ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ទួរគី៖ នាយក​រដ្ឋមន្ត្រី ថា​គ្រប់​គ្រង​ស្ថានការណ៍​បាន​វិញ

ការប៉ុនប៉ងធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសទួរគី ដែលបង្កឡើងដោយ​«ទាហានមួយក្រុម​នៃកងទ័ព»​របស់​ប្រទេស កំពុង​បន្ត​ទៅ​មុខ​នៅ​ឡើយ ក្នុងយប់ថ្ងៃសុក្រ ចូលមកថ្ងៃសៅរ៍នេះ។ ប៉ុន្តែ​ហេតុការណ៍​ដ៏អាក្រក់ ហាក់​ដូចជា​បាន​ត្រឡប់ ទៅរក​ស្ថានការណ៍​​ដើម​វិញ​ហើយ មកទល់​នឹង​ម៉ោង​នេះ។
ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ទួរគី៖ នាយក​រដ្ឋមន្ត្រី ថា​គ្រប់​គ្រង​ស្ថានការណ៍​បាន​វិញ

រថពាសដែក របស់កងទ័ពទួរគី។ (រូបថតឯកសារ)

បើតាមនាយករដ្ឋមន្ត្រីទូរគី លោក «Binali Yildirim» បានឲ្យដឹងតាមរយៈ​ទូរទស្សន៍ឯកជនក្នុងស្រុក «NTV» ថា នេះជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ របស់«ទាហានបះបោរមួយក្រុម» នៅក្នុងកងទ័ពនៃប្រទេសទួរគី។ លោក បានបន្ថែមថា កងកម្លាំងនគរបាល ដែលស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋាភិបាល កំពុងធ្វើអ្វីគ្រប់យ៉ាង ដើម្បី​ដោះ​ស្រាយស្ថានការណ៍នេះ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងថា៖ «ជនប្រដាប់អាវុធមួយចំនួន បានធ្វើ​សកម្ម​ភាព​ដោយ​​ខ្លួនឯង ដោយខុសច្បាប់ និងដោយគ្មានមេកើយ។»

ខណៈពេលដែលកងទ័ពទួរគី ឬទាហានមួយផ្នែក នៃកងទ័ពទួរគី បានអះអាងនៅមុននេះថា បានក្ដោប​ក្ដាប់​បាន នូវអំណាចពេញដៃនោះឲ តែសម្រាប់រដ្ឋាភិបាលវិញ បានអះអាងពីភាពជឿជាក់របស់ខ្លួន ថាខ្លួន​កំពុង​គ្រប់​គ្រង​ស្ថានការណ៍ បានមកវិញហើយ។ នៅវេលាម៉ោងប្រមាណជា ៣ភ្លឺ ម៉ោងក្នុងស្រុក (ត្រូវនឹង​ម៉ោង​២ភ្លឺ ម៉ោង​នៅ​បារាំង ឬម៉ោង៧ព្រឹក ម៉ោងនៅកម្ពុជា) បន្ទាប់ពីបានធ្វើប្រតិបត្តិការ អស់រយៈពេលជិត៤ម៉ោង នៃ​ការ​ប៉ុន​ប៉ង​ធ្វើរដ្ឋប្រហារនេះ លោក «Binali Yildirim» បានបញ្ជាក់ថា៖ «ជាគម្រោងការដ៏លីលាមួយ ដែល​ទទួល​បរាជ័យ។ ហើយមកដល់ពែលនេះ យើងគ្រប់គ្រងស្ថានការណ៍ បានមួយភាគធំហើយ។» ផ្នែកចារកម្ម​របស់​ប្រទេស​​ទួរគី ក៏បានលើកឡើង នៅក្នុងពេលតែមួយដែរថា ស្ថានការណ៍​កំពុងវិល​ទៅ​ដូច​ដើមវិញ។

រដ្ឋធម្មនុញ្ញថ្មី...

រដ្ឋប្រហារបានកើតឡើង នៅវេលាម៉ោងប្រមាណជា ២៣ និង៣០នាទី យប់ថ្ងៃសុក្រ ម៉ោងក្នុងស្រុក (ត្រូវនឹង​២២ និង៣០នាទី ម៉ោងនៅបារាំង និងត្រូវនឹងម៉ោង ៣ និង៣០ភ្លឺ ព្រឹកថ្ងៃសៅរ៍ ម៉ោងនៅកម្ពុជា) នៅ​ក្នុង​​សេចក្ដី​ប្រកាស​​ព័ត៌មានមួយ ដែលផ្សាយនៅលើគេហទំព័រ នៃអគ្គមេបញ្ជាការកងទ័ព បានឲ្យដឹងថា កងទ័ព​នៃ​ប្រទេស​​ទួរគី បានដណ្ដើមបានអំណាច ដើម្បីការពារ នូវ«លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស» មក​កាន់​​នៅ​ក្នុង​​ដៃ​​ហើយ។

សេចក្ដីប្រកាសព័ត៌មាននោះ បានអះអាងថា៖ «រាល់ទំនាក់ទំនងជាអន្តរជាតិ នៅមានសភាពជាធម្មតា ហើយ​នីតិរដ្ឋ​នៅតែស្ថិតនៅជាអាទិភាព។ នីតិរដ្ឋដែលមិនប្រកាន់សាសនា និងតាមបែបប្រជាធិបតេយ្យ ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ ហើយរដ្ឋធម្មនុញ្ញថ្មីមួយ នឹងត្រូវរៀបចំឡើង នៅក្នុងពេលខាងមុខ។»

ទូរទស្សន៍រដ្ឋ ដែលត្រូវកងទ័ពបះបោរកាន់កាប់បាននោះ បានប្រកាស ពីច្បាប់អាជ្ញាសិកមួយ ថាត្រូវបានដាក់​ឲ្យប្រើប្រាស់ ដោយអនុញ្ញាតឲ្យផ្ទុះអាវុធ ទៅលើនរណាក៏ដោយ។ ទូរទស្សន៍ដដែល បានបញ្ជាទៅ​កាន់​ពលរដ្ឋ​ទួរគី ទាំង៧៥លាននាក់ ឲ្យនៅក្នុងផ្ទះ។ ប៉ុន្តែ នៅវេលាម៉ោង០០ និង៣០នាទី ម៉ោងក្នុងស្រុក ចូលមក​ព្រឹក​ថ្ងៃ​សៅរ៍ គេលែងឃើញទូរទស្សន៍នេះ ផ្សាយជាបន្តទៅទៀត។ រហូតលុះត្រា​ដល់ម៉ោង​ប្រមាណជា ៣ភ្លឺ ទើបគេ​ឃើញ​​រូបភាព ត្រូវបានបង្ហាញជាថ្មី ដោយមានពលរដ្ឋ​ជាច្រើនកុះករ បានសម្រុកចូល​ទៅដល់​បន្ទប់​ផ្សាយ ហើយ​​ពិធីករ និងពិធីការិនី បានពន្យល់ថា ពួកគេត្រូវ​បានឃាត់ខ្លួន នៅក្នុងអំឡុង​ពេលមុននេះ។

សេចក្ដីរាយការណ៍​ផ្សេងទៀត បានឲ្យដឹងថា កងកម្លាំងនគរបាល បានជួបប្រយុទ្ធ​ជាមួយ​កង​កម្លាំង​ទាហាន នៅពេលរដ្ឋប្រហារ​ចាប់ផ្ដើមដំបូង។ ហេតុការណ៍ប៉ះទង្គិចនេះ បានសម្លាប់​នគរបាល​ចំនួន១៧នាក់។ សេចក្ដី​រាយការណ៍​នោះ បានបន្ថែមទៀតថា អាគាររដ្ឋសភាជាតិ ត្រូវបានបាញ់ផ្លោងចូល បណ្ដាលឲ្យ​មាន​ការ​ខូចខាត ប៉ុន្តែ​គេនៅមិនទាន់ដឹងថា ការខូចខាតនោះ មានទំហំបែបណានៅឡើយ។

ពលរដ្ឋចុះតាមដងផ្លូវ

ដោយឡែក ប្រធានាធិបតីទួរគី លោក «Recep Tayyip Erdogan» បានប្រកាស​​ស្នើទៅ​បណ្ដា​ជន​​​អ្នក​គាំទ្រ​លោក និងគាំទ្ររដ្ឋាភិបាល ឲ្យចុះមកតាមដងផ្លូវ ដើម្បីបរិហារ​​នូវការប៉ុនប៉ង​​ធ្វើរដ្ឋ​ប្រហារ ពី​សំណាក់​​«ជន​​ប្រដាប់​​​អាវុធ មួយក្ដាប់​តូច»​នេះ។ បុរសខ្លាំង ដែលកាន់អំណាច​តាំងពីឆ្នាំ២០០៣រូបនេះ បានថ្លែង​តាម​រយៈ​​ទូរស័ព្ទ​​ដៃ ទៅកាន់ទូរទស្សន៍ «CNN-Türk» ដែលមាន​ឯកទេស​ខាង​ព័ត៌មាន ដូច្នេះថា៖ «ខ្ញុំពិតជា​មិន​បាន​គិត​សូម្បី​បន្តិច ថាក្រុមជនបះបោរ​​ប្រដាប់​អាវុធ​ទាំងនេះ នឹងទទួលបាន​ជ័យជំនះ»។

តាមសាក្សីជាច្រើន នៅតាមបណ្ដាញសង្គម ទ្វីសធើរ បានបង្ហាញថា ក្រុមអ្នកគាំទ្រលោកប្រធានាធិបតី និង​រដ្ឋាភិបាល ជាច្រើនរយពាន់នាក់ បានចុះមកតាមដងផ្លូវ និងបានស្រែកថា «ព្រះអាឡាហ៍ ធំជាងអ្វីទាំងអស់ (Allahu Akbar)»។ នៅក្នុងរូបភាពថតផ្សាយផ្ទាល់ របស់ទូរទស្សន៍ «Euro News» គេឃើញកងទ័ព​បាន​បើក​ការបាញ់​រះ ឡើងទៅលើមេឃ ដើម្បីគម្រាមក្រុមពលរដ្ឋទាំងនោះ។ ប៉ុន្តែនៅតាមតំបន់ខ្លះទៀត គេឃើញ​កម្លាំង​​ពលរដ្ឋ​ទាំងនោះ ហាក់ដូចជាបានរុញឲ្យកងទ័ព ទាំងក្រុមទាហាន ទាំងរថពាសដែក ធ្វើការដកថយ​ទៅ​វិញ៕