ឥណ្ឌា ដាំដើមឈើចំនួន ៥០ លានដើមក្នុងមួយថ្ងៃ បំបែកកំណត់ត្រាពិភពលោក

កាលពីពេលថ្មីៗនេះនៅរដ្ឋ Uttar Pradesh ដែលជារដ្ឋមានស្ថិតិប្រជាជនរស់នៅច្រើនជាងគេរបស់ប្រទេសឥណ្ឌា បានសម្រេចដោយជោគជ័យនូវគម្រោងផែនការដាំដើមឈើ ៥០ លានដើមតែក្នុងរយៈពេល ១ ថ្ងៃ ប៉ុណ្ណោះ ដើម្បីបំបែកឯតទគ្គកម្មសៀវភៅកំណត់ត្រា Guinness ។

តាមទីភ្នាក់ងារព័ត៌មាន Associated Press បានរាយការណ៍ថា ប្រជាពលរដ្ឋនៅក្នុងរដ្ឋ Uttar Pradesh ចំនួនជាង ៨ សែននាក់ ដែលក្នុងនោះ រួមមាន សិស្ស និស្សិត សមាជិករដ្ឋសភា បុគ្គលិក មន្ត្រីគ្រប់ជាន់ថ្នាក់ ព្រមទាំងស្ត្រីមេគ្រួសារ និង បុគ្គលិកក្រៅរដ្ឋាភិបាល បានចូលរួមនៅក្នុងទិវានៃការដាំដើមឈើនេះ ដោយយកកូនដើមឈើដែលបានបណ្តុះហើយចំនួន ៥០ លានដើម ទៅដាំនៅអមតាមផ្លូវរថយន្ត និង រថភ្លើង តាមទីសាធារណៈ និង ទីវាលជាច្រើនទៀត ដែលបានកំណត់ទុកមុនជាស្រេច ។

ប្រធានរដ្ឋ Uttar Pradesh បានថ្លែងថា ចលនានៃទិវាដាំដើមឈើដែលមានទ្រង់ទ្រាយធំបែបនេះ គឺ ធ្វើឡើងដើម្បីលើកកម្ពស់ដល់មហាជនឲ្យបានយល់ដឹងពីប្រយោជន៍នៃព្រៃឈើ និង ចំណេះដឹងពីការការពារបរិ ស្ថានព្រមទាំងជួយកាត់បន្ថយនូវបម្រែបម្រួលធាតុអាកាសទូទាំងពិភពលោកទៀតផង ។

ចលនានៃការដាំដើមឈើ ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេលតែមួយថ្ងៃនៅរដ្ឋ Uttar Pradesh នៃប្រទេសឥណ្ឌា នេះហើយប្រសិនបើត្រូវបានគណៈកម្មការវាយតម្លៃរបស់សៀវភៅកំណត់ត្រាពិភពលោក Guinness យល់ស្របនោះអាចនឹងបំ បែកឯតទគ្គកម្មរបស់ប្រទេសប៉ាគីស្ថាន ដែលក្នុង ១ ថ្ងៃអាចដាំដើមឈើបាន ៨៤ មឺុនដើមប៉ុណ្ណោះកាលពីឆ្នាំ ២០១៣ ៕

ប្រភពៈ pmhotnews


Related Posts