ឈ្មួញ​បន្ត​នាំចូល​ត្រី​ខូចគុណភាព​តាម​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន យ៉ាង​ពេញបន្ទុក​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ច្រក​ភ្នំ​ដី ឬ​ច្រក​តំបន់​គីឡូ​១៣ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ត្រី​ខូចគុណភាព​ចំនួន​៣​ប្រភេទ​នៅតែ​ត្រូវ​ឈ្មួញ​នាំចូល​តាម​ច្រក​នេះ​មក​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​លើ​ទីផ្សារ​ក្នុង​ខេត្តបាត់ដំបង​។ ការដែល​ឈ្មួញ​អាច​នាំចូល​ត្រី​ខូចគុណភាព​រាប់​តោន​ក្នុង​មួយថ្ងៃៗ គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​គយ និង​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​នេះ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ឧបសគ្គ​។ ដូច្នេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើល​ទង្វើរ​បស់​មន្ត្រី​កាំកុងត្រូល​នៅ​ច្រក​ភ្នំ​ដី ឬ​ច្រក​តំបន់​គីឡូ​១៣​ខ្លះ​ផង​កុំ​ឲ្យ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ឈ្មួញ​យក​លេស​នាំចូល​ត្រី​ខូចគុណភាព​ទាំងនោះ​ទៅធ្វើជា​ចំណី​ក្រពើ ក៏ប៉ុន្តែ​ជាក់ស្ដែង​គេ​យក​ត្រី​ទាំងនោះ​ទៅ​លក់​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​ខេត្តបាត់ដំបង និង​ផលិត​ជា​ណែម ជា​សង្វាក់ និង​ប្រហិត​ជាដើម​សម្រាប់​លក់ដូរ​នៅ​ក្រុង​បាត់ដំបង​។ ត្រី​ខូចគុណភាព​ជាច្រើន​តោន​ក្នុង​មួយថ្ងៃៗ​ត្រូវ​ឈ្មួញ​ជួល​ឲ្យ​កម្មករ​អូស​តាម​រទេះ​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​តាម​ច្រក​ភ្នំ​ដី ហើយ​ពេលមកដល់​ដី​ខ្មែរ គេ​បាន​ផ្ទេរ​ដាក់​រថយន្ត​ដឹកជញ្ជូន​ទៅ​ក្រុង​បាត់ដំបង ឬ​បណ្ដា​ស្រុក​នានា​ចែកចាយ​តាម​ទីផ្សារ​ដោយ​រលូន​តែម្តង​។ បញ្ហា​នេះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែលជា​អ្នកទិញ​ត្រី​ទាំងនោះ​យកទៅ​ចំអិន​ទទួលទាន ព្រោះ​មាន​សារធាតុ​គីមី​យ៉ាងច្រើន​សម្រាប់​រក្សា​គុណភាព​ត្រី​នៅពេល​នាំចូល​ពី​ទឹកដី​សៀម​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​អាជ្ញាធរ​ស្រុក​សំពៅ​លូន បាន​ឲ្យ​ដឹងថា​ការដែល​ឈ្មួញ​អាច​នាំចូល​ត្រី​ខូចគុណភាព​តាម​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន យ៉ាង​ស្រួល​ដូច​សព្វថ្ងៃនេះ គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​រវាង​មេ​គយ​ច្រក​ភ្នំ​ដី ឈ្មោះ ជា វុទ្ធី និង​មន្ត្រី​កាំកុងត្រូល​ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ឈ្មួញ​មិនអាច​នាំចូល​ត្រី​ខូចគុណភាព​ក៏ដូចជា​ចំណីអាហារ​ខូចគុណភាព​ច្រើន​ប្រភេទ​ទៀត​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​បានឡើយ​។ ដូច្នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបាត់ដំបង ក៏ដូចជា​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង គួរ​ចាត់វិធានការ​ពិនិត្យមើល​ភាពមិនប្រក្រតី​ខាងលើនេះ​ផងដែរ ព្រោះ​ការនាំ​ចូល​ត្រី​ខូចគុណភាព ចំណីអាហារ​ខូចគុណភាព មាន​ផ្ទុក​សារធាតុ​គីមី​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ គឺជា​ការបំផ្លាញ​សុខភាព​ពលរដ្ឋ​ខ្មែរ​យ៉ាង​កំរោល​៕

Pic137 Pic137 - Copy