កុងទ័រ​ភ្លើង ​ក្រុមហ៊ុន​អគ្គិសនី​ នៅ​ស្រុក​ឱរ៉ាល់​ដើរ​លឿន​ខុស​ប្រក្រតី, ​ពលរដ្ឋ​ប្រតិកម្ម

កុងទ័រ​ភ្លើង ​ក្រុមហ៊ុន​អគ្គិសនី​ នៅ​ស្រុក​ឱរ៉ាល់​ដើរ​លឿន​ខុស​ប្រក្រតី, ​ពលរដ្ឋ​ប្រតិកម្ម



កំពង់ស្ពឺ​ ៖​ ក្រុមហ៊ុន​អគ្គិសនី​ឯកជន​មួយ ដែល​កំពុង​ផ្គត់ផ្គង់​ចរន្ត​អគ្គិសនី​ជួន​ប្រជាពលរដ្ឋ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ បាន​ធ្វើឲ្យ​មានការ​ប្រតិកម្ម​ពី​អតិថិជន ​ដោយសារ​គីឡូ​ភ្លើង ( កុងទ័រ ) ដើរ​លឿន​ខុស​ប្រក្រតី។

ប្រជាពលរដ្ឋ​​​រស់នៅ ក្នុង​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱរ៉ាល់ បាន​និយាយ​ប្រាប់ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​មិថុនា ឆ្នាំ​២០១៦​នេះ​ថា កុងទ័រ​​ភ្លើង​របស់​ក្រុមហ៊ុន​អគ្គិសនី​ឱរ៉ា​ល់ ហាក់​មានការ​ដើរ​លឿន​ខុសធម្មតា។

ប្រភព​បន្តថា ក្រុមហ៊ុន​អគ្គិសនី ឱរ៉ាល់ កំពុង​ធ្វើ​ព្យុះភ្លៀង តាម​អំពើ​ចិត្ត​មក​លើ​អ្នកប្រើប្រាស់ ហើយ​ពេល​មាន​ការ​តវ៉ា ​មិន​ដែល​មាន​ដំណោះស្រាយ​ទេ សូម្បីតែ​អាជ្ញាធរ​ ពេល​ពលរដ្ឋ​សំណូមពរ​ជួយ​អន្តរាគមន៍​ ក៏​ធ្វើ​មិន​ដឹង​មិន​ឮ​ដែរ។ ប្រភព​បន្ត​ថា រឿង​កុងទ័រ​​ភ្លើង​ដើរ​លឿន​វា​បាន​កើតមាន​យូរ​ណាស់​កន្លង​មក​ហើយ ប៉ុន្តែ​ពេល​តវ៉ា​ម្តងៗ​ភាគី​ក្រុមហ៊ុន​មិនបាន​ដោះស្រាយ​ជាមួយ​អតិថិជន​របស់ខ្លួន​ឡើយ អាង​តែ​ផ្តាច់​ចរន្ត​តែម្តង។

ពួកគាត់​បាន​បន្តថា សម្រាប់​មួយ​គ្រួសារ​ប្រើ​តែ​អំពូល​២​ទៅ​៣ កង្ហារ​២ ទូរទស្សន៍​មួយ​គ្រឿង ក្នុង​មួយ​ខែ​ត្រូវ​ចំណាយ​ថ្លៃ​ភ្លើង​មិន​ក្រោម​ពី ២០​ម៉ឺន​រៀន សម្រាប់​អ្នក​ប្រើ​សន្សំសំចៃ​បំផុត។ ចំពោះ​តម្លៃ​ក្នុង​មួយ​គីឡូវ៉ាត់ ២២០០​រៀល ​បើ​ប្រៀបធៀប​ទៅ​តំបន់​ផ្សេង​ខុសត្រូវ​គ្នា​ឆ្ងាយ​ណាស់។ ប្រភព​បន្តថា រាល់​ការ​តវ៉ា​របស់​ពួកគាត់​ មិន​មាន​បញ្ហា​លើ​តម្លៃ​អគ្គិសនី ប៉ុន្មាន​នោះ​ទេ​ សំខាន់​បំផុត កុង​​ទ័រ​ប្រើប្រាស់​រាល់ថ្ងៃ​វា​ដើរ​លឿន​ខុស​ប្រក្រតី​ជ្រុល​ហួស​ហេតុ​ពេក ។ ប្រជាពលរដ្ឋ​បាន​ត្អូញត្អែរ​ថា កុងទ័រ​ភ្លើង​នៅ​ស្រុក​ឱរ៉ាល់ ស៊ី​អី​ស៊ី​ម្ល៉េះ ​លោក​អើយ វា​មិន​ដែល​ម៉ែឪ​អាណា​ប្រើ​អំពូល ទូរទស្សន៍ កង្ហារ ឆ្នាំង​បាយ​សោះ អត់​មាន​ម៉ាស៊ីនត្រជាក់ ម៉ាស៊ីន​បោកខោអាវ ទូ​ទឹកកក​ផង ក្នុង​មួយ​ខែ​អស់​ជិត ២០០kw បើ​ភ្លើង​ថ្លៃ​មធ្យម​ទេ តែ​ងំ​ត្រង់​គីឡូ​ដើរ​លឿន​ម្លឹ​ងៗ រកលុយ​បង់​មិន​បាន​ឡើយ ឡើង​អត់​ចុះ​វិញ​តា​ម៉​ង ទោះ​កាត់​បន្ថយ​ការប្រើប្រាស់ យ៉ាងណា​នៅតែ​ដដែល ដូចជា​ធ្វើបាប​អតិថិជន​ពេក​ហើយ។

ប្រជាពលរដ្ឋ​បន្ត​ថា អ្នកផ្គត់ផ្គង់​អគ្គិសនី ក្នុងស្រុក​ឱ​រ៉ា​ល់ កំពុង​ជញ្ជក់​ឈាម​អ្នកប្រើប្រាស់​ជ្រុល​ហួសហេតុ​ពេល​ក្រៃ ហើយ​បញ្ហា​អគ្គិសនី​ដាច់​ញឹកញាប់​បំផុត បើ​ពលរដ្ឋ​ហ៊ាន​តវ៉ា​ខាង​អគ្គិសនី​គំរាម​​ផ្ដាច់​ចរន្ត​មិន​ឲ្យ​ប្រើ​មិន​ខាន។ កន្លងមក​ប្រជាពលរដ្ឋ​ធ្លាប់​បាន​តវ៉ា​ទៅ​ឲ្យ​អភិបាលស្រុក​ឱរ៉ាល់​ជួយ​អន្តរាគមន៍ និង​សុំ​ធ្វើការ​ផ្លាស់ប្ដូរ​កុងទ័រ​ថ្មី ប៉ុន្តែ​ក្រុមហ៊ុន​តម្រូវឲ្យ​ទិញ​របស់​ក្រុមហ៊ុន​ដាក់​ដដែល ហើយ​ដំណោះស្រាយ​គ្មាន​សោះ ដោយ​អាជ្ញាធរ​សំងំ​ធ្វើ​មិន​ដឹង ព្រោះ​ខាង​សាលាស្រុក​ជំពាក់​ថ្លៃ​ភ្លើង​ច្រើន។

លោក​ស្នា ជា​អ្នកប្រើប្រាស់​បណ្តាញអគ្គិសនី ក្នុងស្រុក​ឱ​រ៉ា​ល់ បាន​មានការ​ប្រតិកម្ម​ចំពោះ​ករណី​នាឡិកា​វាស់​អគ្គិសនី​វា​ដើរ​លឿន​ជ្រុល ហួសហេតុ​ពេក​ មាន​អ្នកខ្លះ​បាន​ឈប់ សម្រាប់​ផ្ទះ​របស់​គាត់​ប្រើ​តែ​កង្ហារ អំពូល​ភ្លើង ៤ ទៅ ៥ ទូរទស្សន៍ និង​ឆ្នាំង​ដាំបាយ មិន​មាន​ប្រើ​ម៉ាស៊ីនត្រជាក់ ​ម៉ាស៊ីន​បោក​គក់​ផង ក្នុង​មួយ​ខែៗ​ត្រូវ​ចំណាយ​ប្រាប់​អស់​ជាង ១​លាន​រៀល អស់​ច្រើនជាង​កន្លែង​ធ្វើ​អាជីវកម្ម​ទៅទៀត។ ប្រភព​បន្តថា មាន​ប្រជាពលរដ្ឋ​ខ្លះ​ប្រើ​ភ្លើង​អស់​ច្រើនជាង​នេះ​មិនគួរ​ឲ្យ​ជឿ​សោះ ដូច្នេះ​អាជ្ញាធរ ស្រុក ខេត្ត​ក៏​ដូចជា​អគ្គិសនី​កម្ពុជា​មេត្តា​ជួយ​ពិនិត្យ​បញ្ហា​កុងទ័រ​ភ្លើង​របស់ ក្រុមហ៊ុន​អគ្គិសនី​ឱរ៉ាល់​នេះ​ផង ​ជញ្ជក់​ឈាម​រាស្ត្រ​ពេក​ហើយ។

សូម​រំលឹក​ថា ជុំវិញ​ការ​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ ទៅលើ​កុងទ័រ​អគ្គិសនី​នៅ​ស្រុក​ឱ​រ៉ា​ល់​ដើរ​លឿន​ជ្រុល​ហួសហេតុ​នោះ មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ភាគី​តំណាង​ក្រុមហ៊ុន ​ដែល​ទទួល​សិទ្ធិ​ផ្គត់ផ្គង់​បានឡើយ ប៉ុន្តែ​មន្ត្រី​សាលាស្រុក​ម្នាក់​បង្ហើប​ថា បញ្ហា​កុងទ័រ​ភ្លើង​ដើរ​លឿន​ប្រជាពលរដ្ឋ​បាន​តវ៉ា និង​ស្នើ​​សុំ​ឲ្យជួយ​ដោះស្រាយ​ជា​ញឹកញាប់​មែន ហើយ​កន្លងមក​ខាង​ស្រុក​ ក៏​ជំពាក់​ថ្លៃ​ភ្លើង​ក្រុមហ៊ុន​ច្រើន​ដែរ ដូច្នេះ​មានតែ​តាម​ដំណើរ​សិន​ទម្រាំ​បណ្ដាញ​អគ្គិសនី​រដ្ឋ​ចូល​ដល់​អាច​ធូរ ព្រោះ​ពេលនេះ​ខាង​អគ្គិសនី​កម្ពុជា​កំពុងតែ​មមាញឹក​ក្នុង​ការ​រាយ​បណ្ដាញ យ៉ាង​យូរ​ដើម​ឆ្នាំ​២០១៧៕

កុងទ័រ​ភ្លើង ​ក្រុមហ៊ុន​អគ្គិសនី​ នៅ​ស្រុក​ឱរ៉ាល់​ដើរ​លឿន​ខុស​ប្រក្រតី, ​ពលរដ្ឋ​ប្រតិកម្ម

កុងទ័រ​ភ្លើង ​ក្រុមហ៊ុន​អគ្គិសនី​ នៅ​ស្រុក​ឱរ៉ាល់​ដើរ​លឿន​ខុស​ប្រក្រតី, ​ពលរដ្ឋ​ប្រតិកម្ម

កុងទ័រ​ភ្លើង ​ក្រុមហ៊ុន​អគ្គិសនី​ នៅ​ស្រុក​ឱរ៉ាល់​ដើរ​លឿន​ខុស​ប្រក្រតី, ​ពលរដ្ឋ​ប្រតិកម្ម

កុងទ័រ​ភ្លើង ​ក្រុមហ៊ុន​អគ្គិសនី​ នៅ​ស្រុក​ឱរ៉ាល់​ដើរ​លឿន​ខុស​ប្រក្រតី, ​ពលរដ្ឋ​ប្រតិកម្ម

កុងទ័រ​ភ្លើង ​ក្រុមហ៊ុន​អគ្គិសនី​ នៅ​ស្រុក​ឱរ៉ាល់​ដើរ​លឿន​ខុស​ប្រក្រតី, ​ពលរដ្ឋ​ប្រតិកម្ម