិសុខនិងសុវត្ថិភាពថ្នាក់ដឹកនាំកំពូលៗ ប្រតិភូពីបណ្តាប្រទេសនានា និងអង្គទូត ត្រូវដាក់ជាកងកម្លាំងឯករាជ្យជាតិ (កងកម្លាំងការពារផ្ទាល់ខ្លួនត្រូវលុបចោលទាំងស្រុង)។ កងការពារសន្តិសុខ និងសុវត្ថិភាពរបស់ថ្នាក់ដឹកនាំត្រូវស្ថិតនៅក្រោមការដឹកនាំ និងគ្រប់គ្រងរបស់អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធ។
១៥. ការឈប់សម្រាកប្រចាំឆ្នាំរបស់កងកម្លាំង
ក្នុង១ឆ្នាំ រដ្ឋត្រូវផ្តល់ឱកាសនិងឧបត្ថមដល់កងកម្លាំងឲ្យមានពេលវេលាសម្រាប់ឈប់សម្រាក និងធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅក្រៅប្រទេសសមស្របណាមួយ។ គុណបំណាច់ដ៏ធំធេងនេះត្រូវតែផ្តល់ឲសមតាមអ្វីដែលកងកម្លាំងយើងបានបំពេញ។
លុបបំបាត់ទាំងស្រុងនូវការអនុញ្ញាតិឲ្យកងកម្លាំងក្លាយជាទាសករអ្នកធំ អ្នកមានទ្រព្យ មេបញ្ជាការរបស់ខ្លួន និងហាមដាច់ខាតការធ្វើអំណោយប្រជាភិថុតដល់កងកម្លាំងប្រដាប់អាវុធតាមរយៈអំណោយទានបន្តិចបន្តួច។
ហាមដាច់ខាតការយកកងកម្លាំងប្រដាប់អាវុធជាឧបករណ៍នយោបាយរបស់គណបក្សណាមួយ និងជាឧបករណ៍គ្រួសារអ្នកមានអំណាច និងមានទ្រព្យធន។
ខ្ញុំបាទមានការឈឺចាប់បំផុតដែលឃើញ កងកម្លាំងប្រដាប់អាវុធក្លាយជាទាសករ និងឧបករណ៍នយោបាយរបស់អ្នកធំ និងអ្នកមានទ្រព្យធន។
ករណីគោលការណ៍ឬយុទ្ធសាស្ត្រទាំង១៥ខាងលើត្រូវបានអនុវត្ត អាចជុំរុញឲ្យកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសាររស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងស្អាតស្អំបំផុត។
អរគុណដែលបានតាមដាន និងចូលរួមយ៉ាងសកម្មក្នុងប្រព័ន្ធសង្គម
លើកទឹកចិត្តឲ្យមានការចូលរួមបន្ថែម
អត្ថបទពី៖ វាយោ


Related Posts