ប្រវត្តិនៃរដ្ឋប្រហារដ៏បង្ហូរឈាមរបស់តួកគី ក្នុងរយៈពេលជាង ៥០ឆ្នាំចុងក្រោយ (Video Inside)

(អង់ការ៉ា)៖ ប្រទេសតួកគីបច្ចុប្បន្ន ធ្លាប់មានប្រវត្តិសាស្រ្តដ៏អស្ចារ្យយូរលង់មកហើយ និងជាអាណាចក្រដ៏មានអំណាចខ្លាំងក្នុងតំបន់ ដែលហៅថា ចក្រភព Ottoman, ដែលអាណាចក្រនេះបានគ្រប់គ្រងពីទីក្រុងអ៊ីស្តង់ប៊ុល ជាមួយនឹងការកាន់អំណាចដ៏យូរអង្វែង។ ក៏ប៉ុន្តែឈ្មោះសាធារណរដ្ឋតួកគីសព្វថ្ងៃនេះ គឺជាប្រទេសដ៏វ័យក្មេងមួយនៅឡើយ ដែលទើបបានបង្កើតឡើងតិចជាងមួយសតវត្សរ៍ប៉ុណ្ណោះ ហើយក៏តែងជួបនឹងវិបត្តិរដ្ឋប្រហារជាញឹកញាប់ផងដែរ។

អត្រាខ្ពស់នៃការចលាចលរដ្ឋប្រហារនេះមិនមែនជាការចៃដន្យនោះទេ។ មូលហេតុពិតមួយដែលនៅពីក្រោយនៃការធ្វើរដ្ឋប្រហារ គឺទាក់ទងទៅនឹងប្រព័ន្ធរៀបចំរបស់រដ្ឋាភិបាលប្រទេសតួកគី ។ ទស្សនាវដ្តី TIME ធ្លាប់បានបកស្រាយថា បន្ទាប់ពីមានរដ្ឋប្រហារកំពុងកើតឡើង រដ្ឋធម្មនុញ្ញប្រទេសនេះបានប្រទានសិទ្ធិអំណាចដល់យោធាដើម្បីលូកដៃចូលអន្តរាគមន៍នៅពេលចាំបាច់ ហើយមេដឹកនាំយោធាមិនទទួលរងសម្ពាធពីក្រុមមេដឹកនាំនយោបាយឡើយ។

រដ្ឋប្រហារឆ្នាំ ១៩៦០៖ ជារដ្ឋប្រហារដំបូងបង្អស់កើតឡើងនៅប្រទេសតួកគី ដែលបណ្តាលមកពីការកើនឡើងនៃកំដៅនយោបាយរវាងគណបក្សកាន់អំណាច និងបក្សប្រឆាំង។ នាយករដ្ឋមន្រ្តី Adnan Menderes និងប្រធានាធិបតី Ceral Bayar បានបន្ធូរការកែទម្រង់ដែលគេឲ្យឈ្មោះថា Ataturk Reforms ដែលបានប៉ុនប៉ងធ្វើទំនើបភាវូបនីយកម្មប្រទេសតួកគី ក្នុងទសវត្សឆ្នាំ១៩២០ និង១៩៣០។ កំណែទម្រង់ទាំងនោះមានដូចជាការបោះបង់ចោលច្បាប់ឥស្លាម ការជម្រុញឲ្យនារីឈប់ពាក់ស្បៃបាំងក្បាលបាំងមុខ ហើយនាមចូលនូវវប្បធម៌លោកខាងលិចជាដើម។ ពេលមានរដ្ឋប្រហារកើតឡើង ទាំងនាយករដ្ឋមន្រ្តី ទាំងប្រធានាធិបតីសុទ្ធតែត្រូវបានឃុំខ្លួន ដោយចោទប្រកាន់ពីបទក្បត់ជាតិ និងទោសរាប់មិនអស់ ហើយឧត្តមសេនីយ៍ Cemal Gursel បានកាន់អំណាចជាប្រធានាធិបតី នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការពារជាតិ ក្នុងពេលតែមួយ។

រដ្ឋប្រហារឆ្នាំ ១៩៧១ ជារដ្ឋប្រហារទៅលើសេដ្ឋកិច្ច៖ រដ្ឋប្រហារនេះបានកើតឡើងដោយសារតែភាពរង្គោះរង្គើនៃផ្នែកសេដ្ឋកិច្ច ដែលកើតឡើងនៅចុងទសវត្សឆ្នាំ១៩៦០។ ការដាំក្បាលចុះនៃកំណើនសេដ្ឋកិច្ច ការធ្លាក់ចុះនៃតម្លៃរូបិយវត្ថុ កំណើនអតិផរណា បណ្តាលឲ្យមានចលនាបាតុកម្មយ៉ាងផុសផុលពីសំណាក់កម្មករ។ ក្នុងខែមិនាឆ្នាំ១៩៧១ មានក្រុមមេដឹកនាំយោធាមួយក្រុមបានបង្ខំអ្នកអានវិទ្យុមួយរូប ឲ្យអាននូវអនុស្សារណៈមួយច្បាប់ឲ្យឮៗ ប្រាប់ប្រជាជននៃប្រទេសតួកគីថា «ជាថ្មីម្តងទៀតរដ្ឋាភិបាលបានរុញឱ្យប្រទេសរបស់យើង ធ្លាក់ចូលទៅក្នុងភាពអនាធិបតេយ្យ និងភាពចលាចលសង្គមនិងសេដ្ឋកិច្ច ដូច្នេះកងកម្លាំងប្រដាប់អាវុធតួកគី សូមបំពេញកាតព្វកិច្ចស្របច្បាប់របស់ខ្លួន ដើម្បីការពារសាធារណរដ្ឋ និងដណ្តើមយកអំណាចគ្រប់គ្រងប្រទេស»

ល្បិចនោះត្រូវបានគេប្រើដោយជោគជ័យ ហើយត្រូវបានគេស្គាល់ថាជា «ការធ្វើរដ្ឋប្រហារដោយអនុស្សរណៈ» ។ នាយករដ្ឋមន្រ្តី Suleyman Demirel ក៏បានលាលែងពីតំណែងប៉ុន្មានម៉ោង ក្រោយពីការប្រកាសអនុស្សារណៈនោះ។

រដ្ឋប្រហារឆ្នាំ១៩៨០ ជារដ្ឋប្រហារយោធារវាងក្រុមនិយមឆ្វេងនិងក្រុមនិយមស្តាំ៖ បន្ទាប់ពីការអូសបន្លាយដ៏វែងនៃនយោបាយជម្លោះផ្ទៃក្នុង ដែលសភាមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន, ច្បាប់ជាច្រើនមិនត្រូវបានអនុម័តអស់រយៈពេលជាច្រើនខែ និងការវាយប្រហារភេរវកម្មកើតឡើងជាហូរហែ។ ក្រុមនិយមឆ្វេង និងក្រុមនិយមស្តាំ បង្កហិង្សាលើគ្នាទៅវិញទៅមក មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ សេដ្ឋកិច្ចបន្តធ្លាក់ចុះ ។

ការពិតទៅរដ្ឋប្រហារកើតមានតាំងពីចុងឆ្នាំ១៩៧៩មកម្ល៉េះ តែរបបយោធាចាំរហូតដល់ខែកញ្ញា ឆ្នាំ១៩៨០ ទើបបានប្រកាសដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹក រួចប្រកាសរំលាយរដ្ឋាភិបាលតាមរយៈការផ្សាយក្នុងទូរទស្សន៍ជាតិ។ ហើយក្រុមប្រដាប់អាវុធបានតែងតាំងឧត្តមសេនីយ៍ Kenan Evren ជាប្រធានាធិបតី និងបានដឹកនាំជាតិត្រឡប់មកភាពប្រក្រតី និងមានស្ថេរភាពវិញ។

រដ្ឋប្រហារឆ្នាំ១៩៩៧៖ រដ្ឋប្រហារយោធាក្នុងកំឡុងពេលគណបក្សឥស្លាមកាន់អំណាច៖ គណបក្សឥស្លាមបានឈ្នះការបោះឆ្នោតក្នុងឆ្នាំ១៩៩៥ និងកាន់អំណាចពេញលេញក្នុងឆ្នាំ១៩៩៦ ក៏ប៉ុន្តែក្នុងដើមឆ្នាំ១៩៩៧ ខាងយោធាបានបង្ខំលោកនាយករដ្ឋមន្រ្តី Necmettin Erbakan ចុះចេញពីតំណែង ហើយបិទចោលគណបក្សឥស្លាមក្នុងឆ្នាំ១៩៩៨។

រដ្ឋប្រហារឆ្នាំ ២០១៦៖ យោធាមានបំណងទម្លាក់រដ្ឋាភិបាល ដោយប្រមូលផ្តុំកម្លាំងគ្រប់គ្រងទីក្រុងធំៗដូចជា អង់ការ៉ា និង អ៊ីស្តង់ប៊ុល កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ប៉ុន្តែមិនបាន សម្រេចនោះទេ ដោយរដ្ឋាភិបាលបានព្យាយាមគ្រប់គ្រងស្ថានការណ៍បានឡើងវិញ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦។

សូមជំរាបថា កងកម្លាំងយោធា ១៦៦៣នាក់ នៅទូទៅប្រទេសត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងករណីធ្វើរដ្ឋប្រហារដោយកម្លាំងយោធានៅព្រឹកថ្ងៃទី១៦ ខែកក្កដា នេះបើការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ នៅមុននេះប្រធានាធិបតីតួកគី លោក Recep Erdogan បានប្រកាសឲ្យដឹងថា នៅពេលនេះរដ្ឋប្រហារដោយយោធាត្រូវបានបញ្ចប់ ហើយនៅខណៈនេះ រដ្ឋាភិបាលបាននិងកំពុងតែគ្រប់គ្រង់ស្ថានការណ៍ទាំងមូល។

ក្រោយពីលោកប្រធានាធិបតីតួកគី បានប្រកាសថា រដ្ឋប្រហារយោធាត្រូវបានបញ្ចប់ សារព័ត៌មាន Reuters ក៏បានរាយការណ៍មកថា មានមនុស្ស ៩០នាក់បានស្លាប់ និងរបួស១១៥៤នាក់ ហើយក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានមន្ត្រីប៉ូលិស១៧នាក់៕

ប្រវត្តិនៃរដ្ឋប្រហារដ៏បង្ហូរឈាមរបស់តួកគី ក្នុងរយៈពេលជាង ៥០ឆ្នាំចុងក្រោយ (Video Inside)

ប្រភព៖ freshnewsasia

  • ប្រវត្តិនៃរដ្ឋប្រហារដ៏បង្ហូរឈាមរបស់តួកគី ក្នុងរយៈពេលជាង ៥០ឆ្នាំចុងក្រោយ (Video Inside)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/16  Category:ជីវិតនិងសង្គម
Tags: