ព្រះមហាក្សត្រ​កម្ពុជា​ ត្រាស់បង្គាប់​តែងតាំង​ ឯកអគ្គរាជទូត​ប្រចាំ​បរទេស​ចំនួន​៥​រូប​បន្ថែម​ទៀត

ព្រះមហាក្សត្រ​កម្ពុជា​ ត្រាស់បង្គាប់​តែងតាំង​ ឯកអគ្គរាជទូត​ប្រចាំ​បរទេស​ចំនួន​៥​រូប​បន្ថែម​ទៀត



ភ្នំពេញ ​៖​ មន្ត្រី​ក្រសួងការបរទេស​៥​រូប ត្រូវ​បាន​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​តែងតាំង​ជា​ឯកអគ្គរាជទូត​ថ្មី ប្រចាំ​ប្រទេស​មួយ​ចំនួន​៥ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា។

តាម​ព្រះរាជក្រឹត្យ​បាន​ឲ្យ​ដឹង​ថា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព ​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​ព្រះមហាក្សត្រ​ទាំង​៥ រូបនោះ​រួមមាន​ ៖ ទី​១-​លោក អ៊ុក ចាន់​ដា​រ៉ា បច្ចុប្បន្ន​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ឯកសារ​នៃ​ក្រសួងការបរទេស ត្រូវ​បាន​តែងតាំង ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​កម្ពុជា ប្រចាំ​ប្រទេស​ព្រុយ​ណេ​ដា​រូ​ស្សាឡា​ម​។ ទី​២- លោក សុក ជា បច្ចុប្បន្ន​អគ្គលេខាធិការ​នៃ​ក្រសួងការបរទេស ត្រូវបានតែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា​។ ទី​៣- លោក ប្រាក់ ងួន​ហេង បច្ចុប្បន្ន​ប្រធាន​នាយកដ្ឋាន​ពិធីការ នៃ​ក្រសួងការបរទេស ត្រូវ​តែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម។ ទី​៤-​លោក ហេង សុខ​ផល បច្ចុប្បន្ន​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​អាស៊ាន​នៃ​ក្រសួងការបរទេស ត្រូវ​តែងតាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​គូ​បា​។ ៥- លោក កែ វិសិដ្ឋ បច្ចុប្បន្ន​ប្រធាន​នាយកដ្ឋាន​ច្បាប់ និង​កុងស៊ុល នៃ​ក្រសួងការបរទេស​ត្រូវ​បានតែង​តាំង​ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​កម្ពុជា ប្រចាំ​សហព័ន្ធរុស្ស៊ី និង​ជា​ឯកអគ្គរាជទូត​តែងតាំង​ប្រចាំ​លី​ទុយ​អា​នី លេ​ត​តូ​នី អេស​តូ​នី ប៊ុលហ្គារី រ៉ូ​មា​នី និង​ស​ធារ​ណ​រដ្ឋ​បេឡា​រុស្ស ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង​មូស្គូ។

ជាមួយ​គ្នា​នេះ ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​ផ្លាស់ប្ដូរ​មន្ត្រី​ទូត​មួយ​ចំនួន​ផង​ដែរ​រួមមាន ទី​១-​លោក ហ៊ុល ផានី ជា​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ត្រូវ​ចូល​ប្រទេស​វិញ ដោយ​ត្រូវ​បញ្ចប់​អាណត្តិ​បេសកកម្ម ទី​២-​លោកស្រី ហៃ សុ​ន្នា​រិន្ទ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​គូ​បា​ចូល​ប្រទេស​វិញ ដោយ​ត្រូវ​បញ្ចប់​អាណត្តិ ទី​៣-​លោក ថៃ វណ្ណា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​កម្ពុជា​ប្រចាំ​សហព័ន្ធរុស្ស៊ី និង​ជា​ឯកអគ្គរាជទូត​តែងតាំង ប្រចាំ​ប្រទេស​លី​ទុយ​អា​នី លេ​ត​តូ​នី អេស​តូ​នី ប៊ុលហ្គារី រ៉ូ​មា​នី និង​សាធារណរដ្ឋ​បេឡា​រុស្ស ដែលមាន​និវេសនដ្ឋាន​នៅ​ទីក្រុង មូ​ស្គូ ចូល​ប្រទេស​វិញ ដោយ​ត្រូវ​ចប់​អាណត្តិ​បេសកកម្ម។

ជាមួយគ្នានេះ ព្រះមហាក្សត្រ​បាន​ត្រាស់បង្គាប់​តែងតាំង​លោក យោង ចាន់​សុភារ បច្ចុប្បន្ន​ទីប្រឹក្សា​ជា​តំណាង​អចិន្ត្រៃយ៍​រង​នៃ​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក មាន​ឋានៈ​ជា​អគ្គរាជទូត​ផងដែរ៕