ការ​ប្រកួត​ដ៏​ជក់​ចិត្ត ការពារ​ជាតិ​ ស្មើ​ បឹងកេត​អង្គរ​ ២-២

ក្រុម​​កំពូល​ទាំង​ពីរ​នៅ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ បឹងកេត​អង្គរ​​បាន​ស្មើ​ ក្រសួង​ការពារ​ជាតិ​ដោយ​លទ្ធផល​​២-២ ​សម្រាប់​ការ​ប្រកួត​ជើង​ទី​ពីរ​​​​ក្នុង​​សប្តាហ៍​នេះ។

 

ការ​ប្រកួត​ដ៏​ជក់​ចិត្ត ការពារ​ជាតិ​ ស្មើ​ បឹងកេត​អង្គរ​ ២-២

ក្រុម​ក្រសួង​ការពារ​ជាតិ

 

ការ​ប្រកួត​ដ៏​ជក់​ចិត្ត​​សម្រាប់​អ្នក​គាំទ្រ​ដែល​មាន​ប្រហែល​ជា​២​ពាន់​នាក់ ក្រុម​ទាំង​ពីរ​បាន​វាយ​សម្រុក​គ្នា​ទៅ​វិញ​ទៅ​មក​​ និង​រក​គ្រាប់​បាល់​បាន​ដូច​គ្នា។ នៅ​តង់​ទី​មួយ​ខ្សែ​ប្រយុទ្ធ​ Bata បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​រូប​គេ​បាន​បំប៉ោង​សំណាញ់​ទី​នៅ​នាទី​៣០​ដើម្បី​ឲ្យ​បឹងកេត​អង្គរ​នាំ​មុខ​ក្រសួង​ការពារ​ជាតិ​ ១-០ ប៉ុន្តែ​៤​នាទី​ក្រោយ​មកតារា​ល្បឿន​លេខ​១៧​ ឈិន ឈឿន​បាន​ស៊ុត​តាម​ស្មើ​ ១-១។ ​បន្ទាប់​មក​ខ្សែ​ការពារ សុខ សុវណ្ណ​ស៊ុត​បាន​១​គ្រាប់​ឲ្យ​បឹងកេង​អង្គរ​នាំ​មុខ ការពារ​ជាតិ​២-១ សម្រាប់​តង់​ទី​មួយ។

 

ការ​ប្រកួត​ដ៏​ជក់​ចិត្ត ការពារ​ជាតិ​ ស្មើ​ បឹងកេត​អង្គរ​ ២-២

 

ក្រុម​បឹងកេត​អង្គរ

 

ការ​ប្រកួត​​នៅ​តង់​ទី​ពីរ ក្រសួង​ការពារ​ជាតិ​បាន​សម្រុក​យ៉ាង​ខ្លាំង​ និង​ស៊ុត​ជា​បន្ត​បន្ទាប់។ នៅ​​ដើម​តង់​ទី​ពីរ ខ្សែ​ប្រយុទ្ធ​មក​ពី​កូរ៉េ​ខាង​ជើង​ Choe Myong Ho បាន​ស៊ុត​​បាល់​ពិន័យ​បាន​សម្រេច​​ដើម្បី​ជួយ​ឲ្យ​​ក្រសួង​ការពារ​ជាតិ​តាម​ស្មើ​បឹងកេត​អង្គរ​ ២-២ នៅ​នាទី​ទី​៤៩។ បន្ទា​ប់​​ពី​បាន​​​តាម​ស្មើ ក្រសួង​ការពារ​ជាតិ​នៅ​តែ​បន្ត​វាយ​សម្រុក និង​ស៊ុត​ចំ​គោល​​មួយ​លើក​ជា​ពីរ​​លើក ប៉ុន្តែ​អ្នក​ចាំ​ទី ស៊ូ យ៉ាទី​ជួយ​សង្គ្រោះ​បាន ខណៈ​បឹងកេត​អង្គរ​បាន​វាយ​បក​យ៉ាង​គ្រោះ​ថ្នាក់ ​ហើយ​អ្នក​ចាំ​ទី​ អ៊ុំ សេរីរ័ត្ន​ជួយ​សង្គ្រោះ​បាន​ដែរ។ លទ្ធផល ២-២ រក្សា​រហូត​ចប់​ការ​ប្រកួត​ដែល​ធ្វើ​បឹងកេត​អង្គរ​​​នៅ​តែ​ឈរ​លើ​កំពូល​តារាង និង​នាំ​មុខ​ក្រសួង​ការពារ​ជាតិ​៣​ពិន្ទុ​ដដែល។

 

ចំណែក​មួយ​គូ​ទៀត​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​ទី​លាន​វេស្ទើន ក្រុម Cambodian Tiger បាន​យក​ឈ្នះ​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ដោយ​លទ្ធផល ២-១៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​