ភេរវកម្ម​ទីក្រុងនីស៖ ប្រធានាធិបតី​រុស្ស៊ី ថ្លែង​សារ​អំពាវនាវ​ឲ្យ​សាមគ្គី​គ្នា​ដើម្បី​កម្ទេច​ក្រុម​ភេរវកម្ម

មួយថ្ងៃក្រោយភេរវកម្មនៅទីក្រុងនីស ភាគអាគ្នេយ៍ប្រទេសបារាំង ដែលបានសម្លាប់ជីវិតមនុស្សស្លូតត្រង់ប្រមាណជា៨៤នាក់ លោកប្រធានាធិបតីរុស្ស៊ី បានថ្លែងសារជាសារធារណៈ តាមកញ្ចក់ទូរទស្សន៍រុស្ស៊ី ដើម្បីជាការចូលរួមរំលែកទុក្ខ ដល់ប្រជាជនបារាំង ដែលបានរងនូវអំពើភេវកម្មដ៏ព្រៃផ្សៃ ជាថ្មីម្តងទៀត កាលពីយប់ថ្ងៃទី១៤ កក្កដា ដែលជាថ្ងៃបុណ្យជាតិបារាំង។ លោកប្រធានាធិបតីពូទីន បានឈ្លៀតបញ្ជាក់ ពីការសាមគ្គីរបស់រុស្ស៊ី ក្នុងការចាប់ដៃជាមួយបារាំង ព្រមទាំងបានអំពាវនាវឲ្យមានការសហការគ្នា ដើម្បីកម្ទេចក្រុមភេរវកម្មអ៊ីស្លាម។

ខ្លឹមសារ សាររំលែកទុក្ខរបស់លោក ពូទីន ប្រធានាធិបតីរុស្ស៊ី៖

“កាលពីយប់មិញនេះ យើងទាំងអស់គ្នា បានទទួលដំណឹងដ៏សែនក្រៀមក្រំពីប្រទេសបារាំង ស្តីអំពីអំពើភេរវកម្មដ៏ថោកទាបបំផុត។ ខ្ញុំយល់ ថាក្នុងកាលៈទេសៈអាសន្នបែបនេះ លោកប្រធានាធិបតីបារាំង ក៏ដូចជាអាជ្ញាធររបស់បារាំងទាំងអស់ កំពុងតែរវល់មមាញឹកណាស់ ហើយពុំមានពេលនឹងអាចនិយាយ ឆ្លើយឆ្លងតាមទូរស័ព្ទជាមួយនឹងខ្ញុំបានទេ។ ដូច្នេះហើយ ទើបខ្ញុំធ្វើសារនិយាយតាមទូរទស្សន៍ ដើម្បីថ្លែងចូលរួមរំលែកទុក្ខ ដល់ប្រជាជនបារាំង។

ហ្វ្រង់ស័រ ជាទីស្រលាញ់រាប់អាន រុស្ស៊ីដឹងនិងយល់អំពីទុក្ខសោក ដែលបណ្តាលមកពីការគំរាមកំហែងភេរវកម្ម នៅក្នុងសង្គម។ ប្រជាជនយើង បានឆ្លងកាត់ និងប្រឈមមុខ ជាច្រើនលើកច្រើនសា នូវរឿងរ៉ាវអកុសលបែបនេះ។ ប្រជាជនរុស្ស៊ីយល់យ៉ាងច្បាស់ពីសេចក្តីទុក្ខ ហើយសូមចូលរួមរំលែកទុក្ខ និងសូមបង្ហាញពីទឹកចិត្តសាមគ្គី ជាមួយប្រជាជនបារាំង ក្នុងពេលនេះ។

អំពើឧក្រិដ្ឋយង់ឃ្នង ដែលបានកើតឡើងនៅទីក្រុងនីស បានធ្វើឲ្យមានមនុស្សស្លាប់និងរបួស ជាច្រើននាក់ ហើយក្នុងនោះក៏មានជនរងគ្រោះជាជនជាតិរុស្ស៊ីផងទៀត។ នេះគឺជាអំពើមួយ ដ៏សាហាវព្រៃផ្សៃ រកប្រៀបផ្ទឹមមិនបាន។

ខ្ញុំសូមឆ្លៀតឱកាសនេះ រំលឹកជាថ្មីថា គឺមានតែការសាមគ្គីគ្នា ចាប់ដៃពួតកម្លាំងគ្នាតែមួយគត់ ដែលធ្វើឲ្យយើង អាចយកឈ្នះក្រុមភេរវកម្មដ៏ថោកទាបនេះបាន។

លោកប្រធានាធិបតី ជាទីគោរព ខ្ញុំសូមលោកទទួលយកនូវការគោរព ចូលរួមរំលែកទុក្ខ ព្រមជាមួយនឹងពាក្យពេចន៍ជម្រុញលើកទឹកចិត្ត ដល់ក្រុមគ្រួសារនៃជនរងគ្រោះ ហើយក៏សូមជូនពរ ដល់អ្នករងរបួសទាំងអស់ ឆាប់បានជាសះស្បើយឡើងវិញ”៕

ប្រភពៈ RFI


ភេរវកម្ម​ទីក្រុងនីស៖ ប្រធានាធិបតី​រុស្ស៊ី ថ្លែង​សារ​អំពាវនាវ​ឲ្យ​សាមគ្គី​គ្នា​ដើម្បី​កម្ទេច​ក្រុម​ភេរវកម្ម

ប្រទេស​អឺរ៉ុប​ជិតខាង​បារាំងប្រកាស​​​​ពង្រឹង​ការ​​​ត្រួតពិនិត្យ​ព្រំដែន​ជាប់​បារាំង​

ភេរវកម្ម​ទីក្រុងនីស៖ ប្រធានាធិបតី​រុស្ស៊ី ថ្លែង​សារ​អំពាវនាវ​ឲ្យ​សាមគ្គី​គ្នា​ដើម្បី​កម្ទេច​ក្រុម​ភេរវកម្ម

ប្រធានាធិបតី​តួ​ក​គី ទៅដល់​ក្រុង​អ៊ី​ស្តង់​ប៊ុល ខណៈ​រដ្ឋប្រហារ​យោធា​បរាជ័យ