ប្រទេស​អឺរ៉ុប​ជិតខាង​បារាំងប្រកាស​​​​ពង្រឹង​ការ​​​ត្រួតពិនិត្យ​ព្រំដែន​ជាប់​បារាំង​

ក្រោយទីក្រុងនីសNice ប្រទេសបារាំង រងភេរវកម្មសម្លាប់មនុស្ស៨៤នាក់ ថ្ងៃសុក្រ១៥ កក្កដានេះ ប្រទេសជិតខាងបារាំង មានអ៊ីតាលី អាល្លឺម៉ង់ និងអេស្ប៉ាញ បានប្រកាសពង្រឹងការត្រួតពិនិត្យព្រំប្រទល់ដែលស្ថិតនៅជាប់បារាំង។

ភេរវកម្មរថយន្តកាំម្ញ៉ូង បុកសម្លាប់មនុស្ស នៅក្រុងនីស ប្រទេសបារាំង បានធ្វើអោយប្រទេសជិតខាងរបស់បារាំង សម្រេចពង្រឹងសន្តិសុខតាមព្រំដែនជាមួយបារាំង ដើម្បីការពារសុវត្ថិភាពសន្តិសុខរបស់ប្រជាជនពួកគេ។

ថ្ងៃសុក្រ១៥កក្កដានេះ ប៉ូលិសអាល្លឺម៉ង់បានលើកឡើងថា បានចាត់វិធានការតឹងតែងនៅតាមព្រំដែនជាប់បារាំង ដោយមានការព្រមព្រៀង សហការជាមួយអាជ្ញាធរបារាំង។ ដូចអាល្លឺម៉ង់ដែរ អ៊ីតាលីបានប្រកាសពង្រឹងច្រកចរាចរណ៍ព្រំដែនចំនួន៣ ដែលភ្ជាប់ពីបារាំង ទៅអ៊ីតាលី និងទៅស្ថានីយរថភ្លើងអ៊ីតាលី ឈ្មោះថា Vintimille ស្ថិតនៅមិនឆ្ងាយពីទីក្រុង រងគ្រោះ នីស ភាគខាងត្បូងបារាំងទេ។

ចំណែកអាជ្ញាធរអេស្ប៉ាញឯណោះវិញ ក៏បានប្រកាសរក្សាវិធានការសន្តិសុខសំខាន់ៗ ដែលបានដាក់ចេញកន្លងមករួចមកហើយ គឺតាំងពីពេលមានការប្រកួតបាល់ទាត់អឺរ៉ុប២០១៦។

រដ្ឋមន្ត្រីមហាផ្ទៃអេស្ប៉ាញ លោកហ្វ៊ែរណង់ដេ ឌីយ៉ាហ្ស បានប្រាប់អ្នកសារព័ត៌មាន ថ្ងៃសុក្រនេះថា ទោះជាគ្មានក្រុមភេរវជនណាប្រកាសថា បង្កភេរវកម្មនៅក្រុងនីស ប្រទេសបារាំងក្តី ក៏ការវាយប្រហារនេះមានលក្ខណៈជាភេរវកម្ម បង្កឡើងដោយសកម្មជនជីហាតដែរ ហើយអេស្ប៉ាញសហការជាមួយបារាំង ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម៕

ប្រភពៈ RFI


Related Posts