អ្នកចូលរួម​សង្កេតការណ៍​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ មាន​ជាង​៦​ពាន់​នាក់​កើន​ឡើង​ជាង​ឆ្នាំមុន​

អ្នកចូលរួម​សង្កេតការណ៍​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ មាន​ជាង​៦​ពាន់​នាក់​កើន​ឡើង​ជាង​ឆ្នាំមុន​



ភ្នំពេញ ​៖​ ចំនួន​អ្នកចូលរួម​សង្កេតការណ៍​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា ​ឬ​បាក់​ឌុប​នៅ​ឆ្នាំនេះ​មាន​ចំនួន ៦១៧១​នាក់ កើន​ឡើង​ទ្វេដង បើ​ប្រៀបធៀប​នឹង​សម័យ​ប្រឡង​២០១៤ និង​២០១៥​។

ក្រសួង​អប់រំ​យុវជន ​និង​កីឡា ​នឹង​រៀបចំ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៦​នៅ​ថ្ងៃ​២២ ខែសីហា ខាងមុខ​នេះ​ហើយ​ការ​ប្រឡង​នេះ​ ក៏​មាន​អ្នកស្ម័គ្រចិត្ត​សង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ឃ្លាំមើល​ពី​ដំណើរការ​ប្រឡង​ដូច​ឆ្នាំមុន​ដែរ ដើម្បី​រាយការណ៍ ទប់ស្កាត់​អំពើពុករលួយ​ក្នុងពេល​ប្រឡង។

អង្គភាព​ប្រឆាំង​អំពើពុករលួយ បានប្រកាស​ឈប់​ទទួល​ពាក្យស្នើសុំ​ចូលរួម​សង្កេតការណ៍​ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​អង្គការ​សង្គម​ស៊ីវិល បុគ្គល​ឯកជន សិស្ស​និស្សិត មានបំណង​ស្ម័គ្រ​ចូលរួម​ធ្វើជា​អ្នកសង្កេតការណ៍​ការប្រឡង​បាក់​ឌុប​។ ក្រោយពី​បាន​ផ្អាក​ការទទួល​ចុះឈ្មោះ​មួយ​សប្ដាហ៍​កន្លងទៅ អង្គភាព​ប្រឆាំង​អំពើពុករលួយ បានទទួល​អ្នក​ចុះឈ្មោះ​ស្ម័គ្រ​សង្កេតការណ៍​រហូតដល់ ៦១៧១ នាក់ បើ​ប្រៀបធៀប​ចំនួន​អ្នកសង្កេតការណ៍​ស្ម័គ្រចិត្ត​ទៅនឹង​ចំនួន​បន្ទប់​ប្រឡង មាន​ចំនួន​លើស ២៣៩០ នាក់ ដែលជា​ចំនួន​លើសពី​តម្រូវការ​។​

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ឲ្យ​មាន​អ្នកសង្កេតការណ៍​សង្គម​ស៊ីវិល និង​សិស្ស​និស្សិត លើក​ទី​១ នៅ​សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៤ មាន​ចំនួន​ជាង​៣​ពាន់​នាក់ លើក​ទី​២ សម័យ​ប្រឡង​ឆ្នាំ​២០១៥ មាន​ចំនួន​ជាង​៥​ពាន់​នាក់ និង​ក្នុង​ឆ្នាំ​២០១៦​នេះ កើនឡើង​ខ្ពស់​រហូតដល់​ជាង​៦​ពាន់​នាក់​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ចេញផ្សាយ​កាលពី​ថ្ងៃទី​១៥ ខែ​កក្កដា បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ហៅថា​បាក់​ឌុប នៅ​ឆ្នាំ​២០១៦​នេះ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ ២០១៦​ដោយមាន​បេក្ខជន​ចូលរួម​ប្រឡង​ចំនួន​៩៣៧៥២​នាក់​ និង​មាន​១៥៧​មណ្ឌល ចែកចេញជា ៣៧៨១​បន្ទប់។

កាលពី​ឆ្នាំមុន​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានរៀបចំ​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃទី​២៤​ ខែ​សីហា​ឆ្នាំ​២០១៥​មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ៨៤៩៣០ នាក់ ស្រី ៤០៩៧២​នាក់ នៅតាម​មណ្ឌល ប្រឡង​ចំនួន ១៥០​មណ្ឌល​ក្នុង​នោះ​ថ្នាក់ វិទ្យាសាស្ត្រ​មាន ១២៦​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន ២៤​មណ្ឌល ត្រូវជា ៣៤២៧ បន្ទប់​ទូទាំង​ប្រទេស​។ ប៉ុន្តែ​បេក្ខជន​ចូលរួម​ប្រឡង​បាក់​ឌុប​មានតែ​ចំនួន​៨៣៣២៥​នាក់​ ក្នុង​នោះ​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​៤៦៥៦០​នាក់​ត្រូវជា​៥៥,៨៨​ភាគរយ​ក្នុង​នោះ ​មាន​បេក្ខជន​ជាប់​និទ្ទេស​A​​ ​ចំនួន​១០៨​នាក់​និទ្ទេស​B​មាន​១០៨៥ និទ្ទេស​C៣២៩២ និទ្ទេស​D ៦០៩៣ និង​និទ្ទេស E៣៥៩៨២​។

ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅថា បាក់​ឌុប ឆ្នាំ​២០១៦​នេះ ក្រសួង​បានបង្ហាញ​ជំហរ​បន្ត​រឹតបន្តឹង​ដូច​ឆ្នាំមុន​ដដែល ដោយ​ឈរ​លើ​គោលការណ៍ ៤​ចំណុច។ គោលការណ៍ ៤​ចំណុច​ដែល​ក្រសួង​បន្ត​រក្សា​ដើម្បី​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា សម្រាប់​ការ​ប្រឡង​សញ្ញាប័ត្រ​បាក់​ឌុប​គឺ​ការ​ប្រឡង​ត្រូវតែ​ឈរ​លើ​ការ​គោរព​ច្បាប់ តម្លាភាព យុត្តិធម៌ និង​សុចរិត​ភាព។

លោក ហង់ ជួន ណា​រ៉ុ​ន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​ថា ក្រសួង​នឹង​បន្ត​រឹតបន្តឹង​វិន័យ​ប្រឡង​​​ឲ្យ​ដូច​ការ​ប្រឡង​ក្នុង​ឆ្នាំ​២០១៥ ដែរ ដោយ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់ ព្រមទាំង​បើកឱកាស​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​សង្កេតការណ៍៕

អ្នកចូលរួម​សង្កេតការណ៍​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ មាន​ជាង​៦​ពាន់​នាក់​កើន​ឡើង​ជាង​ឆ្នាំមុន​