ឃាត់ខ្លួន​បុរស​ម្នាក់​ ក្រោយពីប្រើ​អំពើ​ហិង្សា ​មក​លើ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​

ឃាត់ខ្លួន​បុរស​ម្នាក់​ ក្រោយពីប្រើ​អំពើ​ហិង្សា ​មក​លើ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ​



ភ្នំពេញ ​៖​ បុរស​ម្នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់​ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា​មក​លើ​កងកម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ក្នុង​អំឡុង​ដាក់​គោលដៅ​ត្រួតពិនិត្យ​យានយន្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ កាលពី​ម៉ោង​១៦​និង​៣០​នាទី ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៦នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២០០៤ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា។

ជនជាប់ចោទ​ខាង​លើ​ឈ្មោះ គង់ ធី អាយុ​៤១​ឆ្នាំ មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​ឯកជន​មាន​ទី​លំនៅ​ក្នុង ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ លោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​​មានប្រសាសន៍ថា បុរស ឈ្មោះ គង់ ធី ត្រូវ​បាន​ឃាត់ខ្លួន​ភ្លាមៗ ដោយសារតែ​គាត់​បាន​ប្រើ​អំពើ​ហិង្សា វាយ​ដុំ​មក​លើ​កម្លាំង​សមត្ថកិច្ច​នគរបាល ដែល​កំពុង អនុវត្ត​ការងារ ត្រួត​ពិនិត្យ​ច្បាប់​ចរាចរណ៍ ផ្លូវគោក។

មន្ត្រី​នគរបាល ដែល​កំពុង​ប្រតិបត្តិការ​នៅ​ទី​នោះ​បាន និយាយ​ថា មុន​ពេល​កើតហេតុ​ សមត្ថកិច្ច បាន​ឃាត់​ម៉ូតូ​១​គ្រឿង ​ដែល​មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​តាមច្បាប់ ដើម្បី​ផាកពិន័យ​ ប៉ុន្តែ ក្នុង​ពេល​នោះ ក៏​ស្រាប់តែ​លេច​មុខ​ជន​ខាង​លើ​ ឈ្មោះ គង់ ធី នេះ​បាន​មក​បញ្ជា​ឲ្យ​បក្ខពួក​របស់​គាត់​ម្នាក់​ជិះ​ម៉ូតូ​ចេញពី​កន្លែង​ ដែល​នគរបាល​កំពុង​ឃាត់​សួរនាំ ដោយ ច្រាន​និង យក​អាយ​ផេ​ត វាយ​មក​លើ​ប៉ូលិស​ផ្នែក​អន្តរាគមន៍​ម្នាក់​ឈ្មោះ ព្រះនាម ២៥P ដែល​កំពុង​ប្រតិបត្តិការ​នៅ​ទីនោះ។ ករណី​នេះ ​មិន​មាន​ស្នាមរបួស​អ្វី​ទេ​មក​លើ​សមត្ថកិច្ច​​ តែ​វា​ជា​ការ​បំពាន​សិទ្ធិ ​និង​ជា​ការ​ប្រមាថ​មាក់ងាយ​មក​លើ​
សមត្ថកិច្ច ​ដែល​ជា​អំពើ​ខុសច្បាប់។ បច្ចុប្បន្ន ជន​នេះ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​ក្នុង​បរិវេណ អធិការដ្ឋាន​នគរ​បាល ខណ្ឌ​សែន​សុខ ដើម្បី​ត្រៀម​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាមច្បាប់៕