​មន្ត្រី​គយ​និង​រដ្ឋាករ​ម្នាក់ទារ​លុយ​ពី​ក្រុមហ៊ុន អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយឃាត់ខ្លួន

​មន្ត្រី​គយ​និង​រដ្ឋាករ​ម្នាក់ទារ​លុយ​ពី​ក្រុមហ៊ុន អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយឃាត់ខ្លួន



រាជធានី​ភ្នំពេញ ៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ កក្កដា​ថា អង្គភាព​បាន​ឃាត់ខ្លួន​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ម្នាក់​ពី​បទ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​នៅ​ពេល​ទារ ​លុយ​ពី​ក្រុមហ៊ុន និង​រោងចក្រ​មួយ​ចំនួន​នៅ​កម្ពុជា ។

ជុំវិញ​ករណី​នេះ លោក​ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា អ្នក​ដែល​ត្រូវ​អង្គភាព​ឃាត់ខ្លួន​មានឈ្មោះ​លោក អ៊ឹ​ង ជា​វែង ប្រធាន​ការិយាល័យ​នៃ​ការិយាល័យ​វិនិយោគ​មិនមែន​កាត់ដេរ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ។ យើង​បានដឹង​ថា គាត់​ដើរទារ​លុយ​ពី​អ្នក​នេះ អ្នក​នោះ​ដែល​គាត់​ត្រូវ​ទារ ប៉ុន្តែ​មិនដឹង​ថា គាត់​ដើរទារ​បាន​ប៉ុន្មាន​ទេ ។ តែ​មក​ដល់​ថ្ងៃ​ទី​១៣ កក្កដា យើង​ឃើញជាក់ស្តែង​គាត់​ទទួលយក​ប្រាក់​ពី​ក្រុមហ៊ុន​បី​ឬ​បួន ដូច្នេះ​ពេល​ថ្ងៃត្រង់​យើង​ក៏​បាន​ឃាត់ខ្លួន​គាត់ តែ​រហូត​ដល់​ម៉ោង​៧​យប់​ទើប​នាំ​ខ្លួន​គាត់​ចេញពី​សណ្ឋាគារ​មួយ​ទៅ​កាន់​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ។ លោក​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បន្ត​ថា មុន​នឹង​ឈាន​ដល់​ឃាត់ខ្លួន​មន្ត្រី​ខាងលើ​នេះ អង្គភាព​បាន​តាមដាន​យ៉ាង​ប្រកៀក​ប្រកិត​តាំងពី​ថ្ងៃ​រហូត​ដល់​ម៉ោង​៧​យប់ ទើប​នាំ​គាត់​ទៅ​កាន់​អង្គភាព​ដើម្បី​សួរនាំ​បាន ។

លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង បាន​ឲ្យ​ដឹង​ថា ខាង ACU នឹង​បញ្ជូន​គាត់​ទៅ​តុលាការ​នៅ​ម៉ោង​៣​កន្លះ​ថ្ងៃនេះ​(១៥ កក្កដា​)​ពីព្រោះ​គាត់​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​នៅ​ក្នុង​ពេល​ដែល​គាត់ ​ទារ​លុយ​ពី​រោងចក្រ និង​ក្រុមហ៊ុន​មួយ​ចំនួន ។

សូម​បញ្ជាក់​ថា ACU បាន​ឃាត់ខ្លួន លោក​អ៊ឹង ជា​វែង កាលពី​ថ្ងៃ​ទី​១៣ កក្កដា ពី​បទ​អំពើ​ពុក​រលួយ​ទារ​លុយ​តាម​រោងចក្រ​និង​ក្រុមហ៊ុន​មួយ​ចំនួន​ក្នុង​ ពេល​ដែល​មន្ត្រី ACU បាន​តាមដាន​ឃើញ​មាន​បទល្មើស​ជាក់ស្តែង​ពេល​កំពុង​ប្រព្រឹត្ត​ទារ​លុយ ៕