​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​តួ​ក​គី ត្រូវ​បរាជ័យ

អ៊ី​ស្តង់​ប៊ុល ៖ ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​យោធា​មួយ​ក្នុង​ប្រទេស​តួ​ក​គី​នៅ​ថ្ងៃ​សៅរ៍​នេះ ត្រូវ​បរាជ័យ​បន្ទាប់​ពី​ហ្វូង​មនុស្ស​ដែល​គាំទ្រ​លោក​ប្រធានាធិបតី Tayyip Erdogan បាន​ប្រឆាំង​នៅ​តាម​ដងផ្លូវ នឹង​ពួក​ផ្សំ​គំនិត​ធ្វើ​រដ្ឋប្រហារ ។ ការ​ធ្វើ​រដ្ឋប្រហារ​នេះ​ចំ​ពេល​លោក​ប្រធានាធិបតីបាន​សម្រាក ទៅ​លំហែកាយ​នៅ​ឯ​ឆ្នេរសមុទ្រ ។

នាយក​រដ្ឋមន្ត្រី​ប្រទេស​តួ​ក​គី​លោក Binali Yildirim បាន​ផ្លែង​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ដែល​បាន​រៀបចំ​យ៉ាង​បន្ទាន់​បំផុត ថា ៖ មនុស្ស​១៦១​នាក់​ត្រូវ​បាន​សម្លាប់ និង​ជាង​១,៤៤០​នាក់​រង​របួស នៅ​ក្នុង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​នេះ ។

លោក​បាន​ថ្លែង​ថា ៖ «​ស្ថានភាព​នេះ ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​ទាំងស្រុង​» នៅ​ក្នុង​ក្រុង​អង់កា​រ៉ា អម​ដោយ​រដ្ឋមន្ត្រី​ជាន់ខ្ពស់ និង​អគ្គ​កំពូល​របស់​តួ​ក​គី ។

លើស​ពី​នេះ​ទៀត យោធា​២,៨៣៩​នាក់ ត្រូវ​បាន​ចាប់ខ្លួន បន្ទាប់​ពី​ក្រុម​ដែល​ហៅ​ខ្លួនឯង​ក្រុមប្រឹក្សា​សម្រាប់​សន្តិភាព នៅ​មាតុភូមិ ដោយ​បាន​ប្រកាស​ច្បាប់អាជ្ញាសឹក និង​បម្រាម​គោចរ​មួយ​ដោយ​ខ្លួនឯង ។

លោក Yildirim បាន​ថ្លែង​បន្ត​ថា អ្នក​ដែល​ឃុំខ្លួន រួម​មាន​នាយទាហាន​និង​មន្ត្រីជាន់ខ្ពស់​យោធា ។ ក្នុង​ចំណោម​អ្នក​ដែល​បាន​ធ្វើ​រដ្ឋប្រហារ មាន​២០​នាក់ បាន​ស្លាប់ និង​៣០​ទៀត​នាក់​រង​របួស ។

លោក​បាន​បន្ថែម​ថា ខណៈ​ពេល​ដែល​ប្រទេស​តួ​ក​គី មិន​មានទោស​ប្រហារជីវិត ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​ផ្នែក​ច្បាប់​នឹង​ត្រូវធ្វើ​ឡើង ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា​ព្រឹត្តិការណ៍​បែប​នេះ​មិន​បាន​កើត​ឡើងជា​ថ្មី​ម្តងទៀត​។

សូមរំលឹកថា ​រដ្ឋប្រហារ​យោធា​មួយនៅ​ថ្ងៃ​សៅរ៍ ទី​១៦ កក្កដា ២០១៦ នេះ ដែល​បង្ក​ឱ្យ​មានការ​ប៉ះទង្គិច​គ្នា​បង្ហូរឈាម​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល និង​ទីក្រុង​អង់កា​រ៉ា​។ អ្នក​ថតរូបរបស់ AFP ម្នាក់ បានឃើញ​ទាហាន​បើក​ការ​បាញ់ប្រហារ​ជា​ចំហ ទៅ​លើ​ហ្វូងមនុស្ស​ដែល​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ក្បែរ​ស្ពាន​មួយ នៃ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល និង Bosphorus ។

ទីភ្នាក់ងារ​របស់​រដ្ឋ​បាន​រាយការណ៍​ថា សភា​នៅ​ទីក្រុង​អង់កា​រ៉ា ត្រូវ​បាន​គេ​ទម្លាក់​គ្រាប់បែក ។ រថក្រោះ​ជា​ច្រើន​គ្រឿង​ ឃើញ​មាននៅ​តាម​ដងផ្លូវ និង​ការ​ផ្ទុះ​ជា​ច្រើន​បាន​លាន់ឮ​ឡើង នៅ​ក្នុង​ទីក្រុង​ធំ​ចំនួន​២​របស់​ប្រទេស​នេះ​ ។ ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ត្រូវ​បាញ់​ទម្លាក់ នៅ​ឯ​ទីភ្នាក់ងារ​ចារកម្ម​របស់​ប្រទេស​តួ​ក​គី ៕