បេក្ខជន​១១១​នាក់​ បាន​ចូលរួម​ក្នុង​ការ​ប្រឡង​ចូល​បម្រើ​ការ​ងារ​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​

បេក្ខជន​១១១​នាក់​ បាន​ចូលរួម​ក្នុង​ការ​ប្រឡង​ចូល​បម្រើ​ការ​ងារ​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​



ភ្នំពេញ ​៖ ​បេក្ខជន​ចំនួន​១១១​នាក់​ (នារី​១៦​នាក់​ និង​បុរស​៩៥​នាក់) ដែល​បាន​ចូលរួម​ប្រឡង ជ្រើស​រើស​មន្ត្រី​ចូល​បម្រើ​ការងារ​នៅ​រាជបណ្ឌិត្យសភា​កម្ពុជា​ក្របខ័ណ្ឌ​ ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី​ បាន​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​ទី​១៥ ​ខែ​កក្កដា​ ឆ្នាំ​២០១៦​​ ដោយ​ស្ថិត​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ តម្លាភាព ដែល​អាច​ទទួល​យក​បាន​ទាំង​ថ្នាក់ដឹកនាំ​ការ​ប្រឡង ទាំង​អ្នក​រៀបចំ​ការ​ប្រឡង និង​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ប្រឡង។

លោកស្រី​បណ្ឌិត​សភាចារ្យ ខ្លូត ធីតា ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​បាន​មានប្រសាសន៍ថា ការ​ប្រឡង​ជ្រើសរើស​នេះ​ធ្វើឡើង​ដោយ​ទទួល​បានការ​អនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជ្រើសរើស​មន្ត្រី​ដែល​មាន​សមត្ថភាព​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្រុម​បណ្ឌិត​សភាចា​រ្យ​ស្រាវជ្រាវ ​និង​លេខា​ដ្ឋាន​បណ្ឌិត្យ​សភាចា​រ្យ​។​

ហេតុនេះ​ការ​ប្រឡង​នេះ​ទាមទារ​ឲ្យ​បេក្ខជន មាន​សញ្ញាប័ត្រ​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ ​និង​មាន​អាយុ​ខ្ពស់​បំផុត​៣៥​ឆ្នាំ​ផង​ដែរ។

លោកស្រី​បណ្ឌិត​សភាចា​រ្យ បាន​មានប្រសាសន៍​បន្ថែម​ថា “​យើង​នឹង​ខិតខំ​ប្រឹងប្រែង​ជ្រើស​រើស​ឲ្យ​បាន​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់“។ នេះ​ជា​លើក​ទី​១ សម្រាប់​ការ​ប្រឡង​ជ្រើសរើស​មន្ត្រី​បម្រើ​ការងារ​ក្នុង​ក្រុម​បណ្ឌិត្យ​សភាចា​រ្យ ជា​ជំនួយការ​ផ្ទាល់​ក្នុង​ការងារ​ស្រាវជ្រាវ និង​ក្នុង​ផ្នែក​កិច្ចការ​រដ្ឋបាល ផ្សេងៗ​បន្ថែម​ទៀត ក្នុង​អាណត្តិ​ របស់​លោក​ស្រី​ជា​ប្រធាន​រាជ បណ្ឌិត្យសភាកម្ពុជា។​ លោកស្រី​បណ្ឌិត​សភាចា​រ្យ ប្ដេជ្ញា​នឹង​ខិតខំ​ប្រឹងប្រែង​ការងារ​នេះ​ឲ្យ​បាន​ជោគជ័យ​នៅ​ជីវិត​ចុង​ក្រោយ​របស់​លោក​ស្រី​ផ្ទាល់។

លោកស្រី​បណ្ឌិត​ប្រធាន​ បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ដែល​បាន​ផ្តល់​បន្ថែម​នូវ​ថវិកា​ជា​បៀវត្សរ៍​មួយ​ចំនួន​សម្រាប់​លើកទឹកចិត្ត​ និង​ប្រាក់​ស្រាវជ្រាវ​ប្រចាំ​ឆ្នាំ​បន្ថែម​ទៀត ក្នុង​កិច្ច​ការងារ​ស្រាវជ្រាវ​ ជាពិសេស​ក្រុម​បណ្ឌិត្យ​សភាចា​រ្យ នៅ​រាជបណ្ឌិត្យសភាកម្ពុជា៕