ប្រធានាធិបតី​ទួរគី សន្យា​ធ្វើ​យុទ្ធនាការ​«ចម្រាញ់» ក្នុង​ជួរ​ទ័ព

បន្ទាប់ពីឆ្លងផុត នូវការប៉ុនប៉ងធ្វើរដ្ឋប្រហារ តែមិនបានសម្រេច ពីសំណាក់កងទ័ព«មួយក្រុម»​នោះមក ប្រធានាធិបតី​ទួរគី លោក «Recep Tayyip Erdogan» ត្រូវបានទទួលយ៉ាងកក់ក្ដៅ ពីសំណាក់បណ្ដាជន​អ្នក​គាំទ្រ​របស់​លោក ជា​ច្រើន​ពាន់​នាក់ នៅ​ក្រុង​អ៊ីស្ដង់ប៊ូល នា​ព្រឹក​ព្រហាម​ថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ​២០១៦នេះ។
ប្រធានាធិបតី​ទួរគី សន្យា​ធ្វើ​យុទ្ធនាការ​«ចម្រាញ់» ក្នុង​ជួរ​ទ័ព

លោក «Recep Tayyip Erdogan» ប្រធានាធិបតី របស់ប្រទេសទួរគី។ (រូបថតឯកសារ)

ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយ ដែលមិនបានសម្រេច បង្កឡើងដោយកងទ័ពមួយក្រុម  ប្រឆាំងនឹងរដ្ឋាភិបាល​ របស់លោកប្រធានាធិបតី «Recep Tayyip Erdogan»។ ប៉ុន្តែការប៉ុនប៉ងនេះ បានជួបនឹងភាពបរាជ័យ បន្ទាប់​ពី​លោកប្រធានាធិបតី បានសម្រេចបាន នូវការប្រកាសហៅពលរដ្ឋអ្នកគាំទ្ររបស់លោក ឲ្យចេញដើរ​តាម​ដង​ផ្លូវ បានយ៉ាងច្រើនសិបពាន់នាក់ ទាំងនៅរដ្ឋធានី អង់ការ៉ា (Ankara) ទាំងនៅក្រុង អ៊ីស្ដង់ប៊ូល (Istanbul)។

ខណៈពេលដែលក្រុមយោធា កំពុងដកថយ នៅចំពោះការងើបឡើង របស់ពលរដ្ឋនោះ លោក «Recep Tayyip Erdogan» បានត្រឡប់​ពីវិសមកាល​របស់លោក ដោយជិះយន្ដហោះមកកាន់ក្រុង អ៊ីស្ដង់ប៊ូល នៅ​វេលា​ម៉ោង​ប្រមាណ​​ជា៣ភ្លឺ ព្រឹកថ្ងៃសៅរ៍ ម៉ោងក្នុងស្រុក (ត្រូវជាម៉ោង២ ម៉ោងនៅបារាំង និងត្រូវជាម៉ោង៧ ម៉ោង​នៅ​កម្ពុជា) ខណៈពេល​ដែល​ព្រលាន​យន្ដហោះ ត្រូវបានកងទ័ពបិទ កាលពីប៉ុន្មានម៉ោងមុន។

ប្រធានាធិបតី​ទួរគី សន្យា​ធ្វើ​យុទ្ធនាការ​«ចម្រាញ់» ក្នុង​ជួរ​ទ័ព

នៅក្នុងប្រតិកម្មដំបូងរបស់លោក តាមរយៈទូរទស្សន៍ឯកជនក្នុងស្រុក លោកប្រធានាធិបតីបានបរិហារ ពី​«អំពើក្បត់» របស់ក្រុមនាយទាហានមួយចំនួន ដែលលោកបានចោទប្រកាន់ថា សុទ្ធតែមានទំនាក់ទំនង ជា​មួយ​គូសត្រូវ​នយោបាយរបស់លោក គឺលោកអាចារ្យ «Fethullah Gülen» ដែលសព្វថ្ងៃ​កំពុងរស់នៅ​និរទេស​ខ្លួន នៅសហរដ្ឋអាមេរិក។ នៅចំពោះអ្នកសារព័ត៌មាន ក្នុងព្រលានយន្ដហោះអន្តរជាតិ ក្រុង អ៊ីស្ដង់ប៊ូល លោក​ប្រធានាធិបតីបានអះអាងថា សណ្ឋាគារនៅ ក្រុង«Marmaris» ដែលលោកបានស្នាក់នៅ​​កំសាន្ដ​វិសមកាលនោះ បាន​រង​គ្រា​ប់ផ្លោង បន្ទាប់ពីលោក​​បានចាកចេញ​មកផុត។

ចំពោះការចាប់​លោក​អគ្គមេបញ្ជាការ​កងទ័ព​ទួរគី ធ្វើជាចំណាប់ខ្មាំង ដោយក្រុមទាហានបះបោរនោះ ត្រូវបាន​លោកប្រធានាធិបតី ថ្លែងអះអាងថា លោកមិនដឹងថា តើវាសនារបស់មេទ័ពកំពូល បានក្លាយ​ជាយ៉ាងណា​ទៅ​ហើយទេ។ តែលោកបានបញ្ជាក់ថា៖ «នៅក្នុងប្រទេសទួរគី មានរដ្ឋាភិបាល និងប្រធានាធិបតីមួយរូប ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋបោះឆ្នោត ឲ្យឡើងមកកាន់អំណាច ហើយប្រសិនបើព្រះជាម្ចាស់ ទ្រង់ព្រះមេត្តា យើងនឹង​មាន​ជ័យជំនះ ពីលើហេតុការណ៍នេះឲ្យបាន»។

ប្រធានាធិបតី​ទួរគី សន្យា​ធ្វើ​យុទ្ធនាការ​«ចម្រាញ់» ក្នុង​ជួរ​ទ័ព

លោកប្រធានាធិបតី បានសម្ដែងការអបអរសាទរ ចំពោះបណ្ដាជនទួរគី «រាប់លាននាក់» ដែលបានចុះ​តាម​ដងផ្លូវ ដើម្បី«ការពារ»ជាតិរបស់ខ្លួន។ លោកបានបន្ថែមទៀតថា៖ «ចំពោះអ្នកដែលចុះតាមដងផ្លូវ ជាមួយ​នឹង​រថពាសដែក នឹងត្រូវចាប់ខ្លួន ដោយសាររថពាសដែកទាំងនោះ មិនមែនរបស់អ្នកទាំងនេះទេ»។

ចំពោះនាយករដ្ឋមន្ត្រីទួរគី លោក «Binali Yildirim» វិញ បានថ្លែងឲ្យដឹងថា ទាហានប្រមាណជាង១៥០០នាក់ ត្រូវ​បានចាប់ខ្លួន និងមនុស្ស (ទាំងស៊ីវិល ទាំងនគរបាល-ទាហាន) ៩០នាក់ស្លាប់។ ប៉ុន្តែតុល្យភាពនេះ នៅ​មាន​លក្ខណៈ ជាបណ្ដោះអាសន្ននៅឡើយ ដោយហេតុថា សម្លេងបាញ់បោះ នៅបន្តមាននៅឡើយ នៅ​តាម​ក្រុងតូចធំនានា នៃប្រទេស។ អាគាររដ្ឋសភាជាតិ បានរងនូវការបាញ់ផ្លោង បង្កឲ្យមានការខូចខាត​ផ្នែក​ខាង​មុខ។ អ្នកទទួលខុសត្រូវ របស់រដ្ឋាភិបាលមួយរូប បានបង្ហើបឲ្យដឹងថា លោក «Binali Yildirim»​ ថែមទាំង​បាន​ចេញបញ្ជា ឲ្យយន្ដហោះប្រដេញ របស់កងទ័ពទួរគី នៅមូលដ្ឋាន «Eskisehir» (ដែលនៅ​ស្មោះស្ម័គ្រ​នឹង​រដ្ឋាភិបាល) ធ្វើការបាញ់ទម្លាក់យន្ដហោះ ឬឧទ្ធម្ភាគចក្រ របស់ក្រុមទាហានបះបោរនោះទៀត៕

ប្រធានាធិបតី​ទួរគី សន្យា​ធ្វើ​យុទ្ធនាការ​«ចម្រាញ់» ក្នុង​ជួរ​ទ័ព