អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​មើលរំលង​អំពើពុករលួយ​របស់លោក គង់ ផល្លា​គុណ នោះទេ​

រឿងអាស្រូវ​ពុករលួយ​របស់លោក គង់ ផល្លា​គុណ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ព្រលានយន្តហោះ​ខេត្តសៀមរាប ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​រួចមកហើយ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក គង់ ផល្លា​គុណ នៅតែ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​។ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មិនទាន់​ចាត់វិធានការ​ទៅលើ​លោក គង់ ផល្លា​គុណ ឲ្យ​ស្របទៅតាម​អ្វីដែល​មន្ត្រី​រូបនេះ​បាន​ប្រព្រឹត្ត​នៅឡើយ​។ ចំណែក​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​មិនទាន់​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក គង់ ផល្លា​គុណ ដែរ​។

​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក គង់ ផល្លា​គុណ ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ព្រលានយន្តហោះ​ខេត្តសៀមរាប គឺ​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​អំពើ​ចិត្ត ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្នុងនោះ​ឈ្មួញ​ខិលខូច​អាច​នាំចូល​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​ដូចជា ទូរស័ព្ទ​ទំនើបៗ គ្រឿងសម្អាង គ្រឿងអលង្កា និង​សម្លៀកបំពាក់​ថ្លៃៗ ចូល​តាម​ច្រក​ព្រលាន​យន្ត​ខេត្តសៀមរាប​តាម​អំពើ​ចិត្ត​។ ប៉ុន្តែ​ដោយសារ​ទំនាស់​ផលប្រយោជន៍​ទើប​កន្លងមក​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បាន​ចាត់វិធានការ​បង្ក្រាប​យក​ស្នាដៃ​ដើម្បី​លាតត្រដាង​ទង្វើ​មិន​ប្រក្រតី​របស់លោក គង់ ផល្លា​គុណ ផងដែរ​។ នេះ​ជា​បញ្ហា​មួយ​ដែល​លោក ឱម យ៉ិនទៀង មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​រឿងអាស្រូវ​ពុករលួយ​របស់លោក គង់ ផល្លា​គុណ កើត​ឡើងជា​យូរ​មកហើយ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។

តាម​ប្រភពពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​លោក គង់ ផល្លា​គុណ ទទួលបាន​ចំណូល​យ៉ាងច្រើន​ពី​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​ព្រលាន​យន្ត​ខេត្តសៀមរាប ដែលមាន​ការឃុបឃិត​ពី​ប្រធាន​សាខាគយ​ខេត្តសៀមរាប​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ដោយសារតែ​ឈ្មួញ​ចង់​ចំណេញ​ច្រើន ទើប​ឃុបឃិត​ជាមួយ​លោក គង់ ផល្លា​គុណ ក្នុងការ​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​ព្រលានយន្តហោះ​ខេត្តសៀមរាប ប៉ុន្តែ​រឿងអាស្រូវ​ត្រូវបាន​បើក​កកាយ​នៅពេលដែល​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចាត់វិធានការ​បង្ក្រាប​។ ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ទើប​ចាត់វិធានការ​លើ​មន្ត្រី​គយ​ពុករលួយ​ឈ្មោះ អ៊ឹង ជា​វែង កាលពីពេល​ថ្មីៗ​កន្លងទៅនេះ គួរពិនិត្យមើល​រឿងអាស្រូវ​ពុករលួយ​របស់លោក គង់ ផល្លា​គុណ មេ​គយ​ច្រក​ព្រលាន​យន្ត​ខេត្តសៀមរាប​ផងដែរ​៕

srnews-74 srnews-75