លោក​ហ៊ុន សែន៖ ​ចិន​នឹង​ឲ្យ​ជំនួយ​៦០០​លាន​ដុល្លារ​មក​កម្ពុជា

ការប្រកាសផ្តល់ជំនួយចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨នេះធ្វើឡើងបន្ទាប់ពីតុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ ចេញសាលដីកាឲ្យប្រទេសហ្វីលីពីនឈ្នះក្តីនឹងចិនកាលពីដើមសប្តាហ៍នេះទាក់ទងនឹងជម្លោះដណ្តើមកម្មសិទ្ធិនៅក្នុងសមុទ្រចិនខាងត្បូងដែលប្រទេសហ្វីលីពីនបានប្តឹង។

ភ្នំពេញ — លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអះអាងភ្លាមៗ នៅថ្ងៃសុក្រនេះក្នុងទំព័រហ្វេសប៊ុក (Facebook) របស់លោកថា ប្រទេសចិនបានសន្យានឹងផ្តល់ជំនួយឥតសំណងចំនួន៦០០លានដុល្លារសម្រាប់គាំទ្រវិស័យជាច្រើននៅកម្ពុជាក្នុងរយៈពេល៣ឆ្នាំ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលកំពុងស្ថិតនៅឯកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១១ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៦ នៅក្នុងទីក្រុងអ៊ូឡង់បាទ័រ (Ulaanbaatar) ប្រទេសម៉ុងហ្គោលី បានប្រកាសដូច្នេះភ្លាមៗ បន្ទាប់ពីលោកបានជួបជាមួយលោក លី ខឹឈាន (Li Keqiang) នាយករដ្ឋមន្ត្រីចិន ដើម្បីពិភាក្សាលើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន និងបញ្ហាតំបន់ និងអន្តរជាតិ ហើយសមភាគីចិនរបស់លោកបានប្រកាសផ្តល់ជំនួយឥតសំណងនេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងតាមខ្លឹមសារដើមថា៖

«តាមសំណូមពររបស់ខ្ញុំ មិត្តចិនបានយល់ព្រមផ្តល់ថវិកាសម្រាប់ដំណើរការបោះឆ្នោត វិស័យសុខាភិបាល អប់រំ ទឹកស្អាត ដូចជាស្រះទឹក អណ្តូងទឹក ដែលជាផលប្រយោជន៍សម្រាប់ប្រជាជនយើង»។

ការប្រកាសផ្តល់ជំនួយចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០១៨នេះធ្វើឡើងគឺបន្ទាប់ពីតុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ (The Hague) ចេញសាលដីកាឲ្យប្រទេសហ្វីលីពីនឈ្នះក្តីកាលពីដើមសប្តាហ៍នេះទាក់ទងនឹងជម្លោះដណ្តើមកម្មសិទ្ធិនៅក្នុងសមុទ្រចិនខាងត្បូង ដែលប្រទេសហ្វីលីពីនបានប្តឹង។ តុលាការបានចាត់ទុកថា ចិនគ្មានសិទ្ធិស្របច្បាប់ចំពោះអំណះអំណាងទាក់ទងនឹងភស្តុតាងប្រវត្តិសាស្ត្រនោះទេ។ តែចិនក៏មិនទទួលស្គាល់ចំពោះសាលដីការរបស់តុលាការ ដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនប្រកាសមិនទទួលស្គាល់ដូចជំហរចិននោះដែរ។

លោកបណ្ឌិត សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ បានអះអាងថា ការផ្តល់ជំនួយរបស់ចិនទំនងជាដោយសារគោលនយោបាយការបរទេសកម្ពុជាមួយផ្នែកពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ។

«នៅពេលដែលនយោបាយការបរទេសវាមានតង់ដង់(និន្នាការ)ដូចគ្នា យើងដឹងហើយ នយោបាយការបរទេស គ្មានមិត្តគ្មានសត្រូវ តែមានផលប្រយោជន៍ ពេលហ្នឹងផ្តល់ ឱកាស។ អញ្ចឹងប្រហែលជារឿងសមុទ្រចិនខាងត្បូង ហ្នឹងហើយដែលយើងបានទទួល ជំនួយ៦០០លានដុល្លារនៅក្នុងអំឡុង២០១៦ដល់២០១៨។ នេះជាចំណុចទី១។ ហើយចំណុចទី២ កម្ពុជាត្រូវការជំនួយឥតសំណងដើម្បីយកមកអភិវឌ្ឍប្រទេសរបស់ខ្លួន»។

លោក សុខ ទូច បានចាត់ទុកថា ជំនួយឥតសំណងនេះធ្វើឲ្យកម្ពុជាដែលជាប្រទេសក្រីក្រមួយអាចអភិវឌ្ឍបានលើវិស័យជាច្រើន។

លោកស្រី ជា វណ្ណាត អ្នកវិភាគមួយរូបនិងជាអ្នកនិពន្ធសៀវភៅ A Cambodian Survivor’s Odyssey ឬជាភាសាខ្មែរ «ដំណើរជីវិត» បានថ្លែងថា លោកស្រីស្វាគមន៍ និងអបអរសាទរចំពោះជំនួយអភិវឌ្ឍមកដល់ប្រទេសកម្ពុជា ដោយលោកស្រីចាត់ទុកថា ជំនួយនេះនឹងផ្តល់ផលប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍ។

«យើងមានមិត្តជាជាងយើងមានសត្រូវ ហើយប្រទេសចិនជាមហាអំណាច ហើយនៅតែជាមហាមិត្តកម្ពុជាតាំងពីសម័យសង្គមរាស្ត្រនិយមមក»។

តែលោកស្រីបានអះអាងថា កម្ពុជាមានការខ្វះខាតច្រើននៅឡើយ ទោះជាចិនជួយ ជំនួយនេះក៏មិនគ្រប់គ្រាន់ដែរ។

ជំនួយចំនួន៦០០លានគឺត្រូវផ្តល់ដល់កម្ពុជាសម្រាប់វិស័យបោះឆ្នោតផងដែរ ប៉ុន្តែក្រុមអ្នកឃ្លាំមើលការបោះឆ្នោតអះអាងថា បញ្ហាសំខាន់នោះគឺការធានាការបោះឆ្នោតឲ្យមានភាពសេរី និងយុត្តិធម៌ត្រឹមត្រូវ គ្មានអំពើហិង្សា ការចាប់ចង ការចោទប្រកាន់ក្រុមអ្នកជំទាស់ មន្ត្រីគ.ជ.ប. និងបរិយាកាសភ័យខ្លាច ដោយសារការសម្លាប់អ្នកវិភាគសង្គមគឺលោកបណ្ឌិតកែម ឡី។ នេះបើតាមការអះអាងរបស់លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល (Comfrel) ដែលឃ្លាំមើលការបោះឆ្នោត។

«បញ្ហាអស់នេះគឺថា វាធ្វើឲ្យបរិយាកាសនយោបាយស្ថិតនៅក្នុងស្ថានភាពមួយមិនធានាឲ្យការចាត់ចែងការចុះឈ្មោះបោះឆ្នោតមានលក្ខណៈសេរី និងយុត្តិធម៌ទេ»។

លោក គល់ បញ្ញា បានអះអាងថា លុយជំនួយសម្រាប់ការបោះឆ្នោតគឺគ្រាន់តែជាមធ្យោបាយទេ សំខាន់បំផុតគឺបរិយាកាសល្អនៃដំណើរការបោះឆ្នោត។

ប្រទេសកម្ពុជាគ្រោងនឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ ២០១៧ និងការបោះឆ្នោតជាតិឆ្នាំ២០១៨៕

ប្រភពៈ VOA


Related Posts