ផ្លូវ​បាក់​ស្រុត​ជាប់​ប្រឡាយ​ស្ទឹងមានជ័យ​ ត្រូវ​បាន​ជួសជុល​ ដោយ​សាលា​ខណ្ឌ​មានជ័យ​

ផ្លូវ​បាក់​ស្រុត​ជាប់​ប្រឡាយ​ស្ទឹងមានជ័យ​ ត្រូវ​បាន​ជួសជុល​ ដោយ​សាលា​ខណ្ឌ​មានជ័យ​



ភ្នំពេញ ៖ ​ផ្លូវ ​ដែល​បាក់​ស្រុត​ប្រវែង​១៥០​ម៉ែត្រ ​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ប្រឡាយ​បង្ហូរ​ទឹក​សំអុយ​ស្ទឹងមានជ័យ ​ត្រូវ​បាន​សា​លា​ខណ្ឌ​មានជ័យ​ធ្វើការ​ជួសជុល​រួចរាល់​ជា​ស្ថាពរ​ ដោយ​ថវិកា​ចំណាយ​ជា​របស់​សាលា​ខណ្ឌ​មានជ័យ​ទាំងស្រុង។

នៅ​រសៀល​ថ្ងៃ​ទី​១៥​ ខែ​កក្កដា ​ឆ្នាំ​២០១៦​នេះ ​លោក​ ពេជ្រ កែវ​មុនី អភិបាល ​នៃ​គណៈ​អភិបាល​ខណ្ឌ​មានជ័យ​ បាន​ចុះទៅពិនិត្យ​មើល​ការ​ជួសជុល​រួចរាល់​ជា​ស្ថាពរ​ ដោយ​ក្រុមហ៊ុន​រស់​ថែ​ ទទួល​បាន​សិទ្ធិ​ជួសជុល​ ព្រោះ​សាលា​ខណ្ឌ​បាន​ទទួល​ស្គាល់​ថា​ ក្រុមហ៊ុន​នេះ​ធ្វើ​ផ្លូវ​ និង​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកបាន​ល្អ ​និង​មាន​គុណ​ភាព​ខ្ពស់​ ដែល​អតិថិជន​តែង​និយម​ចូលចិត្ត​គ្រប់ៗ គ្នា​។​

លោក​ ពេជ្រ កែវ​មុនី បាន​មាន​ប្រសាសន៍​ក្នុង​ពេល​ចុះ​ពិនិត្យ​ថា ​ការ​ជួសជុល​ផ្លូវ​ដែល​ស្រុត​ប្រវែង​១៥០​ម៉ែត្រ ​ស្ថិត​នៅ​ជាប់​ប្រឡាយ​ទឹក​ស្ពាន​ស្ទឹងមានជ័យ ​ក្នុង​ទឹកដី​ភូមិ​ភ្នា​ត​ សង្កាត់​ស្ទឹង​មាន​ជ័យ ​ខណ្ឌ​មានជ័យ​ រាជ​ធានី​ភ្នំពេញ​ ហើយ​ការ​ជួសជុល​ដោយ​ក្រុមហ៊ុន​រស់​ថែ​នេះ ​គឺ​អាច​ទទួល​យក​បាន​ ព្រោះ​សូម្បីតែ​ផ្នែក​ជំនាញ​ ក៏​បាន​ឯកភាព​ទៀត​ផង​។

លោក​អភិបាលខណ្ឌ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ផ្លូវ​ជាប់​ប្រឡាយ​ទឹក​ស្ទឹងមានជ័យ​បាន​រង​ការ​បាក់​ស្រុត​ក្នុង​អំឡុង​ខែ​មិថុនា ​ឆ្នាំ​២០១៦​កន្លងទៅ​ ហើយ​ដោយសារ​ភ័យខ្លាច​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​នោះ​ លោក​ក៏បាន​ផ្តល់​សិទ្ធិ​ដល់​ក្រុមហ៊ុន​រស់ ថែ ជា​អ្នកទទួល​ធ្វើការ​ជួសជុល​បាន​រួច​រាល់​នា​ថ្ងៃនេះ​ និង​បើក​ឲ្យ​ដំណើរការ​ប្រើប្រាស់​ចាប់ពី​ថ្ងៃនេះ​តទៅ។

ក្នុងឱកាស​នោះ​ដែរ ​លោក​អភិបាលខណ្ឌ​មាន​ជ័យ​បាន​សុំ​ការ​អធ្យាស្រ័យ​ដល់​បងប្អូន​អ្នក​ធ្វើការ​ដែល​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើដំណើរ​តាម​បណ្តា​ផ្លូវ​មួយចំនួន​ក្នុង​ខណ្ឌ​មានជ័យ ​ដែល​រង​ការ​ខូចខាត​នោះ​ គឺ​អាជ្ញាធរ​នឹង​ខិតខំ​ធ្វើការ​ជួសជុល​ឲ្យ​បាន​ស្អាត​ជា​បណ្តើរៗ​មិន​មើល​រំលង​ឡើយ៕