ឆមាស​ទី​១​ឆ្នាំនេះ ​ក្រុម​អធិការកិច្ច​បាន​ដាក់​កំហិត​រោងចក្រ​ជិត​៤០០​ ឲ្យ​អនុវត្ត​តាមច្បាប់​ការងារ​

ឆមាស​ទី​១​ឆ្នាំនេះ ​ក្រុម​អធិការកិច្ច​បាន​ដាក់​កំហិត​រោងចក្រ​ជិត​៤០០​ ឲ្យ​អនុវត្ត​តាមច្បាប់​ការងារ​



ភ្នំពេញ​ ៖​ នៅ​ក្នុង​រយៈពេល​១​ឆមាស ​ឆ្នាំ​២០១៦​នេះ​ ក្រុម​អធិការកិច្ច​តែមួយ​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​ចុះ​ធ្វើ​អធិការកិច្ច​ការងារ​បាន​ចំនួន​៤.០៤៦​លើក ​កើន​ឡើង​១០​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ កាលពី​ឆ្នាំ​២០១៥​កន្លងទៅ។

យោង​តាម​របាយការណ៍​នៅ​ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​កំណែទម្រង់​ប្រព័ន្ធ​អធិការកិច្ច​ការងារ ឆមាស​ទី​១ ​និង​កំណត់​ទិសដៅ​បន្ត​ កាលពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា​ ឆ្នាំ​២០១៦ នៅ​ទីស្ដីការក្រសួង​ក្រោម​អធិបតីភាព​លោក ​អ៊ិត​ សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​រយៈពេល​៦​ខែ​ឆ្នាំនេះ​ ក្រុម​អធិការកិច្ច​តែមួយ​របស់​ក្រសួង​បាន​ធ្វើ​អធិការកិច្ច​ការងារ ចំនួន​៤០៤៦​លើក កើន​ឡើង​១០​ភាគរយ​។​ ដាក់​កំហិត​រោងចក្រ​សហគ្រាស​ចំនួន​៣៦៧​ករណី កើន​ឡើង​២០​ភាគរយ​។​ ចុះ​អធិការកិច្ច​ការងារ​ពិសេស​ចំនួន​១៤៣​លើក​ថយ​ចុះ ៨​ភាគរយ ​និង​ផាក​ពិន័យ​រោងចក្រ​សហគ្រាស​ចំនួន​៤៤ កើន​ឡើង​១០០​ភាគរយ​។ ​តាមរយៈ​វិធានការ​ដ៏​តឹងរ៉ឹង​នេះ​ សហ​គ្រាស​៩៩​ភាគរយ​ បាន​ធ្វើ​ការ​កែប្រែ​អនុវត្តន៍​ច្បាប់។​

លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា ​«​ក្រសួង​ នឹង​បន្ត​ពង្រឹង​កំណែទម្រង់​ប្រព័ន្ធ​អធិការកិច្ច​ការងារ​ដោយ​មិន​បន្ធូរបន្ថយ​។ បង្កើន​ការសហការ​ជាមួយ​និយោជក កម្មករ​និយោជិត ​និង​អង្គការ​វិជ្ជាជីវៈ​ជិតស្និទ្ធ​ថែមទៀត ​ព្រមទាំង​បន្ត​សហការ​ជាមួយ​គម្រោង ilo bfc​ ក្នុង​ការ​កសាង​សមត្ថភាព​ និង​ជំនឿ​លើ​ប្រព័ន្ធ​អធិការកិច្ច​ការងារ។

អនុវត្តន៍​ច្បាប់​ ស្ដីពី​សហជីព​ និង​បទ​ស្ដីពី​ការងារ​ជា​ធរមាន ​ដើម្បី​សម្រេច​គោលដៅ ​នៃ​គោល​នយោបាយ​ជាតិ​ ស្ដីពី​មុខរបរ​ និង​ការងារ​»។

គួរ​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​ ក្រុម​អធិការកិច្ច​ក្រសួង​បាន​ដាក់​កំហិត​ចំនួន​៦៤៨​សហគ្រាស​បាន​ផាក​ពិន័យ​ចំនួន​៣០​សហគ្រាស​គ្រឹះស្ថាន​ ដែល​ភាគ​ច្រើន​លើ​ការ​ផាកពិន័យ​លើ​ការ​ប្រើប្រាស់​ជនបរទេស។​

កន្លងមក​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​មាន​ក្រុម​អធិការកិច្ច​ជាច្រើន​ក្រុម​ ដោយ​ក្នុង​នាយកដ្ឋាន​នីមួយៗ​បង្កើត​ក្រុម​អធិការកិច្ច​ដាច់ដោយឡែក​ពី​គ្នា ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​លំបាក​ដល់​សហ​គ្រាស​ និង​រោងចក្រ​ពេល​ចុះ​អធិការកិច្ច​ម្តង​ ព្រោះ​ត្រូវការ​ពេលវេលា​ច្រើន​។​ ដោយ​មើល​ឃើញ​បញ្ហា​នេះ​ហើយ ​ទើប​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ប្រកាស​បង្កើត​ក្រុម​អធិការកិច្ច​តែមួយ​ ដើម្បី​ដោះស្រាយ​វិវាទ​ការងារ​ទាក់ទង​វិស័យ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​កាលពី​ថ្ងៃ​ទី​៣០ ​ខែ​មិថុនា ​ឆ្នាំ​២០១៤​ ក្រសួង​បាន​ប្រារព្ធ​ពិធី​បំពាក់​ឯកសណ្ឋាន​ដល់​ក្រុម​អធិការកិច្ច​តែមួយ​ជា​ផ្លូវការ។

លោក ​អ៊ិត​ សំហេង ​បាន​មាន​ប្រសាសន៍​ថា ​ក្រុម​អធិការកិច្ច​តែមួយ​នេះ ​គឺ​បង្កើត​ឡើង​ដោយមាន​ការ​រួម​បញ្ចូល​គ្នា​មកពី​នាយកដ្ឋាន​អធិការកិច្ច​ការងារ នាយកដ្ឋាន​វិវាទ​ការងារ នាយកដ្ឋាន​ពេទ្យ​ការងារ នាយកដ្ឋាន​មុជ​របរ​ និង​ហត្ថ​ពលកម្ម នាយកដ្ឋាន​ការងារ​កុមារ នាយកដ្ឋាន​ព័ត៌មាន​ទី​ផ្សារ​ការងារ បេឡា​ជាតិ​សន្តិសុខ​សង្គម​ និង​អគ្គលេខាធិការដ្ឋាន​ គ​.​ប​.​ស​ ដែល​តួនាទី​សំខាន់​របស់​ពួកគេ​គឺ​ចុះ​ធ្វើ​អធិការកិច្ច​រួមគ្នា​នៅ​តាម​សហគ្រាស​ និង​គ្រឹះស្ថាន​នានា​។​

លោក​រដ្ឋមន្ត្រី​មាន​ជំនឿ​ជឿជាក់​ថា ​ការ​ផ្តល់​ឯកសណ្ឋាន ​និង​សញ្ញា​ស័ក​ ជា​មូលដ្ឋាន​នេះ​ គឺ​ធ្វើ​ឲ្យ​ក្រុម​អធិការកិច្ច​ការងារ​អាច​សម្រេច​បាន​បេសកកម្ម​របស់​ខ្លួន​ដូចជា ​ធានា​ដល់​ការអនុវត្ត​ច្បាប់​ការងារ​ និង​អត្ថបទ​អនុវត្ត​ច្បាប់ ​ដែល​គ្រោងទុក ​ក៏ដូចជា​ច្បាប់​ និង​បទបញ្ជា​ដទៃ​ទៀត​ ដែល​មិន​ទាន់​បាន​ចងក្រង​ដែល​ទាក់ទង​នឹង​របប​ការងារ៕
ឆមាស​ទី​១​ឆ្នាំនេះ ​ក្រុម​អធិការកិច្ច​បាន​ដាក់​កំហិត​រោងចក្រ​ជិត​៤០០​ ឲ្យ​អនុវត្ត​តាមច្បាប់​ការងារ​