ជនបិទមុខ​ម្នាក់​ភ្ជង់​យក​លុយ​ដល់​ក្នុង​ផ្ទះ​ ត្រូវ​បាន​កម្លាំង​នគរបាលឃាត់ខ្លួន​

ជនបិទមុខ​ម្នាក់​ភ្ជង់​យក​លុយ​ដល់​ក្នុង​ផ្ទះ​ ត្រូវ​បាន​កម្លាំង​នគរបាលឃាត់ខ្លួន​



សៀមរាប​ ៖​ ជន​សង្ស័យ​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ ធ្វើការ​ឃាត់ខ្លួន​ទៅតាម​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ បន្ទាប់ពី​រូប​គេ​បាន​យក​ដែក​មុត​ស្រួច​មក​ភ្ជង់​ និង​ច្របាច់.ក​គាត់​ ហើយ​ប្រមូល​យក​លុយ​ចំនួន​៣៥៥០០០​រៀល​ និង​៤៣​ដុល្លារ​ រួច​គេចខ្លួន​ តែ​ត្រូវ​ជាប់អន្ទាក់​សមត្ថកិច្ច។

លោក​វរសេនីយ៍ត្រី​ នួន ស័ក្ត​ចំរើន រិទ្ធ​អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា​ការ​បាត់បង់​រួម​មាន​ លុយ​រៀល​ចំនួន​៣៥៥០០០​រៀល​ និង​លុយ​ដុល្លារ​ចំនួន​៤៣​ដុល្លារ។ លោក​បន្ត​ថា​ រហូតដល់​វេលា​ម៉ោង​១៦និង៣០​នាទី​ថ្ងៃ​ទី​១៥​ ដដែល​ នៅ​ចំណុច​ក្រុម​ទី​១០ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម និង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ដោយមាន​ការចូលរួម​សហការ​​ល្អ​ពី​បងប្អូន​ប្រជា​ការពារ​ភូមិ​សង្កាត់​ស្ល​ក្រុង​ បាន​ធ្វើការ​ស្រាវជ្រាវ​ និង​​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះ ព្រំ វុត្ថា​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត​ មាន​ស្រុកកំណើត​ភូមិ​ដូន​ហុង​ ឃុំ​ដំ​ដែក​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប បច្ចុប្បន្ន​ស្នាក់​ នៅ​បណ្ដោះអាសន្ន ​​​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប ​យក​មក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម​ និង​ដកហូត​ បាន​មក​វិញ លុយ​រៀល​ខ្មែរ ចំនួន ៣៥៥០០០ រៀល និង លុយ​ដុល្លារ​ចំនួន​៤៣​ដុល្លារ ដែក​មានមុខ​មុត​ស្រួច​ប្រវែង​១​តឹក​២​ហ៊ុន ​ចំនួន​០១​ដើម។

យោង​តាម​ពាក្យ​បណ្តឹង​របស់​ជន​រង​គ្រោះ និង​យោង​តាម​ការ​ស្តាប់​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​ ក៏ដូច​ស្លាកស្នាម​របួស​លើ​ដងខ្លួន​ជនសង្ស័យ ​ព្រម​ទាំង​ វត្ថុតាង ដកហូត​បាន​មក​វិញ​នោះ​ ជនសង្ស័យ​ និង​វត្ថុតាង ​ត្រូវ​បាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ​ដើម្បី​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

ជនបិទមុខ​ម្នាក់​ភ្ជង់​យក​លុយ​ដល់​ក្នុង​ផ្ទះ​ ត្រូវ​បាន​កម្លាំង​នគរបាលឃាត់ខ្លួន​