ផលិតកម្មល្បីៗ និងតារាល្បីៗ រួមគ្នាផលិតរឿង ភាគខ្មែសម្រាប់ភីអិនអិន (មានវីដេអូខ្លី)

ភ្នំពេញ៖ តារាសម្តែងល្បីៗជាច្រើនរូបប្រចាំប្រទេសកម្ពុជា នឹងចូលរួមសម្តែងនៅក្នុងរឿងភាគខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ដែលត្រូវបានសម្រិតសម្រាំងដោយផលិតកម្មល្បីៗនៅក្នុង ស្រុករួមមានជាអាទិ៍ ផលិតកម្មអិលឌីភីចឆ័រ (LD Picture) និងផលិតកម្មខ្មែរមេគង្គ (KMF)។

ស្ថានីយ៍ទូរទស្សន៍PNN បានបណ្តាក់ទុនរាប់ម៉ឺនដុល្លារ ក្នុងការផលិតនូវរឿងភាគក្នុងស្រុកល្អៗ សម្រាប់បម្រើអារម្មណ៍ ទៅដល់ទូរទស្សនិកជន ដែលនឹងត្រៀមចាក់ផ្សាយនៅដើមខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។

រឿងភាគដំបូងដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន គឺជាស្នាដៃរបស់ផលិតកម្ម អិលឌីភីចឆ័រ ក្រោមការដឹកនាំរបស់លោក លៀក លីដា ដែលមហាជនភាគច្រើនបានស្គាល់តាមរយៈរឿងល្បីៗមួយចំនួន ដែលបានចាក់បញ្ចាំងតាមរឿងកុនធំៗនាពេលកន្លងមក។

លោក លៀក លីដា អ្នកដឹកនាំរឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» នៅក្នុងកិច្ចសម្ភាសន៍ជាមួយ ភីអិនអិន ខណៈ ដែលក្រុមការងាររបស់លោក បានមកថតឈុតឆាកខ្លះនៃរឿងនេះ នៅឯសណ្ឋាគារ ហ្គាឌិនស៊ីធី កាលពីថ្ងៃចន្ទដើមសប្តាហ៍ បានបង្ហាញសុទិដ្ឋិនិយម ចំពោះរឿងនេះថា៖ «រឿងនេះខ្ញុំជឿជាក់ថានឹងទទួលបាននូវការគាំទ្រច្រើនពីទូរទស្សនិកជន ដោយផ្អែកលើបីចំណុច គឺខ្លឹមសារនៃរឿង គុណភាពនៃការផលិត និងតួសម្តែង»។

រឿងភាគបែបមនោសញ្ចេតនា លាយឡំដោយការកាច់កុងគ្នារវាងកូនប្រសារ និងម្តាយក្មេក «ម្ទេសហឹរ ប៉ះអំបិលប្រៃ» មានការចូលរួមសម្តែងដោយកញ្ញា តូតា លោក អេវីន អ្នកនាង គ្រត លោក ជាសំណាង រួមនឹងសិល្បករល្បីៗជាច្រើនរូបទៀត។

កញ្ញា តូតា និងលោក អេវីន ដែលជាតួឯកនៅក្នុងរឿងភាគថ្មីបំផុតរបស់ភីអិនអិននេះ ក៏បាននិយាយផងដែរថា ពួកគេជឿជាក់ថាទស្សនិកជន នឹងចូលចិត្តរឿង «ម្ទេសហឹរ ប៉ះអំបិលប្រៃ» ដោយសារតែរឿងនេះ មានការលាយឡំគ្នាទាំងស្នេហា ឌឺដង កាច់កុងគ្នារវាងម្តាយក្មេក កូនប្រសារ ក៏ដូចជាកំប្លែងសើចសប្បាយច្រើន។

រឿងភាគ «ម្ទេសហឹរ ប៉ះអំបិលប្រៃ» ជារឿងភាគមនោសញ្ចេតនាស្នេហារវាងប្តីប្រពន្ធវ័យក្មេង មួយគូស់នៅជាមួយ នឹងម្តាយក្មេកដែលពិបាកយល់ចិត្ត ស្គាល់តែកំហុសរបស់កូនប្រសារស្រ្តី។ រឿងនេះមានគំនិតអប់រំ ទៅដល់ម្តាយក្មេកនិងកូនប្រសារសម័យថ្មីទាំងអស់ឲ្យចេះមាន ការយោគយល់អធ្យាស្រ័យគ្នា ទើបអាចរស់នៅជាមួយគ្នាប្រកប ដោយសេចក្តីសុខ។

ដោយឡែកសម្រាប់រឿងភាគមានចំណងជើងថា «សង្គ្រាមបេះដូង» វណ្ណកម្មថ្មីរបស់ផលិតកម្មខ្មែរមេគង្គ ក៏នឹងត្រៀមចាក់ផ្សាយផងដែរ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនក្នុងពេលឆាប់ៗនេះ។ ទូរទស្សនិកជនភាគច្រើន បានទទួលស្គាល់ទៅលើស្នាដៃផលិតរបស់ផលិតកម្មក្នុងស្រុកមួយនេះ ជាពិសេសនោះគឺរឿងចុងក្រោយគេ «តម្លៃស្នេហ៍» ដែលបានឈ្នះពានរង្វាន់ដល់ទៅ៤ ពីមហោស្រពភាពយន្តនៅហូលីវូដ Hollywood International Moving Pictures Film Festival (HIMPFF)។

នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយភីអិនអិនកាលពីថ្ងៃទី១៣ កក្កដា កន្លងទៅនៅឯសណ្ឋាគារ ហ្គាឌិនស៊ីធី លោកជុំ ចាន់ឌន អ្នកដឹកនាំរឿងភាគ «សង្គ្រាមបេះដូង» បានបង្ហាញចំណាប់អារម្មណ៍ ចំពោះរឿងភាគថ្មីនេះថា៖ «ខ្ញុំមានការជឿជាក់រឿងសង្គ្រាមបេះដូងនេះ នឹងទទួលបាននូវការ គាំទ្រខ្ពស់ដូចរឿងតម្លៃស្នេហ៍ដែរ ព្រោះថា KMF យើងផ្តោតជាចម្បងទៅ លើគុណភាពនៃរឿង»។ លោកបានបន្តទៀតថា៖«រឿងនេះមានលក្ខណៈជាខ្មែរច្រើន ដោយសាច់រឿងឆ្លុះបញ្ចាំង ពីតថភាពសង្គមយើងសព្វថ្ងៃ រីឯតួសម្តែងមានការខិតខំខ្លាំងមែនទែន គួរឲ្យកោតសរសើរត្បិតថាពួកគាត់ជាតួថ្មីក៏ដោយ»។

ព្រមជាមួយគ្នានេះដែរ លោក ហេង នរៈកក្កដា តួឯកប្រុសក្នុងរឿង «សង្គ្រាមបេះដូង» បានឲ្យដឹងផងដែរថា លោកមានក្តីសង្ឃឹមខ្លាំងទៅលើ រឿងនេះថានឹងទទួលបានការគាំទ្រពីទូរទស្សនិកជន ព្រោះសាច់រឿងជា ស្នាដៃរបស់កូនខ្មែរសុទ្ធសាធ ហើយការដឹកនាំរបស់ផលិតកម្មខ្មែរមេគង្គ គឺមានគុណភាពខ្ពស់ សម្រិតសម្រាំងសម្រាប់អ្នកទស្សនា។

រឿង«សង្គ្រាមបេះដូង» ជារឿងរ៉ាវស្នេហាតួឯកស្រីត្រូវប្រឆាំង នឹងបេះដូងរបស់ខ្លួនទៅរៀបការជាមួយនឹង មនុស្សដែលខ្លួនមិនស្រឡាញ់ជាថ្នូរ នឹងប្រាក់ជូនម្តាយដែលញៀននឹងល្បែង និងការបានបន្តនៅជិត មនុស្សដែលនាងស្រឡាញ់។ ភាពតានតឹងកាន់តែខ្លាំងខណៈដែលការពិតអ្វីៗសុទ្ធ តែជាការរៀបចំទុកជាមុនដោយមិនឲ្យនាងដឹងពីសំណាក់បុរស ជាទីស្រឡាញ់របស់នាង។

តួសម្តែងនៅក្នុងរឿងភាគថ្មីសន្លាងនេះរួមមាន លោក ហេង នរៈកក្កដា លោក សន កាយ៉ាឌី កញ្ញា ឃីង សុរិយា កញ្ញា ឡាយ សម្ផស្ស រួមទាំងតារាល្បីៗរបស់ផលិតកម្មខ្មែរមេគង្គជាច្រើនរូបទៀត។
ភីអិនអិនជាស្ថានីយទូរទស្សន៍ថ្មី និងទំនើបបំផុតនៅកម្ពុជា បានផ្ដល់ទុនផលិតយ៉ាង សន្ធឹកសន្ធាប់ដល់ផលិតករខ្មែរ ដើម្បីលើកកំពស់គុណភាពភាពយន្តខ្មែរ និងបំពេញតម្រូវការកម្សាន្តរបស់ពលរដ្ឋកម្ពុជា។

ខែ្សភាពយន្តភាគខ្មែរដំបូង នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅដើមខែកញ្ញាខាងមុខនេះ៕

សូមទស្សនាវីដេអូខ្លីអំពីចំណាប់អារម្មណ៍អ្នកដឹកនាំសម្តែង និងតារាក្នុងរឿងម្ទេសហិរប៉ះអំបិលប្រៃ៖

សូមទស្សនាវីដេអូខ្លីអំពីចំណាប់អារម្មណ៍អ្នកដឹងណារឿង និងតារាសម្តែងរឿង សង្គ្រាមបេះដូង៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload