បង្ក្រាប​ទូក​នេសាទ​យួនលួច​ឆក់​ត្រី ​ក្រុម​ជនល្មើស តដៃផ្ទុះអាវុធ​ស្លាប់​ម្នាក់របួស​2​នាក់

ខេត្តតាកែវ ៖ យ៉ាង​ហោច​ណាស់​ជនជាតិ​វៀតណាម​ម្នាក់​បាន​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ និង​ទាហាន​ខ្មែរ​ម្នាក់​ក៏​រង​របួសធ្ងន់​ដែរ និង​ត្រូវ​បាន​មន្ត្រី​ជលផល​ខេត្ត​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ ខណៈ​ជនល្មើសជនជាតិ​វៀតណាម​សម្រុក​ជិះទូក​ឆ្លង​ដែន​ចូល​មក​ឆក់​ត្រី​នៅ​លើ​ទឹកដី​ខ្មែរ តែ​ត្រូវ​ក្រុមចម្រុះ​របស់​ជលផល​ជិះទូក​ចុះ​ទៅ​ទប់ស្កាត់ ហើយ​ត្រូវ​ក្រុម​ជនល្មើស​ព្រួត​គ្នា​ព័ទ្ធ​មាន​បំណង​ឆក់ និង​គប់​ច្បូក​ដើម្បី​សម្លាប់ ។

ក្នុង​នាម​កម្លាំង​ជំនាញ​ដែល​ប្រឈម​នឹង​គ្រោះអាសន្ន ក៏​បាន​បាញ់​ការពារ​ខ្លួន​បណ្តាល​ឲ្យ​មាន​ស្លាប់​និង​របួស ហើយ​ក្រុមចម្រុះ​អាច​រំដោះខ្លួន​ចេញពី​ការ​ឡោម​ព័ទ្ធ​វាយប្រហារ​នៅ​ក្នុង​ទន្លេ​បាន ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា វេលា​ម៉ោង​៩​យប់ នៅ​ឃុំ​កំពង់​ក្រសាំង ស្រុក​បុរី​ជលសា ។

លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋ​ជលផល​តាកែវ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់​នោះ កម្លាំង​សង្កាត់​រដ្ឋបាល​ជលផល​សេក ដែល​ឈរជើង​នៅ​ស្រុក​បុរី​ជលសា បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​ទូក​អ្នកនេសាទ​យួន​ជា​ច្រើន​គ្រឿង​ឆ្លង​ព្រំដែន​ចូល​មក​ឆក់​ត្រី​ដោយ​ខុសច្បាប់ ។ ពេល​នោះ​កម្លាំង​របស់​សង្កាត់​ដែល​មាន​គ្នា​៤​នាក់​គឺ មន្ត្រី​ជលផល​ម្នាក់​ទាហាន​ម្នាក់ និង​កម្មករ​២​នាក់ ជិះទូក​ទៅ​ពិនិត្យ ក៏​ឃើញ​ទូក​យួន​ឆ្លង​ដែន​ចូល​មក​ក្រោយ​វត្ត​កា​ហាង​តាម​ប្រឡាយ​ចូល​មក​ដី​ខ្មែរ ក្នុង​ជម្រៅ​៣​ទៅ​៥​គីឡូម៉ែត្រ​ពី​ព្រំដែន ។ ក្រុម​អ្នកនេសាទ​ជនជាតិ​យួន​ទាំងនោះ កំពុង​ឆក់​ត្រី​បំពាក់​ភ្លើង​ពិល​ពេញ​ប្រឡាយ​ដោយ​មាន​ទូក​ចំនួន​១២​គ្រឿង និង​មួយ​គ្រឿង​ជិះ​គ្នា​២​ទៅ​៣​នាក់ ។

លោក សៅ កុសល បន្ត​ទៀត​ថា ពេល​ចូល​ក្នុង​ប្រឡាយ​មេឃ​ក៏​ងងឹត ហើយ​ក្រុមចម្រុះ​បាន​ជ្រុល​ទៅ​ក្នុង​ការ​ឡោម​ព័ទ្ធ​របស់​អ្នកនេសាទ​យួន​ទាំងនោះ ព្រួត​គ្នា​ឆក់​និង​គប់​ច្បូក​មក​លើ​សមត្ថកិច្ច​យ៉ាង​ខ្លាំងក្លា ធ្វើ​ឲ្យ​កម្លាំង​សមត្ថកិច្ច​បាញ់​គំរាម​រួច​ដកថយ ។ ប៉ុន្តែ​នៅ​ពេល​ដកថយ​នោះ ក្រុម​អ្នកនេសាទ​យួន​ទាំងនោះ​បាន​បើកទូក​ដេញ​ពីក្រោយ​ក្នុង​បំណង​សម្លាប់ ទើប​បង្ខំចិត្ត​បាញ់​សំដៅ​ម៉ាស៊ីន​ទូក​របស់​ពួក​គេ​បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​និង​របួស​ម្នាក់ ហើយ​ទាហាន​ខ្មែរ​ម្នាក់​ក៏​រង​របួស​ដែរ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ ឯ​រាជធានី​ភ្នំពេញ ។

នៅ​ក្នុង​ប្រតិបត្តិការ​នេះ ចំពោះ​វត្ថុ​តាង​ដែល​ដកហូត​បាន​មាន អា​គុយ​២ អាំ​វែ​រ​ទ័​រ​សម្រាប់​ឆក់​២ ដង​ឆក់​១ ច្រវា​១ និង​ច្បូក​២ ។ មានការ​កត់​សម្គាល់ថា បច្ចុប្បន្ន​ស្រុក​ចំនួន​២ គឺ​ស្រុក​កោះអណ្ដែត និង​ស្រុក​បុរី​ជលសា ក្រុម​អ្នកនេសាទ​យួន​តែងតែ​ចូល​មក​ឆក់​ជា​ញឹកញាប់​និង​មិន​ខ្លាច​សមត្ថកិច្ច​ថែម​ទៀត​ផង តែបើ​នគរបាល ឬ​ទាហាន​ព្រំដែន​បិទ​មិន​ឲ្យ​ចូល​នោះ ពួក​យួន​ទាំងនេះ​ចូល​មិន​បាន​ទេ ។ ហេតុការណ៍​ដែល​បាន​កើតឡើង​មិន​ធ្លាប់​មាន​ពី​មុន​៕​